ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអ៊ីតាលី ឲ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាព
កប.អនឡាញ - នាព្រឹកថ្ងៃទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) នៅទីក្រុងមីឡានក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសអ៊ីតាលី លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាសំខាន់មួយនៅក្នុងកិច្ចសន្ទនាគោលនយោបាយស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអ៊ីតាលី។
ថ្លែងក្នុងកិច្ចសន្ទនានេះ លោក Tran Thanh Man ប្រធានរដ្ឋសភា បានលើកឡើងនូវចំណុចលេចធ្លោនៃស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាម បន្ទាប់ពីរយៈពេល ៤ ទសវត្សរ៍នៃការកំណែទម្រង់ បើកទ្វារនិងធ្វើសមាហរណកម្ម។ ប្រធានរដ្ឋសភាវៀតណាម ឲ្យដឹងថា វៀតណាមកំពុងអនុវត្តយុទ្ធសាស្ត្រចំនួនបី៖ ពង្រីកហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ធ្វើឱ្យប្រសើរនូវច្បាប់ កសាងបរិយាកាសវិនិយោគប្រកបដោយតម្លាភាព និងអំណោយផល លើកកម្ពស់ធនធានមនុស្សដែលមានគុណភាពខ្ពស់ នវានុវត្តន៍ អនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើបរិវត្ដកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចរង្វង់ និងសេដ្ឋកិច្ចចំណេះដឹង។ អាស្រ័យហេតុនេះ ពីប្រទេសក្រីក្រដែលត្រូវរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសង្គ្រាម វៀតណាមបានងើបឡើងយ៉ាងខ្លាំង និងសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន។
    |
 |
|
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមថ្លែងក្នុងកិច្ចសន្ទនា |
ក្នុងបរិបទនៃសកលភាវូបនីយកម្ម ការផ្លាស់ប្តូរបៃតងនិងការធ្វើបរិវត្ដកម្មឌីជីថលដែលកំពុងកើតឡើងយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក វៀតណាម និងអ៊ីតាលីមានលក្ខខណ្ឌអំណោយផលជាច្រើនដើម្បីបំពេញបន្ថែមគ្នាទៅវិញទៅមក លើកកម្ពស់ប្រៀបខ្លាំងដើម្បីសម្រេចបាននូវគោលដៅកំណើនប្រកបដោយចីរភាព បរិយាបន្ន និងខ្លួនទីពឹងខ្លួន។
ក្នុងស្មារតីនោះ ប្រធានរដ្ឋសភាវៀតណាម បានស្នើឱ្យភាគីទាំងពីរប្រែស្មារតីនៃកិច្ចសហប្រតិបត្តិការទៅជាលទ្ធផលជាក់ស្តែង ដោយផ្តោតលើទិសដៅសហប្រតិបត្តិការអាទិភាពដូចជា៖ បន្តកែលម្អក្របខ័ណ្ឌច្បាប់ បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសក្នុងបរិបទនៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA)។
ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលអ៊ីតាលីមានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការដូចជា ឧស្សាហកម្មច្នៃប្រឌិត បច្ចេកវិទ្យាខ្ពស់ ផ្លាស់ប្តូរបៃតង ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មបន្ទាប់បន្សាំ និងកែច្នៃម្ហូបអាហារ។
    |
 |
|
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងប្រតិភូនៅកិច្ចសន្ទនា |
លោកប្រធានរដ្ឋសភាវៀតណាម ក៏បានស្នើឱ្យពង្រឹងការតភ្ជាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ គាំទ្រសហគ្រាសធុនតូចនិងមធ្យមឱ្យចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃសកល និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យនវានុវត្ដន៍ និងការធ្វើបរិវត្ដកម្មឌីជីថល។ ជាមួយគ្នានេះ លើកកម្ពស់តួនាទីរបស់រដ្ឋសភានៃប្រទេសទាំងពីរក្នុងការត្រួតពិនិត្យ និងកែលម្អយន្តការ និងគោលនយោបាយ និងបង្កើតបរិយាកាសផ្លូវច្បាប់ដែលមានស្ថិរភាព តម្លាភាព និងអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង។
លោក Tran Thanh Man បានអះអាងថា រដ្ឋសភាវៀតណាមប្ដេជ្ញាចិត្តនឹងបន្តធ្វើការជាមួយរដ្ឋាភិបាល និងសហគមន៍ធុរកិច្ចក្នុងការកសាង និងកែលម្អច្បាប់ បង្កើតបរិយាកាសវិនិយោគ និងការធ្វើអាជីវកម្មដ៏អំណោយផល តម្លាភាពនិងប្រកួតប្រជែង ដោយហេតុនេះ រួមចំណែកដល់ការជំរុញទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-អ៊ីតាលី ឲ្យអភិវឌ្ឍប្រកបដោយចីរភាព និងមានប្រសិទ្ធភាព ។
* នារសៀលថ្ងៃដដែល នៅសាលាក្រុងមីឡាន លោកប្រធានរដ្ឋសភាវៀតណាម បានជួបជាមួយលោក Giuseppe Sala អភិបាលក្រុងមីឡាន ។
បកប្រែដោយ Thanh Cong