ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានសង្កត់ធ្ងន់ថា នេះជាដំណើរទស្សនកិច្ចដំបូងគេរបស់មេដឹកនាំបរទេសមកកាន់ប្រទេសវៀតណាម បន្ទាប់ពីរដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា ព្រមទាំងចាត់ទុកថា ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍សំខាន់ពិសេសមួយដែលធ្វើឲ្យទំនាក់ទំនងវៀតណាម-ស្លូវ៉ាគី ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី  ស្ថិរភាព និងមានប្រសិទ្ធភាពជាងមុន។

លោក To Lam បានលើកឡើងពីទិសដៅសំខាន់ៗមួយចំនួនសម្រាប់ភាគីទាំងពីរអនុវត្តប្រកបដោយប្រសិទ្ធភាព និងសក្ដិសមជាមួយទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។  ដូច្នេះ ភាគីទាំងពីរគួរតែបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ តាមរយៈបណ្តាញបក្ស រដ្ឋ រដ្ឋាភិបាល និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដើម្បីបង្កើនទំនុកចិត្តខាងនយោបាយបន្ថែមទៀត។ ធ្វើឲ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការវិនិយោគក្លាយជាសសរស្តម្ភសំខាន់ក្នុងកិច្ចសហប្រតិបត្តិការ ដែលក្នុងនោះផ្តោតលើការបង្កើតគម្រោងក្នុងវិស័យឧស្សាហកម្មរថយន្ត ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាខ្ពស់ ការធ្វើបរិវត្ដកម្មឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ បង្កើនកិច្ចសហប្រតិបត្តិការកម្លាំងពលកម្ម និងពង្រីកកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានានៃប្រទេសទាំងពីរ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទទួលជួបលោក Robert Fico នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី

ពិភាក្សាលើបញ្ហាតំបន់និងអន្តរជាតិ  ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើការសន្ទនា កិច្ចសហប្រតិបត្តិការនិងគោរពគ្នាទៅវិញទៅមក ដោយហេតុនេះ រួមចំណែកដល់ការរក្សាបរិយាកាសសន្តិភាព និងស្ថិរភាព បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរបស់ប្រទេសនានា។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ហើយចាត់ទុកថា នេះជាមូលដ្ឋានគ្រឹះរឹងមាំ និងកម្លាំងចលករដ៏សំខាន់ដើម្បីបង្កើនការ យោគយល់គ្នាទៅវិញទៅមក រឹតបន្ដឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានសម្តែងការជឿជាក់ថា ជាមួយទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ស្លូវ៉ាគីនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ  រួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់នីមួយៗ។

សេដ្ឋកិច្ចគឺជាសសរស្តម្ភស្នូល

នៅព្រឹកថ្ងៃដដែល  នៅទីស្នាក់ការរដ្ឋាភិបាល បន្ទាប់ពីពិធីទទួលស្វាគមន៍ជាផ្លូវការ លោក Robert Fico មកបំពេញទស្សនកិច្ចផ្លូវការវៀតណាម លោក Le Minh Hung នាយករដ្ឋមន្ត្រីវៀតណាម និងលោក Robert Fico នាយករដ្ឋមន្ត្រីស្លូវ៉ាគី បានជួបពិភាក្សាគ្នា។

ក្នុងកិច្ចពិភាក្សា លោក Le Minh Hung នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វៀតណាមមានគោលការណ៍ឥតងាករេ គឺពង្រឹងទំនាក់ទំនងជាមួយប្រទេសជាមិត្តប្រពៃណី រួមទាំងស្លូវ៉ាគី ដែលជាដៃគូអាទិភាពចំបងរបស់វៀតណាមនៅក្នុងតំបន់អឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត។ លោក Le Minh Hung បានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់លោក Robert Fico មានអត្ថន័យជាប្រវត្តិសាស្ត្រ បើកទំព័រថ្មីមួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Le Minh Hung នាយករដ្ឋមន្ត្រីវៀតណាម និងលោក Robert Fico នាយករដ្ឋមន្ត្រីស្លូវ៉ាគី

លោក Robert Fico នាយករដ្ឋមន្ត្រី បានអបអរសាទរវៀតណាមដែលរៀបចំមហាសន្និបាតលើកទី១៤ របស់បក្ស ដោយជោគជ័យ និងបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ ដោយជោគជ័យ។ ព្រមទាំងជូនពរលោក Le Minh Hung ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី។ លោក Robert Fico បញ្ជាក់ថា ស្លូវ៉ាគីឱ្យតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ហើយចាត់ទុកវៀតណាមជាដៃគូអាទិភាពសំខាន់បំផុតរបស់ស្លូវ៉ាគីនៅអាស៊ីអាគ្នេយ៍។ ព្រមទាំងមានបំណងចង់លើកកម្ពស់ទំនាក់ទំនងកាន់តែមានប្រសិទ្ធភាព។

នាយករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាលើស្ថានភាពនៃប្រទេសនីមួយៗ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី និងលើបញ្ហាតំបន់និងអន្តរជាតិ ។ នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងការរីករាយចំពោះការអភិវឌ្ឍដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យក្នុងរយៈពេលកន្លងមក ជាពិសេសក្នុងទំនាក់ទំនងនយោបាយ និងការទូត  ទំនុកចិត្តខាងនយោបាយខ្ពស់។ ភាគីទាំងពីរតែងតែផ្លាស់ប្តូរគណៈប្រតិភូ និងគ្រប់លំដាប់ថ្នាក់ ជាពិសេសនៅកម្រិតខ្ពស់។ ព្រមទាំងភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើនប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរ ដែលក្នុងនោះ គួរតែស្ដារឡើងវិញនៃយន្ដការគណៈកម្មាធិការអន្តររដ្ឋាភិបាល​វៀត​ណាម-ស្លូវ៉ាគី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងរក្សាការពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេស។

អំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ មេដឹកនាំទាំងពីរបានសម្តែងការរីករាយចំពោះទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ ២០២៥ សម្រេចបាន ១,៧៨ ពាន់លានដុល្លារអាមេរិក  មិនទាន់សក្ខិសមជាមួយសក្តានុពលនិងសេចក្តីប្រាថ្នារបស់ភាគីទាំងពីរនៅឡើយទេ ព្រមទាំងកំណត់ថា នេះជាសរស្តម្ភស្នូល ហើយនឹងបន្តសហការដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងទ្វេដងនាពេលខាងមុខ។ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរចូលទៅក្នុងទីផ្សាររបស់គ្នាទៅវិញទៅមក ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ទូរគមនាគមន៍ សន្តិសុខតាមអ៊ីនធឺណិត និងឧស្សាហកម្មរថយន្តៗល។

មេដឹកនាំទាំងពីរក៏ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងសន្តិសុខតាមអ៊ីនធឺណិត ថាមពល ជាពិសេសថាមពលនុយក្លេអ៊ែរដើម្បីគោលបំណងសន្តិភាព និងថាមពលកកើតឡើងវិញ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា  អប់រំនិងបណ្តុះបណ្តាល វប្បធម៌ កីឡា ទេសចរណ៍ កសិកម្ម សុខាភិបាល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ឆ្ពោះទៅគោលដៅកាត់បន្ថយការបំភាយឧស្ម័នសូន្យ។

ភាគីទាំងពីរបានយល់ព្រមពិចារណា និងចរចាលើកិច្ចព្រមព្រៀងស្ដីពីពលកម្មនាពេលឆាប់ៗនេះដើម្បីការពារសិទ្ធិ និងលើកកម្ពស់កម្លាំងពលកម្មដែលមានជំនាញខ្ពស់។ ព្រមទាំងពិចារណាដើម្បីបង្កលក្ខណៈងាយស្រួល និងឆាប់ចរចាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការនៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីស្លូវ៉ាគីបានស្នើឱ្យភាគីទាំងពីរសិក្សាស្រាវជ្រាវក្នុងការបង្កើតផ្លូវហោះហើរត្រង់រវាងទីក្រុងប្រាទីស្លាវ៉ា និងទីក្រុងហាណូយ ឬ ទីក្រុងហូជីមិញនាពេលឆាប់ៗនេះ។

ភាគីទាំងពីរក៏បានពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិ  នាយករដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តសហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកា និងអង្គការអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ អាស៊ាន-សហភាពអឺរ៉ុប និងអាស៊ី-អឺរ៉ុប។

អំពី​បញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ ភាគីទាំងពីរបានកត់សម្គាល់ពីសារៈសំខាន់នៃការអនុវត្តពេញលេញ និងប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ឆ្នាំ២០០២ ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆាប់សម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព។

បន្ទាប់ពីកិច្ចពិភាក្សា ភាគីទាំងពីរបានយល់ព្រមអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពីលើកតម្កើងទំនាក់ទំនងវៀតណាមនិងស្លូវ៉ាគី ទៅជាដៃគូយុទ្ធសាស្ត្រ។ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយក្នុងទំនាក់ទំនងទ្វេភាគី បើកជំពូកថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងស្លូវ៉ាគី ឆ្លើយតបសេចក្តីប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីទាំងពីរ បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគីចំនួនប្រាំមួយ ក្នុងវិស័យការពារជាតិ ការទូត វប្បធម៌ កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា ថាមពលៗល។

* បន្ទាប់ពីកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរ បានចូលរួមសន្និសីទសារព័ត៌មានរួមគ្នាដើម្បីប្រកាសលទ្ធផលនៃកិច្ចពិភាក្សា។

* នារសៀលថ្ងៃទី១៣ ខែមេសា លោក Le Minh Hung នាយករដ្ឋមន្ត្រី និងលោក Robert Fico នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-ស្លូវ៉ាគី ក្រោមប្រធានបទ " លើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពង្រីកឱកាសវិនិយោគទ្វេភាគី"។

* គួររំលឹកថា នាព្រឹកថ្ងៃដដែល លោក Robert Fico នាយករដ្ឋមន្ត្រី និងគណៈប្រតិភូស្លូវ៉ាគី បានអញ្ជើញទៅដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរជនពលី និងចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ៕

បកប្រែដោយ Pham Diep