ជម្រុញកិច្ចសហប្រតិបត្តិការជាមួយធុរកិច្ចអាមេរិកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទីក្រុង
កប.អនឡាញ - នៅថ្ងៃទី១៦ ខែមេសា លោក Nguyen Tuong Van អនុរដ្ឋមន្ត្រីក្រសួងសំណង់វៀតណាម បានទទួលគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) ដែលដឹកនាំដោយលោកស្រី Penny Burtt ប្រធានក្រុមហ៊ុន Boeing ប្រចាំអាស៊ីអាគ្នេយ៍ ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន និងសំណង់។
ក្នុងកិច្ចប្រជុំ លោកស្រី Penny Burtt បានឲ្យដឹងថា សហគមន៍ធុរកិចច្ចអាមេរិកចង់ទទួលបានព័ត៌មានពីក្រសួងសំណង់ និងពិភាក្សាអំពីវិធីសាស្រ្តគាំទ្រវៀតណាមក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយផ្តោតលើការជម្រុញកំណើនផ្អែកលើនវានុវត្តន៍។
    |
 |
|
លោកស្រី Penny Burtt ប្រធានក្រុមហ៊ុន Boeing ប្រចាំអាស៊ីអាគ្នេយ៍ ថ្លែងនៅក្នុងជំនួប |
ក្នុងឱកាសនេះ ធុរកិច្ចអាមេរិកជាច្រើនបានស្នើឲ្យមានកិច្ចសហប្រតិបត្តិការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទីក្រុង ជាពិសេសដំណោះស្រាយបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងមិនប៉ះពាល់ដល់បរិស្ថាន។
លោក Nguyen Tuong Van បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងការរួមចំណែកជាវិជ្ជមានរបស់ធុរកិច្ចនៃ USABC ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនាពេលកន្លងមកនេះ។ លោក Nguyen Tuong Van បានឲ្យដឹងថា ក្នុងបរិបទដែលវៀតណាមកំពុងជម្រុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទំនើបនោះ តម្រូវការកៀរគរធនធាន ការទទួលបទពិសោធន៍អន្តរជាតិ និងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគឺធំធេងណាស់។ ក្រសួងសំណង់ចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយធុរកិច្ចអាមេរិកមិនត្រឹមតែក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដូចជាអាកាសយានដ្ឋាន កំពង់ផែ និងផ្លូវដែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងវិស័យផ្សេងទៀតនៃឧស្សាហកម្មសំណង់ដូចជា ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព សម្ភារៈសំណង់ ការធ្វើបរិវត្តកម្មឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។
លោក Nguyen Tuong Van សម្តែងនូវក្តីសង្ឃឹមថា ធុរកិច្ចអាមេរិកនឹងបន្តចែករំលែកបទពិសោធន៍អន្តរជាតិ លើកឡើងដំណោះស្រាយជាក់លាក់ ដើម្បីរួមចំណែកដល់ការលើកកម្ពស់គុណភាពនៃការរៀបចំផែនការ ការរចនា ការសាងសង់ និងប្រតិបត្តិការគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាម ព្រមទាំង ផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស តាមនោះ លើកកម្ពស់សមត្ថភាពរបស់វិស័យសំណង់៕
បកប្រែដោយ Thuy Anh