គេហទំព័ររបស់ទូរទស្សន៍មជ្ឈិមចិន (CCTV) បានចុះផ្សាយព័ត៌មាននាថ្ងៃទី១៥ ខែមីនាថា អ្នកបោះឆ្នោតទូទាំងប្រទេសវៀតណាមបានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី១៦។ ការបោះឆ្នោតនេះគឺសំដៅជ្រើសរើសសមាជិករដ្ឋសភាចំនួន ៥០០ នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន ៨៦៤ នាក់។ ក្រៅពីការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា អ្នកបោះឆ្នោតក៏បានបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ៥ ឆ្នាំខាងមុខផងដែរ។

leftcenterrightdel
គ្រាដែលអ្នកបោះឆ្នោតបោះសន្លឹកឆ្នោតចូលទៅក្នុងហិបឆ្នោត បង្ហាញពីសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជននៅក្នុងជីវភាពខាងនយោបាយរបស់ប្រទេសជាតិ (រូបថត៖ vov.vn)

ទីភ្នាក់ងារសារព័ត៌មាន Prensa Latina របស់ប្រទេសគុយបា បានគូសបញ្ជាក់ពីចំណុចថ្មីៗនៃការបោះឆ្នោតលើកនេះ រួមទាំងការរៀបចំមុនការកំណត់ ការរៀបចំជាលើកដំបូងក្រោមគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត ការផ្លាស់ថ្មីវិធីសាស្រ្តចលនាបោះឆ្នោតជាមួយនឹងទម្រង់ផ្ទាល់ និងតាមអ៊ីនធឺណិត និងការបង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងការធ្វើបរិវត្តកម្មឌីជីថលក្នុងការគ្រប់គ្រងការចុះឈ្មោះអ្នកបោះឆ្នោត និងការរៀបចំការបោះឆ្នោត។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik បានចុះផ្សាយព័ត៌មានថា ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ គឺមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះការសុក្រិតក្បាលម៉ាស៊ីនដឹកនាំសម្រាប់អាណត្តិថ្មី និងជំរុញកំណែទម្រង់ការរៀបចំ ក៏ដូចជាការអនុវត្តបច្ចេកវិទ្យាក្នុងសកម្មភាពបោះឆ្នោត ដោយហេតុនោះ រួមចំណែកពង្រឹងប្រព័ន្ធនយោបាយ និងការអភិវឌ្ឍប្រទេសជាតិ។

ក្នុងពេលជាមួយគ្នានោះ គេហទំព័រ nikkei.com (ជប៉ុន) បានវាយតម្លៃថា ការបោះឆ្នោតបង្ហាញពីសិទ្ធិធ្វើជាម្ចាស់ និងការចូលរួមរបស់ប្រជាជនក្នុងជីវភាពខាងនយោបាយរបស់វៀតណាម។ លើសពីនេះ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិដូចជា Reuters (ចក្រភពអង់គ្លេស), AFP (បារាំង) ក៏បានចុះផ្សាយព័ត៌មានអំពីទិវាបុណ្យនៃការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នៅវៀតណាមផងដែរ៕

បកប្រែដោយ Huyen Trang