នេះជាសកម្មភាពកិច្ចការបរទេសពហុភាគីជាផ្លូវការទ្រង់ទ្រាយធំក្នុងឆ្នាំ ២០២៣ ដែលលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួម។ ការដែលលោក Pham Minh Chinh ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នេះមិនត្រឹមតែបង្ហាញពីការគាំទ្ររបស់វៀតណាមចំពោះឥណ្ឌូនេស៊ីក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២៣ ប៉ុណ្ណោះទេ ថែមទាំងមានគោលបំណងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ និងគោលការណ៍ណែនាំចំពោះកិច្ចការបរទេសដែលបានកំណត់ដោយមហាសន្និបាតបក្សលើកទី១៣ ស្តីពី “ការបន្តជំរុញ និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ”។ ក្នុងនាមជាកិច្ចប្រជុំផ្លូវការលើកដំបូងនៃឆ្នាំប្រធានអាស៊ានឆ្នាំ ២០២៣ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ បានប្រព្រឹត្តទៅក្នុងបរិបទដែលស្ថានភាពពិភពលោក និងតំបន់បន្តមានភាពស្មុគស្មាញ ដោយមានហានិភ័យដែលអាចកើតមានឡើងជាច្រើន។ ការប្រកួតប្រជែងជាយុទ្ធសាស្ត្រក្នុងចំណោមប្រទេសធំៗមាននិន្នាការកើនឡើង។ ទោះបីជាសេដ្ឋកិច្ចពិភពលោកបានបង្ហាញពីសញ្ញានៃការងើបឡើងវិញបន្ទាប់ពីជំងឺរាតត្បាត Covid-19 ក៏ដោយក៏អត្រានៃកំណើនទាំងមូលនៅតែទាប និងមានភាពមិនច្បាស់លាស់។

leftcenterrightdel
សាធារណរដ្ឋឥណ្ឌូនេស៊ីជាប្រធានប្តូរវេណអាស៊ានឆ្នាំ២០២៣

ជាមួយអាស៊ាន សមាគមកំពុងខិតខំប្រឹងប្រែងដើម្បីបញ្ចប់ផែនការមេឆ្នាំ ២០២៥ ស្តីពីសសរស្តម្ភទាំងបីគឺនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌-សង្គម ហើយរៀបចំសម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍជាមួយនឹងការកសាងចក្ខុវិស័យនៃ​សហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ដោយផ្តោតលើការពង្រឹងសមត្ថភាពស្ថាប័ន ជំរុញកិច្ចសហប្រតិបត្តិការតាមនិន្នាការសំខាន់ៗនាពេលបច្ចុប្បន្នដូចជា៖ ការងើបឡើងវិញប្រកបដោយបរិយាប័ន្ន  ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចរាងជារង្វង់ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ អាស៊ានបន្តមានជំហរយ៉ាងម៉ឺងម៉ាត់ និងបង្ហាញខ្លួនជាតួអង្គស្នូលនៅក្នុងស្ថាបត្យកម្មក្នុងតំបន់ ដូចដែលបានបង្ហាញតាមរយៈគំនិតផ្តួចផ្តើម និងសំណើដែលបានធ្វើឡើងដោយដៃគូមួយចំនួន ដូចជាការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងការអនុវត្តនូវខ្លឹមសារអាទិភាពនានា។ ទោះជាយ៉ាងណាក៏ដោយត្រូវតែទទួលស្គាល់ថា ខណៈពេលដែលសាមគ្គីភាពក្នុងប្លុក និងមជ្ឈភាពរបស់អាស៊ាននៅតែបន្តត្រូវបានលើកកម្ពស់ ប៉ុន្តែក៏សមាគមកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនទាំងពីក្នុងនិងក្រៅផងដែរ។

ក្នុងបរិបទបែបនោះ កិច្ចប្រជុំកំពូលអាស៊ានទី ៤២ គឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំប្រទេសជាសមាជិកពិភាក្សា និងកំណត់ទិសដៅពង្រឹងសហគមន៍ និងលើកកំពស់ស្មារតីខ្លួនទីពឹងខ្លួនឱ្យកាន់តែរឹងមាំ  លើកស្ទួយសមត្ថភាពក្នុងការសម្របខ្លួន និងលើកកម្ពស់មជ្ឈភាពរបស់សមាគមក្នុងការប្រឈមមុខនឹងភាពស្មុគស្មាញ និងការប្រែប្រួលនាពេលបច្ចុប្បន្ន។

ប្រវត្តិសាស្ត្ររយៈពេលជាង ៥៥ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍរបស់អាស៊ានបានបង្ហាញឱ្យឃើញថា បន្ទាប់ពីការលំបាក បញ្ហាប្រឈមនិងវិបត្តិនីមួយៗ អាស៊ានមានភាពរឹងមាំជាងមុន ដូច្នេះហើយឥឡូវនេះ វាអាចមានមោទនភាពក្នុងការក្លាយជាគំរូជោគជ័យនៃការធ្វើសមាហរណកម្មតំបន់។ សមិទ្ធផលនានាគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អាស៊ានក្នុងការកសាងសហគមន៍ឯកភាព រឹងមាំ វិបុលភាព និងមានភាពធន់ជាមួយនឹងតួនាទី និងជំហរអន្តរជាតិខ្ពស់ដើម្បីផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា។

អំឡុងពេល ៣០ ឆ្នាំបន្ទាប់ពីបានចូលរួមជា "ដំបូលរួម" របស់អាស៊ាន រហូតមកដល់ពេលនេះ វៀតណាមបានបង្ហាញថាខ្លួនឯងជាផ្នែកដែលមិនអាចកាត់ផ្តាច់ពីគ្នាបាននៃអាស៊ាន និងតំបន់អាស៊ីអាគ្នេយ៍ ដោយភ្ជាប់ទំនាក់ទំនងការអភិវឌ្ឍរបស់ប្រទេសជាមួយអាស៊ាន។ គោលនយោបាយចំពោះអាស៊ានក៏បានក្លាយជាផ្នែកសំខាន់នៃគោលនយោបាយការបរទេសរបស់​វៀត​ណាមផងដែរ។ វៀតណាមជានិច្ចកាលសកម្ម និងមានការទទួលខុសត្រូវនៅពេលចូលរួមក្នុងការងាររបស់សមាគម រួមជាមួយនឹងប្រទេសជាសមាជិកនានាដើម្បីរក្សា និងលើកកំពស់វិធីសាស្រ្តប្រកបដោយតុល្យភាព និងសុខដុមរមនាចំពោះបញ្ហាតំបន់ និងអន្តរជាតិ លើកកម្ពស់ការទទួលខុសត្រូវ និងសំឡេងរបស់អាស៊ានសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ដោយស្មារតីនៃគំនិតផ្តួចផ្តើម ភាពវិជ្ជមាន ភាពស្មោះត្រង់ ទំនុកចិត្ត ទំនួលខុសត្រូវ ភាពបត់បែន និងគំនិតច្នៃប្រឌិត វៀតណាមបាន និងកំពុងបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាពជាមួយបណ្តាប្រទេសជាសមាជិកដើម្បីពង្រឹងសាមគ្គីភាពក្នុងប្លុក ឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមនានា បង្ហាញពីតួនាទី រូបភាពនិងកិត្យានុភាពរបស់អាស៊ាន ដោយហេតុនេះបន្តសរសេរជំពូកជោគជ័យនៃសមាគម រួមចំណែកយ៉ាងសំខាន់ចំពោះសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងក្នុងពិភពលោក៕

បកប្រែដោយ Minh Trung