ជ័យជម្នះភ្លូកទឹក ភ្លូកដីរបស់កងទ័ពក្រហមសូវៀត និងបណ្តាប្រទេសសម្ព័ន្ធមិត្តលើពួកណាស៊ីអាល្លឺម៉ង់បានចារិកទុកជារៀងរហូតក្នុងទំព័រប្រវត្តិសាស្ត្រពិភពលោក ជាវីរភាពដ៏អស្ចារ្យមួយក្នុងសតវត្សទី ២០ ដោយបង្កើតនូវមូលដ្ឋានដ៏សំខាន់មួយដើម្បីបញ្ចប់សង្គ្រាមលោកលើកទី ២ ដែលជាសង្រ្គាមដ៏ឃោរឃៅ បង្ហូរឈាម និងឈឺចាប់បំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

leftcenterrightdel
កងទ័ព​ក្រហម​លើក​ទង់​ជ័យ​ជម្នះ​លើ​ដំបូល​សភា​អាល្លឺម៉ង់ នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​១៩៤៥។ រូបភាព Getty

ក្រឡេកទៅមើលប្រវត្តិសាស្ត្រវិញ ការបង្កើតសម្ព័ន្ធភាពប្រឆាំងហ្វាស៊ីស គឺជានិមិត្តរូបដ៏ភ្លឺស្វាងនៃសាមគ្គីភាពជាតិ ដែលទោះបីជាមានមនោគមវិជ្ជាខុសគ្នាក៏ដោយ ក៏រួមគ្នាកម្ចាត់ការបំផ្លិចបំផ្លាញដ៏គ្រោះមហន្តរាយនៃពួកហ្វាស៊ីសនិយម។ នោះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលរហូតមកដល់សព្វថ្ងៃនេះ គ្មានប្រទេសណា ឬបុគ្គលណាប្រឆាំងនោះឡើយ ពីព្រោះជ័យជម្នះនោះបានបញ្ចាំងពន្លឺលើអនាគតមនុស្សជាតិ។

ការបរាជ័យនៃហ្វាស៊ីសនិយមនៅសតវត្សរ៍ទី ២០ បានផ្លាស់ប្តូរស្ថានភាពពិភពលោក ហើយជាមូលដ្ឋានសម្រាប់ជោគជ័យនៃបដិវត្តន៍រំដោះជាតិជាច្រើន ការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមជុំវិញពិភពលោក។ ប្រជាជននៅក្នុងបណ្តាប្រទេសក្រោមនឹមអាណានិគមជុំវិញពិភពលោកនៅពេលនោះបានក្រោកឡើងយ៉ាងខ្លាំងដើម្បីប្រយុទ្ធប្រឆាំងនឹងចក្រពត្តិនិយម និងអាណានិគមនិយម ហើយទទួលបានឯករាជ្យជាតិ។ ដោយទទួលបានកម្លាំងចិត្តពីជ័យជំនះជាប្រវត្តិសាស្ត្រនោះ ប្រជាជនវៀតណាមក្រោមការដឹកនាំរបស់បក្ស និងប្រធានហូជីមិញ បានរួបរួមគ្នាធ្វើការបះបោរក្រោកឈរឡើងដើម្បីដណ្តើមអំណាច បង្កើតជ័យជំនះដ៏ត្រចះត្រចង់នៃបដិវត្តខែសីហា ឆ្នាំ១៩៤៥ ផ្តល់កំណើតដល់សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម បើកយុគសម័យឯករាជ្យជាតិ សេរីភាព និងសង្គមនិយម។

ទន្ទឹមនឹងនោះ ជ័យជំនះនៃសង្គ្រាមប្រឆាំងនឹងហ្វាស៊ីសនិយម ក៏បានបង្កើតមូលដ្ឋានគ្រឹះនៃយន្តការសហប្រតិបត្តិការពហុភាគីក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ជាពិសេសការកកើតរបស់អង្គការសហប្រជាជាតិ ជាមួយនឹងគោលការណ៍អំពីទំនាក់ទំនងអន្តរជាតិ ដូចជាការគោរពសមភាព សិទ្ធិសម្រេចដោយខ្លួនឯងនៃប្រជាជាតិនីមួយៗ ការដោះស្រាយជម្លោះដោយសន្តិវិធី ... ការរួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំសណ្តាប់ធ្នាប់ពិភពលោក។

ជារៀងរាល់ឆ្នាំ ឱ្យតែនៅក្នុងថ្ងៃដំបូងនៃខែឧសភា ប្រទេសជាច្រើនប្រារព្ធសកម្មភាពជាច្រើនសម្រាប់រំលឹកទិវាជ័យជំនះលើហ្វាស៊ីសនិយម ជាឱកាសមួយដើម្បីក្រឡេកមើលវីរភាពអមតៈនៃប្រវត្តិសាស្ត្រក្នុងសតវត្សទី ២០ និងបង្ហាញក្តីគោរពដល់ការរួមចំណែក និងការលះបង់ដ៏ធំសម្បើមរបស់កងកម្លាំងប្រជាធិបតេយ្យ និងសន្តិភាព ក្នុងនោះរួមទាំងកងទ័ព និងប្រជាជនសូវៀតក្នុងការរំដោះមនុស្សជាតិពីគ្រោះមហន្តរាយហ្វាស៊ីស នាំមកនូវសន្តិភាពដល់ពិភពលោក។ វាជាកិត្តិយស និងមោទនភាពដែលក្នុងការតស៊ូប្រឆាំងហ្វាស៊ីសនាពេលកន្លងមក មានយុទ្ធជនស្ម័គ្រចិត្តវៀតណាមដែលបានចូលរួមដោយផ្ទាល់ក្នុងសមរភូមិការពារទីក្រុងមូស្គូក្នុងឆ្នាំ ១៩៤១ ហើយភាគច្រើនក្នុងចំណោមនោះបានលះបង់ជីវិតយ៉ាងអង់អាចក្លាហាន ដោយបន្សល់ទុកនូវឈាមស្រស់សាច់ស្រស់នៅលើទឹកដីសូវៀតវីរភាព។

បច្ចុប្បន្ននេះ ហ្វាស៊ីសនិយមចាស់បានរលត់ទៅហើយ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបានក្លាយជាចរន្តសំខាន់នៃសម័យកាល។ ទោះជាយ៉ាងណាក៏ដោយ សំឡេងរោទិ៍ដាស់តឿនព្រមានគ្រោះថ្នាក់មួយត្រូវបានបន្លឺឡើងសម្រាប់មនុស្សជាតិ នៅពេលដែលកន្លែងមួយចំនួននៅលើពិភពលោកបានកកើតឡើងគ្រាប់ពូជថ្មីនៃលទ្ធិហ្វាស៊ីសនិយមថ្មី ជាតិនិយមជ្រុល ការរើសអើងជាតិសាសន៍បានផុសឡើង... ផលវិបាកគឺអស្ថិរភាព ជម្លោះ សង្គ្រាម ការឈឺចាប់នៅកន្លែងជាច្រើនលើពិភពលោក ដែលមនុស្សជាតិស្រឡាញ់សន្តិភាពត្រូវតែបន្តរួបរួមគ្នា និងប្រយុទ្ធដើម្បីលុបបំបាត់បញ្ហាប្រឈមទាំងនេះ។ មេរៀនដ៏ឈឺចាប់ពីការប្រយុទ្ធប្រឆាំងនឹងហ្វាស៊ីសក្នុងអតីតកាលនៅតែមានតម្លៃសម្រាប់ពិភពលោកបច្ចុប្បន្ន។

មេរៀនប្រវត្តិសាស្ត្រគឺត្រូវតែលុបបំបាត់ កម្ចាត់ហ្វាស៊ីសនិយមតាំងពីឫសគល់របស់វានៅតែមានតម្លៃ។ ឆ្លៀតក្នុងឱកាសនេះ យើងទាំងអស់គ្នាគប្បីតែពិនិត្យមើលប្រវត្តិសាស្រ្ត ដើម្បីកុំឲ្យភ្លេចឧក្រិដ្ឋកម្មនៃហ្វាស៊ីសនិយម ហើយកុំឲ្យប្រវត្តិសាស្ត្រសោកនាដកម្មនេះកើតឡើងម្តងទៀតក្នុងសង្គមមនុស្សជាតិឈឿនលឿននេះ។

បកប្រែដោយ Minh Trung