ដំណើរទស្សនកិច្ចធ្វើឡើងក្នុងបរិបទពិភពលោកមានការផ្លាស់ប្តូរទាំងនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅ និងឆាប់រហ័ស ជាមួយនឹងផលប៉ះពាល់យ៉ាងទូលំទូលាយ មានលក្ខណៈជារបត់ និងឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពីសណ្តាប់ធ្នាប់ពិភពលោកចាស់ទៅសណ្តាប់ធ្នាប់ពិភពលោកថ្មី។ តំបន់អាស៊ីប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា រក្សាតួនាទីស្នូលក្នុងកំណើនសេដ្ឋកិច្ចពិភពលោក ប៉ុន្តែក៏ជាចំណុចកណ្តាលមួយនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រក្នុងចំណោមមហាអំណាចផងដែរ។

ការដែលលោក Robert Fico នាយករដ្ឋមន្ត្រី ជ្រើសរើសប្រទេសវៀតណាមជាដំណើរទស្សនកិច្ចដំបូងរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ បង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងលើទំនាក់ទំនងវៀតណាម-ស្លូវ៉ាគី ក៏ដូចជាតួនាទីរបស់វៀតណាមនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

leftcenterrightdel
លើកកម្ពស់ទំនាក់ទំនងទ្វេភាគីវៀតណាម-ស្លូវ៉ាគី (រូបថត៖ VNA)

វៀតណាម និងស្លូវ៉ាគីមានទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលបានទទួលមរតក និងអភិវឌ្ឍពីទំនាក់ទំនងរវាងវៀតណាម និងឆេកូស្លូវ៉ាគី។ ទាក់ទងនឹងនយោបាយ និងការទូត ភាគីទាំងពីររក្សាការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំនៅគ្រប់កម្រិត និងទំនាក់ទំនងកម្រិតខ្ពស់ ដោយគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី... គណបក្សប្រជាធិបតេយ្យសង្គម (Smer-SD) ដែលកំពុងកាន់អំណាច និងគណបក្សនយោបាយដទៃទៀតនៅក្នុងសម្ព័ន្ធកាន់អំណាចរបស់លោក Robert Fico នាយករដ្ឋមន្ត្រី ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយជាមួយបក្សកុម្មុយនិស្តវៀតណាម។ កិច្ចសហប្រតិបត្តិការតាមរយៈបណ្តាញរដ្ឋសភាត្រូវបានរក្សាជាប្រចាំតាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូជាមួយគណៈកម្មាធិការឯកទេស។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពាណិជ្ជកម្មទ្វេភាគីបានឃើញកំណើនវិជ្ជមាន ដោយចំណូលពាណិជ្ជកម្មទ្វេភាគីឈានដល់ ១,៧៨ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥។ គិតត្រឹមខែធ្នូ ឆ្នាំ ២០២៥ ស្លូវ៉ាគីមានគម្រោងវិនិយោគផ្ទាល់ចំនួន ១៦ នៅក្នុងប្រទេសវៀតណាម ដែលមានដើមទុនវិនិយោគចុះបញ្ជីសរុបចំនួន ១៤០,៨៧ លានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់ទី ៤៧ ក្នុងចំណោមប្រទេស និងតំបន់ដែនដីចំនួន ១៥៣ ដែលវិនិយោគនៅវៀតណាម។ ក្នុងចំណោមនោះ គម្រោងចំនួន ២ គឺស្ថិតនៅក្នុងវិស័យឧស្សាហកម្មកែច្នៃ និងផលិតកម្ម គម្រោង១ គឺស្ថិតនៅក្នុងអចលនទ្រព្យ និងគម្រោងចំនួន ២ ទៀតគឺស្ថិតនៅក្នុងវិស័យសំណង់។ វៀតណាមមានគម្រោងវិនិយោគមួយនៅក្នុងប្រទេសស្លូវ៉ាគី ដែលមានដើមទុនវិនិយោគសរុបចំនួន ៤៤៧,០០០ ដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់លេខ ៧៤ ក្នុងចំណោមប្រទេស និងតំបន់ដែនដីចំនួន ៨៥ ដែលមានការវិនិយោគពីវៀតណាម។ ស្លូវ៉ាគីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេរបស់សហភាពអឺរ៉ុបដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំរពារវិនិយោគ EVIPA (ខែកុម្ភៈ ឆ្នាំ២០២៣)។

កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល កម្លាំងពលកម្ម និងទេសចរណ៍បន្តទទួលបានការយកចិត្តទុក និងជម្រុញពីភាគីទាំងពីរ។ ការអប់រំ -បណ្តុះបណ្តាល គឺ ជាវិស័យសហប្រតិបត្តិការជាប្រពៃណី រវាងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការកម្លាំងពលកម្មត្រូវបានអនុវត្តដោយផ្អែកលើអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០៨ ស្តីពីកិច្ចសហប្រតិបត្តិការកម្លាំងពលកម្ម ដោយបញ្ជូនកម្មករវៀតណាមដែលមានជំនាញខ្ពស់ទៅកាន់ស្លូវ៉ាគី។ ទាក់ទងនឹងវិស័យទេសចរណ៍ វៀតណាមបានដាក់បញ្ចូលស្លូវ៉ាគីក្នុងបញ្ជីលើកលែងទិដ្ឋាការរបស់ខ្លួនក្រោមកម្មវិធីជំរុញការអភិវឌ្ឍទេសចរណ៍ខែសីហា ឆ្នាំ២០២៥។

កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខត្រូវបានពង្រឹងជាបន្តបន្ទាប់ និងសម្រេចបានលទ្ធផលវិជ្ជមានមួយចំនួនដោយផ្អែកលើអនុស្សរណៈយោគយល់គ្នាឆ្នាំ២០១៥ ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ។ ភាគីទាំងពីរកំពុងបង្កើនការសម្របសម្រួលក្នុងក្របខ័ណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យបង្ការ និងគ្រប់គ្រងឧក្រិដ្ឋកម្មនៅឆ្នាំ ២០២៥។

ការដែលវៀតណាមទទួលស្វាគមន៍លោក Robert Fico នាយករដ្ឋមន្ត្រីស្លូវ៉ាគី អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ បង្ហាញពីគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ពហុភាគី ពិពិធកម្ម និងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាព ដូចដែលបានគូសបញ្ជាក់នៅក្នុងសេចក្តីសម្រេចលេខ 59-NQ/TW ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ របស់ការិយាល័យនយោបាយស្តីពីការធ្វើសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី។

ដំណើរទស្សនកិច្ចនេះក៏បញ្ជាក់ពីគោលនយោបាយជាប់លាប់របស់វៀតណាមដែលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយប្រទេសជាមិត្តប្រពៃណីជានិច្ច រួមទាំងស្លូវ៉ាគីផងដែរ។ ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសហការជាមួយស្លូវ៉ាគី ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ-ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ការពារជាតិ និងសន្តិសុខ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យមានសក្តានុពលផ្សេងទៀត ដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បច្ចេកវិទ្យាព័ត៌មាន កសិកម្ម និងបរិស្ថាន វប្បធម៌ អប់រំ ការងារ ទេសចរណ៍ កិច្ចសហប្រតិបត្តិការក្នុងស្រុក និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន... ស្របតាមការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីក្នុងស្ថានភាពថ្មី។

យើងមានទំនុកចិត្តថា ដំណើរទស្សនកិច្ចរបស់លោក Robert Fico នាយករដ្ឋមន្ត្រី នឹងទទួលបានជោគជ័យយ៉ាងធំធេង ជម្រុញទំនាក់ទំនងទ្វេភាគីវៀតណាម-ស្លូវ៉ាគីឈានចូលដំណាក់កាលអភិវឌ្ឍថ្មី នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ។

បកប្រែដោយ Duy Hoan