ព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយនៅក្នុងវិស័យនយោបាយ-សង្គមនៃប្រទេសឡាវ
កប.អនឡាញ - មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមករា នៅទីក្រុងវៀងចន្ទន៍ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយក្នុងវិស័យនយោបាយ-សង្គមរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបើកដំណាក់កាលថ្មីនៃការអភិវឌ្ឍសម្រាប់បដិវត្តន៍ឡាវ។
មហាសន្និបាតលើកទី១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវ បានប្រព្រឹត្តទៅក្នុងបរិយាកាសដែលបក្ស រដ្ឋ និងប្រជាជនឡាវរៀបចំដោយជោគជ័យនូវសកម្មភាពរំលឹកខួបលើកទី៧០ នៃការបង្កើតបក្សប្រជាជនបដិវត្តន៍ឡាវ (ថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៥៥ / ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥) ខួបលើកទី៥០ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥ / ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥) និងខួបលើកទី១០៥ នៃទិវាកំណើតរបស់លោកប្រធាន Kaysone Phomvihane (ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩២០ / ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥)។
ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ប្រជាជនឡាវបានប្រយុទ្ធយ៉ាងក្លាហាន និងបញ្ចប់ការតស៊ូរំដោះជាតិដោយជោគជ័យ ហើយបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥ ដោយនាំប្រទេសឈានចូលក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍ យុគសម័យនៃសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវិបុលភាព។
ចាប់ពីជ័យជម្នះដ៏អស្ចារ្យនេះ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ជាពិសេសក្នុងរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្ដូរថ្មី និងរយៈពេល ៥ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១១ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរយៈពេលប្រាំឆ្នាំលើកទី៩ បក្សប្រជាជនបដិវត្តន៍ឡាវបានដឹកនាំប្រជាជនឡាវឲ្យយកឈ្នះលើបញ្ហាប្រឈមជាច្រើន ខិតខំប្រឹងប្រែងដោយឥតឈប់ឈរក្នុងការកសាង និងការពារមាតុភូមិ សម្រេចបាននូវសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ។ សេដ្ឋកិច្ចសង្គមអភិវឌ្ឍប្រកបដោយស្ថិរភាព ជីវភាពរស់នៅរបស់ប្រជាជនបានប្រសើរឡើងជាបន្តបន្ទាប់ សន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមត្រូវបានរក្សា តួនាទីនិងកិត្យានុភាពរបស់ប្រទេសនៅលើឆាកអន្តរជាតិត្រូវបានលើកកម្ពស់។
    |
 |
|
មជ្ឈមណ្ឌលសន្និសីទជាតិឡាវ មុនពេលបើកមហាសន្និបាតរបស់បក្ស (រូបថត៖ pasaxon.org.la) |
ទំនាក់ទំនងវៀតណាម-ឡាវ គឺជាគំរូ និងកម្រមាននៅក្នុងពិភពលោក។ ក្នុងនាមជាប្រទេសជិតខាងជិតស្និទ្ធ ប្រទេសទាំងពីរបានបង្កើត និងពូនជ្រំប្រពៃណីសាមគ្គីភាព និងជិតស្និទ្ធដ៏យូរអង្វែង។ ជាពិសេស ចាប់តាំងពីការបង្កើតរបស់បក្សកុម្មុយនិស្តឥណ្ឌូចិននិងក្រោយមកគឺបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ ទំនាក់ទំនងនេះត្រូវបានពង្រីក និងអភិវឌ្ឍ ដោយបង្កើតកម្លាំងចលករសម្រាប់ប្រជាជននៃប្រទេសទាំងពីរយកឈ្នះលើការលំបាក បញ្ហាប្រឈម និងសត្រូវទាំងអស់ ដឹកនាំប្រទេសទាំងពីរទៅកាន់ច្រាំងនៃភាពរុងរឿង។
បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែមានមោទនភាពដែលមានមិត្តឡាវដ៏ស្មោះត្រង់ រឹងមាំ និងមានទិសដៅរួម។ សមិទ្ធផលដែលប្រជាជនឡាវ សម្រេចបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ មិនត្រឹមតែមានអត្ថន័យពិសេសសម្រាប់បុព្វហេតុបដិវត្តន៍ឡាវប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងចលករ និងការលើកទឹកចិត្តសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាមក្នុងការតស៊ូ ការកសាង ការការពារ និងការអភិវឌ្ឍប្រទេសរបស់ខ្លួនផងដែរ។
យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងមានមោទនភាពដោយឃើញថា ទន្ទឹមនឹងសមិទ្ធផលជាប្រវត្តិសាស្ត្រដែលបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរសម្រេចបាននាពេលកន្លងមកនេះ ទំនាក់ទំនងវៀតណាម-ឡាវ ដែលបង្កើតឡើងដោយលោកប្រធានហូជីមិញ លោកប្រធាន Kaysone Phomvihane និងលោកប្រធាន Souphanouvong ហើយត្រូវបានពូនជ្រំដោយមនុស្សគ្រប់ជំនាន់នៃប្រទេសទាំងពីរ ត្រូវបានពង្រឹង និងអភិវឌ្ឍយ៉ាងស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ ក្លាយជា "មិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្រ" ដែលរួមចំណែកយ៉ាងសំខាន់ដល់ការផ្លាស់ប្តូរថ្មី ការកសាង និងការការពារមាតុភូមិរបស់ប្រទេសនីមួយៗ។
ក្នុងនាមជាសមមិត្ត និងបងប្អូនជិតស្និទ្ធ បក្ស រដ្ឋ និងប្រជាជនវៀតណាម សូមជូនពរមហាសន្និបាតលើកទី១២ នៃបក្សប្រជាជនបដិវត្តន៍ឡាវ បញ្ចប់ដោយជោគជ័យ ដាក់ទិសដៅយុទ្ធសាស្ត្រសំខាន់ៗ ជម្រុញការអនុវត្តព្រមៗគ្នានូវការផ្លាស់ប្ដូរថ្មី ពង្រឹងមហាសាមគ្គីជាតិ ធានាស្ថិរភាពនយោបាយ និងសង្គម ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងសកម្ម ធ្វើឲ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជន និងអភិវឌ្ឍប្រទេសឡាវឆ្ពោះទៅសង្គមនិយម៕
បកប្រែដោយ Thuy Anh