វៀតណាម និងស្វីស ជម្រុញការចរចាកិច្ចព្រមព្រៀង FTA វៀតណាម-EFTA
កប.អនឡាញ - នៅថ្ងៃទី១៦ ខែមីនា លោក Nguyen Sinh Nhat Tan អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានជួបប្រជុំជាមួយលោកស្រី Helene Budliger Artieda រដ្ឋលេខាធិការទទួលបន្ទុកសេដ្ឋកិច្ចរបស់ស្វីស ដើម្បីពិភាក្សាអំពីទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងស្វីស ក៏ដូចជាទិសដៅជំរុញការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA)។
ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្តខាងនយោបាយ និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការបញ្ចប់ការចរចានៅក្នុងសម័យប្រជុំលើកទី២០ នៅទីក្រុងហាណូយ។ ភាគីទាំងពីរបានឯកភាពគ្នាថា វៀតណាម និង EFTA នឹងខិតខំប្រកាសបញ្ចប់ការចរចានៅចុងខែមិថុនា ឆ្នាំ២០២៦ នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រី EFTA នៅប្រទេសអ៊ីស្លង់ ព្រមទាំងឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។
    |
 |
|
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ moit.gov.vn) |
ភាគីស្វីសបានសង្កត់ធ្ងន់ថា វៀតណាមគឺជាដៃគូសំខាន់មួយដោយវាយតម្លៃខ្ពស់ចំពោះតួនាទីនាំដឹកនាំរបស់វៀតណាមនៅក្នុងអាស៊ាន និងការរៀបចំដោយជោគជ័យនូវសកម្មភាពនានាក្នុងឆ្នាំជាប្រធាន CPTPP។ យោងតាមប្រទេសស្វីស ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EFTA នឹងបើកឱកាសសម្រាប់ធុរកិច្ចស្វីសដែលមានគុណភាពខ្ពស់ក្នុងការវិនិយោគនៅក្នុងប្រទេសវៀតណាម រួមចំណែកដល់ការបង្កើតការងារ ជម្រុញការផ្ទេរបច្ចេកវិទ្យា និងការគាំទ្រវៀតណាមក្នុងការសម្រេចបាននូវគោលដៅទំនើបកម្មក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
វៀតណាមបានបញ្ជាក់ពីការចាត់ទុកប្រទេសស្វីសជាដៃគូអាទិភាពកំពូលមួយរបស់ខ្លួន។ វៀតណាមសម្តែងនូវបំណងជម្រុញការចរចា ដើម្បីធុរកិច្ចនៃភាគីទាំងពីរទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះនៅពេលឆាប់ៗនេះ។ ទន្ទឹមនឹងនោះ វៀតណាមសង្ឃឹមថា សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរនឹងបង្កើតផែនការសហប្រតិបត្តិការ និងពង្រឹងសកម្មភាពជំរុញពាណិជ្ជកម្ម និងវិនិយោគ ដើម្បីឲ្យធុរកិច្ចអាចឆ្លៀតយកអត្ថប្រយោជន៍នាំមកពីកិច្ចព្រមព្រៀងនៅពេលដែលវាចូលជាធរមាន៕
បកប្រែដោយ Thuy Anh