នេះគឺជាការលើកឡើងដោយលោក Rachmat Pambudy រដ្ឋមន្ត្រីក្រសួងផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូនេស៊ី ក្នុងអំឡុងពេលកិច្ចប្រជុំសមាគមមិត្តភាពឥណ្ឌូនេស៊ី-វៀតណាម នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
កិច្ចសហប្រតិបត្តិការឥណ្ឌូនេស៊ី-វៀតណាម ឈានចូលយុគសម័យថ្មី
រដ្ឋមន្ត្រីក្រសួងផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូនេស៊ីបានវាយតម្លៃថា ទំនាក់ទំនងរវាងវៀតណាម និងឥណ្ឌូនេស៊ីមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបង្កើតឡើងដោយផ្អែកលើប្រវត្តិសាស្ត្រដ៏យូរអង្វែងនៃសាមគ្គីភាពរវាងប្រទេសទាំងពីរ។ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានសិក្សាយ៉ាងល្អិតល្អន់អំពីការផ្លាស់ប្តូរកសិកម្មរបស់ឥណ្ឌូនេស៊ី។ ប្រការនេះឆ្លុះបញ្ចាំងពីស្មារតីនៃការរៀនសូត្រក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍។
ទោះជាយ៉ាងណាក៏ដោយ សព្វថ្ងៃនេះភាគីទាំងពីរក៏បានមើលឃើញពីការផ្លាស់ប្តូរដ៏សំខាន់មួយផងដែរ។ វៀតណាមបានរីកចម្រើនក្នុងល្បឿនយ៉ាងលឿន ដោយអភិវឌ្ឍសមត្ថភាពផលិតកម្មដ៏រឹងមាំ កសាងវិស័យនាំចេញដែលមានការប្រកួតប្រជែង និងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងវិស័យដូចជាការផលិតរថយន្ត គ្រឿងអេឡិចត្រូនិច និងផលិតកម្មឧស្សាហកម្មដែលមានតម្លៃខ្ពស់។ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់ប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបញ្ជាក់ថាទំនាក់ទំនងរវាងប្រទេសឥណ្ឌូនេស៊ី និងវៀតណាមកំពុងឈានចូលដល់យុគសម័យថ្មីមួយ។
    |
 |
|
លោក Rachmat Pambudy រដ្ឋមន្ត្រីក្រសួងផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូនេស៊ី |
កត្តាជំរុញកំណើនសម្រាប់អាស៊ីអាគ្នេយ៍
លោក Rachmat Pambudy រដ្ឋមន្ត្រីក្រសួងផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូនេស៊ី បានថ្លែងថាទាំងប្រទេសឥណ្ឌូនេស៊ី និងវៀតណាម គឺជាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន ជាកត្តាជំរុញកំណើននៅអាស៊ីអាគ្នេយ៍ ជាសសរស្តម្ភនៃអាស៊ាន និងជាអ្នករួមចំណែកដល់អនាគតនៃតំបន់។
ទិសដៅអភិវឌ្ឍន៍របស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានដឹកនាំដោយផែនការអភិវឌ្ឍន៍ជាតិរយៈពេលមធ្យម - RPJMN ២០២៥–២០២៩។ តាមរយៈផែនការនេះ ប្រទេសឥណ្ឌូនេស៊ីមានគោលបំណងបង្កើនកំណើនសេដ្ឋកិច្ចបន្តិចម្តងៗដល់ ៨% នៅឆ្នាំ ២០២៩។ ទោះជាយ៉ាងណាក៏ដោយ លោក Rachmat Pambudy បានសង្កត់ធ្ងន់ថា កំណើនមិនមែនជាគោលដៅចុងក្រោយនោះទេ។ កំណើនត្រូវតែកាត់បន្ថយភាពក្រីក្រ បង្កើនប្រភពធនធានមនុស្ស និងបង្កើតឱកាសសម្រាប់មនុស្សជំនាន់ក្រោយ។ កំណើនត្រូវបានជំរុញដោយផ្តោតលើសសរស្តម្ភសំខាន់ៗដូចជា៖
១. ហេដ្ឋារចនាសម្ព័ន្ធសង្គមឆ្លុះបញ្ចាំងពីការវិនិយោគលើប្រជាជន។ ប្រទេសឥណ្ឌូនេស៊ីមានគោលបំណងលើកកម្ពស់គុណភាពធនធានមនុស្សរបស់ខ្លួន ជាពិសេសតាមរយៈការផ្តល់ការអប់រំ ការថែទាំសុខភាព និងសន្តិសុខសង្គមកាន់តែប្រសើរឡើង។
២. ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសការអភិវឌ្ឍការតភ្ជាប់ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ពង្រីកទីផ្សារក្នុងស្រុក និងភ្ជាប់តំបន់នានាប្រកបដោយប្រសិទ្ធភាពជាមួយមជ្ឈមណ្ឌលកំណើនសំខាន់ៗ។
៣. ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលមានសារៈសំខាន់សម្រាប់ការពង្រឹងមូលដ្ឋានផលិតកម្ម និងការចែកចាយ។ នេះរួមបញ្ចូលទាំងការលើកទឹកចិត្តដល់ការកែច្នៃធនធានធម្មជាតិនៅផ្នែកខាងក្រោម ការអភិវឌ្ឍឧស្សាហកម្មកែច្នៃ និងការផ្តល់អំណាចដល់សហគ្រាសខ្នាតតូច មធ្យម និងមធ្យម (MSMEs) និងសហករណ៍។
៤. ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការធ្វើកំណែទម្រង់អភិបាលកិច្ច ដើរតួនាទីបម្រើជាកម្លាំងចលករសំខាន់ៗនៃសេដ្ឋកិច្ចក្នុងស្រុកតាមរយៈសេវាសាធារណៈឌីជីថល ប្រព័ន្ធទិន្នន័យរួមបញ្ចូលគ្នា និងដំណើរការអាជីវកម្មកាន់តែមានប្រសិទ្ធភាព។
ប្រទេសឥណ្ឌូនេស៊ីកំពុងពន្លឿនការអភិវឌ្ឍឌីជីថលរបស់ខ្លួនតាមរយៈសសរស្តម្ភជាច្រើន៖ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅទូទាំងប្រជុំកោះ, ពង្រីករដ្ឋាភិបាលឌីជីថល និងសេវាសាធារណៈ, ការអភិវឌ្ឍទេពកោសល្យឌីជីថល និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ រួមទាំងបញ្ញាសិប្បនិម្មិត, ការកសាងភាពជាដៃគូសកលដ៏រឹងមាំក្នុងការច្នៃប្រឌិតឌីជីថល, កិច្ចសហប្រតិបត្តិការក្នុងការផលិតអេឡិចត្រូនិក និងស៊ីមីកុងដុកទ័រ (បន្ទះឈីប)។
រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អនាគតនៃទំនាក់ទំនងឥណ្ឌូនេស៊ី-វៀតណាម គឺមានសក្តានុពលខ្លាំងៗ។ ប្រទេសទាំងពីរមានសេដ្ឋកិច្ចស្វាហាប់ ប្រជាជនវ័យក្មេង និងមានផលិតភាពខ្ពស់ និងចក្ខុវិស័យអភិវឌ្ឍន៍កាន់តែស៊ីសង្វាក់គ្នា។ រួមគ្នា ឥណ្ឌូនេស៊ី និងវៀតណាមអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់អនាគតរបស់អាស៊ាន និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ អ្វីដែលសំខាន់ជាងនេះទៅទៀត ប្រទេសទាំងពីរអាចបង្ហាញដល់ពិភពលោកថា ប្រជាជាតិអាស៊ីអាគ្នេយ៍មិនត្រឹមតែជាអ្នកចូលរួមក្នុងការផ្លាស់ប្តូរសកលប៉ុណ្ណោះទេ ប៉ុន្តែកំពុងក្លាយជាកម្លាំងចលករនៃការផ្លាស់ប្តូរថែមទៀត។
គំនិតផ្តួចផ្តើមសហប្រតិបត្តិការដ៏ជោគជ័យ
លោករដ្ឋមន្ត្រីបានថ្លែងថា ក្នុងបរិបទសព្វថ្ងៃនេះកិច្ចសហប្រតិបត្តិការរវាងប្រទេសឥណ្ឌូនេស៊ី និងវៀតណាម កាន់តែមានសារៈសំខាន់ ភាពជាដៃគូក៏មានវិវឌ្ឍផងដែរ។ កិច្ចសហប្រតិបត្តិការមិនគួរត្រូវបានកំណត់ចំពោះការផ្លាស់ប្តូរបែបប្រពៃណីនោះទេ ប៉ុន្តែគួរតែអភិវឌ្ឍ និងបើកទូលាយវិស័យសហការថ្មីៗទៀតផង។ ប្រទេសវៀតណាមបានអភិវឌ្ឍសមត្ថភាពគួរឱ្យចាប់អារម្មណ៍ក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល។ ប្រការនេះនាំមកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងការកំណត់អនាគតឌីជីថលរបស់អាស៊ីអាគ្នេយ៍។
លោករដ្ឋមន្ត្រីបានលើកឡើងពីគំនិតផ្តួចផ្តើមដ៏ជោគជ័យរួមមាន៖ ទីមួយ កិច្ចសហប្រតិបត្តិការរវាង Bappenas និង CT Group ក្នុងការអភិវឌ្ឍគោលនយោបាយ និងប្រព័ន្ធអេកូឡូស៊ីសម្រាប់សេដ្ឋកិច្ចលំហកម្រិតទាប។
ទីពីរ ប្រទេសឥណ្ឌូនេស៊ីក៏កំពុងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការជាមួយ FPT វៀតណាមក្នុងវិស័យបញ្ញាសិប្បនិម្មិត និងការផ្លាស់ប្តូរឌីជីថល។ Bappenas និង FPT វៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យយុទ្ធសាស្ត្រជាច្រើន រួមទាំងការផ្លាស់ប្តូរឌីជីថលជាតិ ការអភិវឌ្ឍទេពកោសល្យឌីជីថល បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាបៃតង ទីក្រុងឆ្លាតវៃ និងយុទ្ធសាស្ត្រសេដ្ឋកិច្ចឌីជីថល។
ទីបី កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្តពង្រីកនៅក្នុងវិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្ម។ ក្រុមហ៊ុនដូចជា Japfa និង TH Group កំពុងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងផលិតកម្មម្ហូបអាហារ និងការអភិវឌ្ឍកសិ-ពាណិជ្ជកម្ម។
ទីបួន ក្រៅពីវិស័យកសិកម្ម មានឱកាសច្រើនក្នុងកិច្ចសហប្រតិបត្តិការផលិតផលជលផល។ ប្រទេសឥណ្ឌូនេស៊ីមានធនធានសមុទ្រ និងការធ្វើនេសាទកម្រិតធំជាងគេបំផុតមួយរបស់ពិភពលោក។ ម្យ៉ាងវិញទៀត ប្រទេសវៀតណាមមានសមត្ថភាពនេសាទទំហំឧស្សាហកម្មដ៏រឹងមាំ។
ទីប្រាំ ក្រៅពីនោះក៏មានឱកាសក្នុងវិស័យអចលនទ្រព្យ និងអភិវឌ្ឍន៍ទីក្រុងផងដែរ ដោយសារទាំងប្រទេសឥណ្ឌូនេស៊ី និងវៀតណាមកំពុងឆ្លងកាត់ការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័ស និងមានតម្រូវការកើនឡើងសម្រាប់លំនៅដ្ឋានទំនើបៗ។
ទីប្រាំមួយ នៅក្នុងវិស័យថែទាំសុខភាព និងជីវបច្ចេកវិទ្យា ក៏មានសក្តានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការផងដែរ។
លោករដ្ឋមន្ត្រីបានអះអាងថា ចំណងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ពិតជាត្រូវបានពង្រឹង និងពង្រីកតាមរយៈរាល់ការជឿទុកចិត្ត ការសន្ទនារួមគ្នានេះជាមិនខាន។ ទំនាក់ទំនងរវាងឥណ្ឌូនេស៊ី និងវៀតណាមមិនមែនគ្រាន់តែលើវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែប្រជាជាតិទាំងពីរនេះជឿជាក់លើអនាគតរួមគ្នាមួយដ៏ភ្លឺស្វាង អនាគតមួយដែលប្រជាជននឹងទទួលបានផលប្រយោជន៍ពីសេដ្ឋកិច្ចរីកចម្រើន...៕
បកប្រែដោយ Minh Trung