លោកឧបនាយករដ្ឋមន្ត្រី Ho Quoc Dung ទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុនថាមពល GS (កូរ៉េខាងត្បូង)
កប.អនឡាញ - នាថ្ងៃទី ២៦ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោកឧបនាយករដ្ឋមន្ត្រី Ho Quoc Dung បានទទួលជួបលោក Yongsoo Huh អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនថាមពល GS (កូរ៉េខាងត្បូង)។
ថ្លែងនៅក្នុងជំនួប លោកឧបនាយករដ្ឋមន្ត្រីបានទទួលស្គាល់ក្រុមហ៊ុនថាមពល GS ជាអ្នកវិនិយោគមួយក្នុងចំណោមអ្នកវិនិយោគដែលមានសមត្ថភាពទូលំទូលាយក្នុងវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការគ្រប់គ្រង ស្របតាមទិសដៅទាក់ទាញការវិនិយោគថ្មីរបស់វៀតណាម។ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមលើកទឹកចិត្តដល់ក្រុមហ៊ុនថាមពលអន្តរជាតិ រួមទាំងអង្គភាពអាជីវកម្មកូរ៉េខាងត្បូងផងដែរ ឱ្យបង្កើនការវិនិយោគលើវិស័យថាមពលកកើតឡើងវិញ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសធំៗ និងមានសមត្ថភាពដូចជាក្រុមហ៊ុន GS ដើម្បីចូលរួមក្នុងការអភិវឌ្ឍវិស័យអគ្គិសនីដោយផ្អែកលើការប្រកួតប្រជែងប្រកបដោយយុត្តិធ៌ម និងការអនុលោមតាមច្បាប់វៀតណាម។
លោកឧបនាយករដ្ឋមន្ត្រី Ho Duc Dunug បានស្នើឱ្យក្រុមហ៊ុនថាមពល GS បន្តសម្របសម្រួលជាមួយភ្នាក់ងារ និងដៃគូវៀតណាម ដើម្បីស្រាវជ្រាវ និងដាក់ចេញដំណោះស្រាយដើម្បីលើកកម្ពស់ការបង្កើត និងអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ចំណែក លោក Yongsoo Huh បានមានប្រសាសន៍ថា ក្រុមហ៊ុនថាមពល GS បានវិនិយោគលើគម្រោងជាច្រើននៅក្នុងប្រទេសវៀតណាម រួមមាន៖ គម្រោងរោងចក្រចម្រាញ់ប្រេង និងប្រេងឥន្ធនៈគីមី Nghi Son ក្នុងទីក្រុង Thanh Hoa (ខែកក្កដា ឆ្នាំ២០១៣ ដល់ខែកុម្ភៈ ឆ្នាំ២០១៧) និងតំបន់ LNG-to-power នៅ Long An ដែលត្រូវបានគេស្គាល់ថាជាគម្រោងរោងចក្រថាមពលកំដៅ LNG Long An I និង Long An II។ បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងពង្រីកប្រតិបត្តិការរបស់ខ្លួនទៅក្នុងវិស័យលក់រាយនៅក្នុងប្រទេសវៀតណាម ជាវិស័យមួយដែលក្រុមហ៊ុន GS មានឧត្តមភាពនៅក្នុងប្រទេសកូរ៉េខាងត្បូង។
បកប្រែដោយ Duy Hoan