អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីលើកឡើងនូវអត្ថន័យនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរបស់លោក To Lam អគ្គលេខាបក្ស  និងជាប្រធានរដ្ឋ  ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសាបានទេ?

លោក Nguyen Minh Vu អនុរដ្ឋមន្ត្រី៖ នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ក្នុងឋានៈជាមេដឹកនាំខ្ពស់របស់បក្ស និងរដ្ឋ ដែលធ្វើឡើងបន្ទាប់ពីរយៈពេល ១ ឆ្នាំនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន (ចាប់ពីថ្ងៃទី ១៤-១៥ ខែមេសា ឆ្នាំ ២០២៥)។

ដំណើរទស្សនកិច្ចនេះមានអត្ថន័យពិសេសបីយ៉ាង៖ ទីមួយ ដំណើរទស្សនកិច្ចនេះ បង្ហាញពីការចាប់ផ្តើមថ្មីនៅក្នុងទំនាក់ទំនងទ្វេភាគី នៅពេលដែលប្រទេសទាំងពីរឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី៖ វៀតណាមឈានចូលយុគសម័យអភិវឌ្ឍន៍ថ្មី បន្ទាប់ពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមដោយជោគជ័យ ខណៈដែលប្រទេសចិនចាប់ផ្តើមអនុវត្តផែនការប្រាំឆ្នាំលើកទី ១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ការដែលប្រទេសទាំងពីររៀបចំដំណើរទស្សនកិច្ចនេះបង្ហាញពីការឲ្យតម្លៃ និងការប្តេជ្ញាចិត្តខ្ពស់របស់ភាគីទាំងពីរក្នុងការអភិវឌ្ឍទំនាក់ទំនង "ជាមិត្តភាពផង និងជាបងប្អូនផង" កាន់តែចីរភាព ស្ថិរភាព និងមានប្រសិទ្ធភាពនាពេលខាងមុខ។

ទីពីរ ដំណើរទស្សនកិច្ចនេះគឺជាឱកាសដ៏សំខាន់ដើម្បីលើកកម្ពស់ការតភ្ជាប់ជាយុទ្ធសាស្ត្រ និងបង្កើតកម្ពស់កម្រិតថ្មីមួយសម្រាប់ទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរនឹងរួមគ្នាកំណត់ទិសដៅថ្មីៗ និងការអភិវឌ្ឍក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ កិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់ផលិតកម្ម អប់រំនិងបណ្តុះបណ្តាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយខិតខំសម្រេចបានគោលដៅអភិវឌ្ឍន៍ និងសេចក្តីប្រាថ្នារបស់ប្រទេសនីមួយៗ។

ទីបី គឺដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដល់ការពង្រឹងទំនុកចិត្តខាងនយោបាយ បង្កើនដំណោះស្រាយដើម្បីដោះស្រាយរាល់បញ្ហា និងឧបសគ្គមួយចំនួនដែលនៅសេសសល់ បង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការនៅមូលដ្ឋាន អាស្រ័យហេតុនេះ រួមចំណែកដល់ការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានស្ថិរភាព និងប្រកបដោយចីរភាព រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងពិភពលោក។

អាចនិយាយបានថា ទំនាក់ទំនងកាន់តែមានស្ថិរភាព និងមានប្រសិទ្ធភាព ជាក់ស្តែងរវាងប្រទេសទាំងពីរនឹងរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចគោលដៅកំណើន និងអភិវឌ្ឍន៍របស់ប្រទេសទាំងពីរវៀតណាម និងចិនក្នុងយុគសម័យថ្មី ដោយរួមចំណែករក្សាស្ថិរភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងបរិបទដែលស្ថានភាពពិភពលោកអស្ថិភាពនាសព្វថ្ងៃនេះ។  ដូច្នេះ ដំណើរទស្សនកិច្ចនេះ ត្រូវបានគេរំពឹងថានឹងមានអត្ថន័យពិសេស ដោយបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី។

leftcenterrightdel
លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីប្រចាំការ ក្រសួងការបរទេសវៀតណាម (រូបថត៖ vnanet.vn)

អ្នកយកព័ត៌មាន៖ តើលោកអនុរដ្ឋមន្ត្រីវាយតម្លៃយ៉ាងដូចម្តេចចំពោះសមិទ្ធផលលេចធ្លោក្នុងទំនាក់ទំនងវៀតណាម-ចិននាពេលកន្លងមក?

លោក Nguyen Minh Vu អនុរដ្ឋមន្ត្រី៖ ទំនាក់ទំនងវៀតណាម-ចិន បានរក្សាសន្ទុះអភិវឌ្ឍន៍វិជ្ជមានក្នុងរយៈពេលថ្មីៗនេះ និងមានវឌ្ឍនភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយស្របតាមទិសដៅ "ប្រាំមួយបន្ថែម"។ ចំណុចសង្កត់ធ្ងន់មួយចំនួនរួមមាន៖

ទីមួយ ទំនុកចិត្តខាងនយោបាយរវាងភាគីទាំងពីរត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ហើយបន្តលើកកម្ពស់តួនាទីនូវតម្រង់ទិសជាយុទ្ធសាស្ត្រ ដឹកនាំទំនាក់ទំនងទ្វេភាគីក្នុងវិស័យនានា។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីររក្សាការផ្លាស់ប្តូរយោបល់ និងជំនួបជាប្រចាំក្នុងទម្រង់ ដែលអាចបត់បែន។

យន្តការសម្រាប់ការផ្លាស់ប្តូរយោបល់ និងកិច្ចសហប្រតិបត្តិការកាន់តែគ្រប់ជ្រុងជ្រោយ ដែលបង្ហាញពីការជឿទុកចិត្តខ្ពស់ ក៏ដូចជាស្មារតីដោយម្ចាស់ការ និងវិជ្ជមានក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនយោបាយរវាងប្រទេសទាំងពីរ។

ទីពីរ កិច្ចសហប្រតិបត្តិការក្នុងវិស័យការទូត ការពារជាតិ និងសន្តិសុខ បានមានការអភិវឌ្ឍសំខាន់ៗ និងជាក់ស្តែងជាច្រើន។ ជាពិសេស ភាគីទាំងពីរទើបតែរៀបចំសម័យប្រជុំលើកទីមួយនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ៣បូក៣ នៅកម្រិតរដ្ឋមន្ត្រីក្រសួងការបរទេស (ការពារជាតិ និងនគរបាល) ដោយជោគជ័យ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី១៧ នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន។

ក្នុងឱកាសនេះ ទីភ្នាក់ងារនីមួយៗនៃភាគីទាំងពីរមានសកម្មភាពសហប្រតិបត្តិការ ដូចជាការផ្លាស់ប្តូរយុទ្ធសាស្ត្ររវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនលើកទី១០ និងកិច្ចប្រជុំរដ្ឋមន្ត្រីលើកទី៩ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មលើកទី៩...

ទីបី កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យនានា ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ បានរក្សាសន្ទុះអភិវឌ្ឍន៍ដ៏រឹងមាំ ដែលបានក្លាយជាចំណុចភ្លឺក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អស់រយៈពេល ១០ ឆ្នាំជាប់ៗគ្នា វៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិននៅក្នុងអាស៊ាន និងរយៈពេលពីរឆ្នាំជាប់ៗគ្នា (ឆ្នាំ២០២៤ និងឆ្នាំ ២០២៥) ជាដៃគូពាណិជ្ជកម្មធំជាងគេទី៤ របស់ចិននៅលើពិភពលោក។ ចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់វៀតណាមអស់រយៈពេលជាច្រើនឆ្នាំជាប់គ្នា។

បច្ចុប្បន្ន ចិនឈរនៅលំដាប់ទីពីរនៃដើមទុនចុះបញ្ជីសរុបជាមួយនឹង ៥.៩៦ ពាន់លានដុល្លារអាមេរិក (បន្ទាប់ពីសិង្ហបុរី) កើនឡើង ៣៣.៤% បើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយមានគម្រោងបច្ចេកវិទ្យាខ្ពស់ជាច្រើនក្នុងវិស័យអេឡិចត្រូនិច និងយានយន្តថាមពលថ្មី។ ការតភ្ជាប់ជាយុទ្ធសាស្ត្រ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង logistics សម្រេចបានវឌ្ឍនភាពវិជ្ជមានគួរឱ្យកត់សម្គាល់។ ភាគីទាំងពីរបង្កើនការតភ្ជាប់ផ្លូវដែក ការធ្វើឱ្យប្រសើរឡើងនូវច្រករបៀងសេដ្ឋកិច្ច និងសាកល្បងការអនុវត្តគំរូច្រកទ្វារព្រំដែនឆ្លាតវៃ ដែលរួមចំណែកកាត់បន្ថយថ្លៃ  logistics និងបង្កើនការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់។

ទីបួន ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វប្បធម៌ ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការមូលដ្ឋានមានភាពរស់រវើក។ ឆ្នាំ ២០២៥ វៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៥.២៨ លាននាក់ កើនឡើង ៤១.៣% បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលក្លាយជាប្រទេសមានភ្ញៀវទេសចរអន្តរជាតិសរុបមកកាន់ប្រទេសវៀតណាមច្រើនបំផុត។ អង្គការមិត្តភាពប្រជាជន និងសមាគមនៃភាគីទាំងពីរបានជួបជុំគ្នា កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានានៃប្រទេសទាំងពីរបានរួមចំណែកដល់ការពង្រឹងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះសង្គមរវាងភាគីទាំងពីរ ព្រមទាំងបង្កើនការយល់ដឹង និងលើកកម្ពស់ចំណងមិត្តភាពអ្នកជិតខាងរវាងប្រជាជន នៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ។

ទីប្រាំ ភាគីទាំងពីរក៏បានរក្សាការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការដ៏ល្អនៅក្នុងយន្តការពហុភាគីផងដែរ។ ចែករំលែកទស្សនៈលើការគាំទ្រពហុភាគីនិយម ដែលអង្គការសហប្រជាជាតិធ្វើជាមជ្ឈភាព និងច្បាប់អន្តរជាតិធ្វើជាមូលដ្ឋាន  គាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សំខាន់ៗរបស់គ្នាទៅវិញទៅមក និងគាំទ្រគ្នាក្នុងការលើកកម្ពស់តួនាទីយ៉ាងសកម្មនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ អាស៊ាន និង មេគង្គ-ឡានឆាង ដែលរួមចំណែកដល់ការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។

ទីប្រាំមួយ ទាក់ទងនឹងបញ្ហាព្រំដែន ទឹកដី និងស្ថានភាពព្រំដែនគោកនៅតែមានស្ថិរភាព ហើយយន្តការសម្រាប់ការផ្លាស់ប្តូរ ការចរចា និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើបញ្ហាសមុទ្រត្រូវបានរក្សាជាប្រចាំ។ ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ រួមចំណែកដល់ការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍នៅក្នុងតំបន់។

ដើម្បីឲ្យទំនាក់ទំនងវៀតណាម-ចិន សម្រេចបានលទ្ធផលគ្រប់ជ្រុងជ្រោយ និងជាក់ស្តែងដូចដែលរៀបរាប់ខាងលើ កត្តាសំខាន់បំផុតគឺការជឿទុកចិត្តគ្នាទៅវិញទៅមក និងការយោគយល់គ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរ។ ការចូលរួមយ៉ាងម៉ឺងម៉ាត់ ការគាំទ្រយ៉ាងខ្លាំងក្លា និងការខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់ក្រសួង ស្ថាប័ន មូលដ្ឋាន សហគមន៍ធុរកិច្ច និងប្រជាជននៃប្រទេសទាំងពីរ។

សមិទ្ធផលដែលសម្រេចបានកន្លងមក មិនត្រឹមតែធ្វើឱ្យទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរកាន់តែស៊ីជម្រៅប៉ុណ្ណោះទេ ថែមទាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងស្ថិរភាព និងការអភិវឌ្ឍនៃតំបន់ទៀតផង។ នេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ភាគីទាំងពីរបន្តធ្វើឲ្យទំនាក់ទំនងទ្វេភាគីរីកចម្រើនក្នុងទិសដៅស្ថិរភាព  ចីរភាព និងយូរអង្វែងនាពេលខាងមុខ ហើយក៏ជាមូលដ្ឋានដ៏សំខាន់ដើម្បីធ្វើឲ្យ៣ទំនាក់ទំនងរវាងប្រទេសទាំងពីរឈានចូលដំណាក់កាលអភិវឌ្ឍន៍នៅកម្រិតខ្ពស់ថ្មី ជាមួយនឹងកម្លាំងចលករថ្មី និងកិច្ចសហប្រតិបត្តិការថ្មីក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!

បកប្រែដោយ Pham Diep