ធុរកិច្ចវៀតណាមផ្សព្វផ្សាយផលិតផលកាហ្វេ និងម្ហូបអាហារនៅប្រទេសឥណ្ឌា
កប.អនឡាញ - នៅព្រឹកថ្ងៃទី១០ ខែមីនា ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារ និងសណ្ឋាគារអន្តរជាតិលើកទី៤០ (AAHAR) ត្រូវបានបើកនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ Bharat Mandapam ក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយអង្គការជម្រុញពាណិជ្ជកម្មឥណ្ឌា (ITPO) របស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា និងក្រសួងឧស្សាហកម្មកែច្នៃម្ហូបអាហារឥណ្ឌា។ ពិព័រណ៍ឆ្នាំនេះត្រូវបានរៀបចំលើផ្ទៃដីប្រហែល ១២៥,០០០ ម៉ែត្រការ៉េ ដោយមានអ្នកតាំងពិព័រណ៍ជិត ១,៨០០ នាក់មកពី ១៧ ប្រទេស រួមទាំងក្រុមហ៊ុនអន្តរជាតិប្រហែល ១៥៥ ដែលបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់សហគមន៍ធុរកិច្ចសកលដល់វិស័យម្ហូបអាហារ និងសេវាកម្មសណ្ឋាគារ។
    |
 |
|
ធុរកិច្ចវៀតណាមផ្សព្វផ្សាយផលិតផលកាហ្វេ (រូបថត៖ vnanet.vn) |
នៅក្នុងពិព័រណ៍ឆ្នាំនេះ ស្តង់របស់វៀតណាមបានដាក់តាំងបង្ហាញផលិតផលជាច្រើនប្រភេទដូចជា កាហ្វេ អាហារកែច្នៃ និងភេសជ្ជៈផ្លែឈើ ដែលទាក់ទាញការយកចិត្តទុកដាក់របស់ទស្សនិកជន និងដៃគូអាជីវកម្ម។ យោងតាមធុរកិច្ចដែលចូលរួម ការចូលរួម AAHAR 2026 មានគោលបំណងពង្រីកការតភ្ជាប់ជាមួយដៃគូ ការស្វែងរកអតិថិជន និងការផ្សព្វផ្សាយម៉ាកយីហោនៅក្នុងទីផ្សារធំ និងស្វាហាប់បំផុតមួយរបស់ពិភពលោក។
លោក Bui Trung Thuong ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសឥណ្ឌា បានឲ្យដឹងថា វត្តមាននៃស្តង់ធំៗចំនួនបីរបស់វៀតណាមដែលបង្ហាញផលិតផលកាហ្វេ និងអាហារកែច្នៃ បង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់ធុរកិច្ចវៀតណាមនៅក្នុងទីផ្សារឥណ្ឌា ដែលជាទីផ្សារដែលមានប្រជាជនច្រើននិងសក្តានុពលអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ ជាពិសេស ក្រុមហ៊ុន Trung Nguyen បន្តចូលរួមជាមួយស្តង់ទ្រង់ទ្រាយធំ និងកំពុងបង្កើតយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ការអភិវឌ្ឍនៅក្នុងប្រទេសឥណ្ឌា។ នាពេលខាងមុខ យើងសង្ឃឹមថានឹងមានធុរកិច្ចវៀតណាមកាន់តែច្រើនចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មនេះនៅប្រទេសឥណ្ឌា ហើយការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសឥណ្ឌានឹងបន្តគាំទ្រយ៉ាងសកម្ម ផ្តល់ព័ត៌មាន និងតភ្ជាប់ដើម្បីបង្កើនវត្តមាននៃទំនិញវៀតណាមនៅក្នុងទីផ្សារនេះ។
ពិព័រណ៍ AAHAR 2026 ប្រព្រឹត្តទៅក្នុងរយៈពេលប្រាំថ្ងៃ ហើយត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ពាណិជ្ជកម្មសំខាន់បំផុតមួយសម្រាប់ផ្នែកម្ហូបអាហារ និងសណ្ឋារគារនៅក្នុងតំបន់ ដោយផ្តល់ឱកាសសម្រាប់ធុរកិច្ចក្នុងការបង្ហាញផលិតផល ស្វែងរកកិច្ចសហប្រតិបត្តិការ ជម្រុញការនាំចេញ និងពង្រីកបណ្តាញពាណិជ្ជកម្មអន្តរជាតិ។ ព្រឹត្តិការណ៍នេះក៏បានរួមចំណែកដល់ការបង្កើនការតភ្ជាប់ពាណិជ្ជកម្មសកល និងជម្រុញការផ្លាស់ប្ដូរថ្មីនៅក្នុងខ្សែសង្វាក់តម្លៃម្ហូបអាហារ និងសេវាកម្មសណ្ឋាគារផងដែរ៕
បកប្រែដោយ Thuy Anh