ប្រវត្តិសាស្ត្រដ៏យូរអង្វែងបានបង្ហាញពីប្រពៃណីសាមគ្គីភាព ស្អិតរមួត រួមសុខរួមទុក្ខ និងជួយគ្នាទៅវិញទៅមករវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជន​នៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងជាប្រភពកម្លាំងដ៏ធំធេងសម្រាប់បុព្វហេតុរំដោះជាតិ ក៏ដូចជាការការពារ និងការកសាង និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា បានរក្សាការអភិវឌ្ឍយ៉ាងស្ថិរភាព ជាមួយនឹងចំណុចភ្លឺ និងប្រសិទ្ធភាពក្នុងវិស័យជាច្រើន ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ ទំនាក់ទំនងនយោបាយបន្តដើរតួនាទីយ៉ាងសំខាន់ ហើយកិច្ចសហប្រតិបត្តិការតាមរយៈបណ្តាញបក្សបន្តតម្រង់ទិសទំនាក់ទំនងទ្វេភាគី ជាពិសេសចាប់តាំងពីលោក To Lam អគ្គលេខាបក្ស និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាសហប្រធាន​នៃកិច្ចប្រជុំ​កំពូល​ទេ្វភាគី​​រវាងគណ​បក្សទាំងពីរនៅទីក្រុងហូជីមិញកាលពីខែកុម្ភៈ ឆ្នាំ២០២៥។ ភាគីទាំងពីរបានរក្សាកិច្ចប្រជុំ​កំពូល និង​គ្រប់លំដាប់ថ្នាក់ជាច្រើនក្នុងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជានៅវេទិកាពហុភាគី។ យន្តការសហប្រតិបត្តិការសំខាន់ៗត្រូវបានរៀបចំជាប្រចាំ និងប្រកបដោយប្រសិទ្ធភាព។

leftcenterrightdel
លោក To Lam អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា (រូបថត៖ vov)

រហូតមកដល់បច្ចុប្បន្ន កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខបន្តជាសសរស្តម្ភ កាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពក្នុងទំនាក់ទំនង​វៀត​ណាម-កម្ពុជា ជាពិសេសការសម្របសម្រួលក្នុងការធានាសន្តិសុខរួមតាមព្រំដែន និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនរវាងកម្លាំងសមត្ថកិច្ចនៃភាគីទាំងពីរ។

កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានពង្រីកដោយការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក្នុងនោះ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១១,៣៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ កើនឡើងជិត ១២% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ ហើយភាគីទាំងពីរសម្របសម្រួលយ៉ាងសកម្មដើម្បីសម្រេចបាននូវគោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ២០ ពាន់លានដុល្លារអាមេរិកនាពេលឆាប់ៗនេះ។ បច្ចុប្បន្ននេះវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទីបីរបស់កម្ពុជា (បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក) និងជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជានៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

លើសពីនេះ វិស័យសហប្រតិបត្តិការផ្សេងទៀតដូចជា អប់រំនិងបណ្តុះបណ្តាល គមនាគមន៍និងដឹកជញ្ជូន វប្បធម៌ សុខាភិបាល និងទូរគមនាគមន៍ក៏បានជំរុញយ៉ាងខ្លាំងផងដែរ។ កិច្ចសហប្រតិបត្តិការរវាងអង្គការមហាជនត្រូវបានរក្សា និងមានការផ្លាស់ថ្មីៗនូវទម្រង់។ ប្រទេសទាំងពីរក៏សហការយ៉ាង​ជិតស្និទ្ធនៅវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ ជាពិសេសអង្គការសហប្រជាជាតិ អាស៊ាន និងយន្តការដឹកនាំដោយអាស៊ាន និងយន្តការសហប្រតិបត្តិការមហាអនុតំបន់មេគង្គ ដែលរួមចំណែកលើកកម្ពស់កិត្យានុភាពនៃប្រទេសនីមួយៗនៅក្នុងតំបន់ និងពិភពលោក។

ប្រទេសឡាវ និងកម្ពុជា គឺជាប្រទេសពីរដំបូងគេដែលលោក To Lam អគ្គលេខាបក្ស អញ្ជើញទៅបំពេញទស្សនកិច្ចនៅឆ្នាំ ២០២៦ បន្ទាប់​ពី​មហាសន្និបាតលើកទី ១៤ របស់បក្ស ដែលបង្ហាញសាជាថ្មីនូវការយកចិត្ដទុកដាក់យ៉ាងខ្លាំង និងអាទិភាពខ្ពស់បំផុតរបស់បក្ស និងរដ្ឋវៀតណាមចំពោះប្រទេស​ជិតខាងទាំងពីរនេះ។ នេះក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំកំពូលនៃគណ​បក្សទាំងពីរ និងរដ្ឋទាំងពីរវៀតណាម និងកម្ពុជា ពង្រឹងបន្ថែមទៀតនូវទំនុកចិត្ត និងពិភាក្សាដើម្បីធ្វើឲ្យទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព​យូរអង្វែងរវាងប្រទេសទាំងពីរទទួលបានផ្លែផ្កាថ្មីថែមទៀត។

ចំណុចលេចធ្លោក្នុងដំណើរទស្សនកិច្ចនេះគឺលោក To Lam អគ្គលេខាបក្ស នឹងអញ្ជើញជាសហ​ប្រធាន​នៃកិច្ចប្រជុំ​កំពូលទេ្វភាគី​រវាងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងអញ្ជើញជាសហប្រធាន​នៃកិច្ចប្រជុំ​កំពូលត្រីភាគី​រវាងអ្នកដឹកនាំ​កំពូល​គណបក្សទាំងបី វៀតណាម កម្ពុជា និងឡាវ។ អាស្រ័យហេតុនេះ បង្ហាញថា បក្សកុម្មុយនិស្ដវៀតណាមតែងតែកំណត់ថា ឡាវ និងកម្ពុជា មានសារៈសំខាន់ជាយុទ្ធសាស្ត្រពិសេសសម្រាប់ស្ថិរភាព និងការអភិវឌ្ឍរបស់វៀតណាម ព្រមទាំងបង្ហាញពីចក្ខុវិស័យរួមរបស់ថ្នាក់ដឹកនាំកំពូលនៃគណ​បក្សទាំងបី និងរដ្ឋទាំងបីសម្រាប់ការរក្សា  បន្ដពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព រវាងប្រទេសឥណ្ឌូចិន​ទាំងបីនៅក្នុងដំណាក់កាលថ្មី។

យើងជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចលើកនេះរបស់លោក To Lam អគ្គលេខាបក្ស នឹងរួមចំណែកដល់ការពង្រឹងមូលដ្ឋានគ្រឹះនយោបាយដ៏រឹងមាំសម្រាប់ទំនាក់ទំនងវៀតណាម-កម្ពុជា បន្តទំព័រប្រវត្តិសាស្ត្រនូវសាមគ្គីភាព មិត្តភាព និងស្អិតរមួតរវាងគណ​បក្សទាំងពីរ និងរដ្ឋទាំងពីរ ក៏ដូចជាគណ​បក្សទាំងបី និងរដ្ឋទាំងបីគឺវៀតណាម ឡាវ និងកម្ពុជា ព្រមទាំងបើកដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាឆ្ពោះទៅគោលដៅរីកចម្រើន និងវិបុលភាព៕

បកប្រែដោយ Pham Diep