ធ្វើឱ្យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្លាយជា សសរស្តម្ភនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងទួរគី
កប.អនឡាញ - លោក Tran Thanh Man ប្រធានរដ្ឋសភា និងលោក Recep Tayyip Erdogan ប្រធានាធិបតីទួរគី បានព្រមព្រៀងគ្នាធ្វើឱ្យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្លាយជាសសរស្តម្ភសំខាន់ៗនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងទួរគី។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារ ដើម្បីអញ្ជើញចូលរួមមហាសន្និបាតលើកទី ១៥២ នៃសហភាពអន្តរសភា (IPU-152) និងធ្វើសកម្មភាពទ្វេភាគីជាច្រើននៅប្រទេសទួរគី នាថ្ងៃទី ១៦ ខែមេសា ម៉ោងក្នុងស្រុក លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបសវនាការជាមួយលោក Recep Tayyip Erdogan ប្រធានាធិបតីទួរគី។
    |
 |
|
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Recep Tayyip Erdogan ប្រធានាធិបតីទួរគី |
ក្នុងជំនួប លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Recep Tayyip Erdogan ប្រធានាធិបតី បានបញ្ជាក់ថា នៅតែមានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយបានព្រមព្រៀងគ្នាធ្វើឱ្យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្លាយជាសសរស្តម្ភសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ ដោយបង្កើតលក្ខខណ្ឌអំណោយផលដើម្បីសម្រេចបាននូវគោលដៅនៃការបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ៤ ពាន់លានដុល្លារអាមេរិក។ លើសពីនេះ ទួរគីបន្តលើកទឹកចិត្តអង្គភាពអាជីវកម្មទួរគីឱ្យវិនិយោគនៅក្នុងប្រទេសវៀតណាម ដែលបច្ចុប្បន្នមានចំនួនជិត ២ ពាន់លានដុល្លារអាមេរិក ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម។ ភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះក្នុងពេលឆាប់ៗនេះ និងទាញយកផលប្រយោជន៍ពីលក្ខខណ្ឌអំណោយផលដូចជាការហោះហើរត្រង់ និងទិដ្ឋាការអេឡិចត្រូនិកសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ ដោយបង្កើតលក្ខខណ្ឌដើម្បីលើកកម្ពស់ការតភ្ជាប់អង្គភាពអាជីវកម្ម កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្ដូរប្រជាជន។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាបន្តប្រើប្រាស់យន្តការសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព ដោយហេតុនេះរួមចំណែកដល់ការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងទួរគីនាពេលអនាគត។
ក្នុងឱកាសនេះ លោក Recep Tayyip Erdogan ប្រធានាធិបតី បញ្ជាក់ថា ទួរគី ឱ្យតម្លៃចំពោះទំនាក់ទំនងជាមួយវៀតណាម និងមានបំណងចង់លើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតកំពស់ថ្មីមួយទៀត។
នៅថ្ងៃដដែលនោះ លោក Tran Thanh Man ប្រធានរដ្ឋសភា បានជួបជាមួយលោក Yerlan Koshanov ប្រធានសភាកាហ្សាក់ស្ថាន និងជួបជាមួយលោក Patrik Achi ប្រធានសភាកូតឌីវ័រ។ ក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគី ជាពិសេស IPU និងបង្កើនតួនាទីរបស់សភាក្នុងការលើកកម្ពស់ពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ៕
បកប្រែដោយ Duy Hoan