ខេត្ត Gia Lai ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខ័ណ្ឌ Yongsan និងជួបធ្វើការជាមួយធុរកិច្ចកូរ៉េខាងត្បូងជាច្រើន
កប.អនឡាញ - នៅថ្ងៃទី ៣១ ខែមីនា និងថ្ងៃទី ១ ខែមេសា នៅប្រទេសកូរ៉េខាងត្បូង គណៈប្រតិភូខេត្ត Gia Lai (ប្រទេសវៀតណាម) ដឹកនាំដោយលោកស្រី Nguyen Thi Thanh Lich អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត មានសកម្មភាពការទូតសំខាន់ៗមួយចំនួន រួមមាន៖ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការជាមួយខ័ណ្ឌ Yongsan (ទីក្រុងសេអ៊ូល) និងជួបធ្វើការជាមួយធុរកិច្ចជាច្រើន។
តាមនោះ នៅទីក្រុងសេអ៊ូល គណៈកម្មាធិការប្រជាជនខេត្ត Gia Lai និងអាជ្ញាធរខ័ណ្ឌ Yongsan បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការ (MOU)។ នេះគឺជាព្រឹត្តិការណ៍មានអត្ថន័យពិសេស ដែលបញ្ជាក់ពីការបន្តទំនាក់ទំនងមិត្តភាពដ៏រឹងមាំដែលបង្កើតឡើងនៅឆ្នាំ១៩៩៦ រវាងខ័ណ្ឌ Yongsan និងទីក្រុង Quy Nhon (ខេត្ត Binh Dinh មុននេះ - ខេត្ត Gia Lai ក្រោយការច្របាច់ រួមបញ្ចូលគ្នា)
ក្នុងពិធីនេះ លោកស្រី Nguyen Thi Thanh Lich បានសង្កត់ធ្ងន់ថា ខេត្តមានទិសដៅអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព ដែលតភ្ជាប់ជាមួយការធ្វើបរិវត្តកម្មឌីជីថល និងការពង្រីកសមាហរណកម្មអន្តរជាតិ។ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានបើកដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងទូលំទូលាយជាងមុនទៀតផង។
    |
 |
|
លោកស្រី Nguyen Thi Thanh Lich និងលោកស្រី Hee Young Park ប្រធានខ័ណ្ឌ Yongsan ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ (រូបថត៖ baogialai.com.vn) |
ខ្លឹមសារសំខាន់ៗនៃកិច្ចសហប្រតិបត្តិការរវាងខេត្ត Gia Lai និងខ័ណ្ឌ Yongsan រួមមាន៖ ការរក្សា និងដំណើរការការិយាល័យជំរុញទំនាក់ទំនងអន្តរជាតិនៃខ័ណ្ឌ Yongsan ក្នុងសង្កាត់ Quy Nhon ខេត្ត Gia Lai; ការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងវិស័យសុខាភិបាល និងការថែទាំសុខភាពសាធារណៈ; ការផ្លាស់ប្តូរការបណ្តុះបណ្តាលយុវជន និងការគាំទ្រនិស្សិតឆ្នើមដែលកំពុងសិក្សានៅបរទេស; ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ សិល្បៈ និងទេសចរណ៍; និងការផ្លាស់ប្តូរព័ត៌មានក្នុងកិច្ចការរដ្ឋបាល ដើម្បីលើកកម្ពស់មិត្តភាព។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូក៏បានជួបធ្វើការជាមួយអង្គភាពមួយចំនួន ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ជាពិសេសក្នុងវិស័យទេសចរណ៍ និងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល៕
បកប្រែដោយ Thuy Anh