leftcenterrightdel
លោក Jozef Síkela ឧត្តមស្នងការទទួលបន្ទុកទំនាក់ទំនងភាពជាដៃគូអន្តរជាតិរបស់សហភាពអឺរ៉ុប

ក្នុងឱកាសនេះ លោក Síkela នឹងចូលរួមវេទិកាពាណិជ្ជកម្ម និងវិនិយោគរវាងសហភាពអឺរ៉ុប និងវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយនៅថ្ងៃទី ២៤ ខែមីនា។

មុនពេលដំណើរ​ទស្សនកិច្ចនេះ លោក Síkela បានបញ្ជាក់ថា៖ «វៀតណាមគឺជាប្រទេសដ៏មានមហិច្ឆតាមួយ ដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស ប្រជាជនវ័យក្មេង និងសក្តានុពលដ៏ធំធេង។ យើងរួមគ្នាចង់បង្កើតឱកាសសេដ្ឋកិច្ចថ្មីសម្រាប់យុវជន និងកសាងសេដ្ឋកិច្ចប្រកបដោយចីរភាពជាងមុន តាមរយៈការវិនិយោគលើថាមពលស្អាត និងប្រព័ន្ធដឹកជញ្ជូនទំនើប។ ជាមួយនឹងយុទ្ធសាស្ត្រច្រកទ្វារសកល យើងកំពុងនាំអង្គភាព​អាជីវកម្ម និងវិនិយោគិនអឺរ៉ុបមកកាន់ប្រទេសវៀតណាម ដើម្បីប្រែមហិច្ឆតានេះទៅជាគម្រោងជាក់ស្តែង បង្កើតការងារ និងគាំទ្រដល់ការផ្លាស់ប្តូរបៃតងរបស់ប្រទេស»។

ក្នុងក្របខ័ណ្ឌនៃវេទិកាធុរកិច្ច និងវិនិយោគ EU-វៀតណាម លោក Síkela រួមជាមួយវិស័យឯកជនអឺរ៉ុប នឹងប្រកាសពីការវិនិយោគថ្មីៗរបស់ EU នៅក្នុងប្រទេសវៀតណាម។

វេទិកានេះនឹងផ្តោតលើថាមពលស្អាត និងការដឹកជញ្ជូនប្រកបដោយចីរភាព ដែលជាវិស័យអាទិភាពពីរនៃយុទ្ធសាស្ត្រច្រកទ្វារសកលនៅវៀតណាម។ វិស័យទាំងនេះក៏រួមចំណែកដល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងក្របខ័ណ្ឌនៃភាពជាដៃគូសេដ្ឋកិច្ចរួមគ្នាសម្រាប់ការផ្លាស់ប្តូរថាមពល (JETP) ដែល EU គឺជាសហអ្នកដឹកនាំម្នាក់។

លើសពីនេះ វេទិកានេះមានគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងអឺរ៉ុប និងវៀតណាម ខណៈពេលដែលគាំទ្រវៀតណាមធ្វើទំនើបកម្មឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល និងប្រកបដោយចីរភាពជាមួយនឹងកំណើនរយៈពេលវែងដ៏រឹងមាំ។ ព្រឹត្តិការណ៍នេះប្រមូលផ្តុំអ្នកតាក់តែងគោលនយោបាយកម្រិតខ្ពស់មកពីវៀតណាម និង EU ថ្នាក់ដឹកនាំធុរកិច្ច វិនិយោគិន និងដៃគូផ្សេងទៀត ដើម្បីបើកឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ ណែនាំគម្រោងជាក់លាក់ និងកសាងភាពជាដៃគូធុរកិច្ចរយៈពេលវែង។

ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថានឹងត្រូវបានអនុវត្តដោយប្រើវិធីសាស្រ្ត "ក្រុមអឺរ៉ុប"៖ រួមគ្នាជាមួយអនុប្រធានធនាគារវិនិយោគអឺរ៉ុប (EIB) Nicola Beer លោក Síkela នឹងដឹកនាំគណៈប្រតិភូធុរកិច្ចអឺរ៉ុបទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងយល់ពីឱកាសវិនិយោគ ជាពិសេសនៅក្នុងវិស័យដឹកជញ្ជូនប្រកបដោយចីរភាព។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក Síkela នឹងចេញ​សេចក្តីប្រកាសសំខាន់ៗមួយចំនួន និងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមផងដែរ។

យុទ្ធសាស្ត្រច្រកទ្វារសកល គឺជាគំនិតផ្តួចផ្តើមរបស់សហភាពអឺរ៉ុបដែលមានគោលបំណងកាត់បន្ថយគម្លាតវិនិយោគសកល និងលើកកម្ពស់ការតភ្ជាប់ឆ្លាតវៃ ស្អាត និងមានសុវត្ថិភាពក្នុងវិស័យឌីជីថល ថាមពល និងដឹកជញ្ជូន ខណៈពេលដែលពង្រឹងប្រព័ន្ធសុខាភិបាល អប់រំ និងស្រាវជ្រាវ។

យុទ្ធសាស្ត្រច្រកទ្វារសកល បង្ហាញពីវិធីសាស្រ្ត "ក្រុមអឺរ៉ុប" ដោយប្រមូលផ្តុំសហភាពអឺរ៉ុប ប្រទេសជាសមាជិកសហភាពអឺរ៉ុប និងស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍អឺរ៉ុប។ វិធីសាស្រ្តនេះមានគោលបំណងកៀរគររហូតដល់ ៤០០ ពាន់លានអឺរ៉ូពីការវិនិយោគសាធារណៈ និងឯកជនក្នុងដំណាក់កាល ២០២១ និង ២០២៧ ដោយបង្កើតការតភ្ជាប់សំខាន់ៗជាជាងការពឹងផ្អែក និងបង្រួមគម្លាតវិនិយោគសកល៕

បកប្រែដោយ Thanh Cong