ខេត្ត Phu Tho វៀតណាម និងប្រទេសថៃបង្កើនការវិនិយោគ និងការតភ្ជាប់ធុរកិច្ច
កប.អនឡាញ - នៅថ្ងៃទី១៦ ខែមីនា នៅខេត្ត Phu Tho វៀតណាម ក្រុមបេសកកម្មនៃស្ថានទូតថៃប្រចាំវៀតណាម ដឹកនាំដោយលោកស្រី Urawadee Sriphiromya ឯកអគ្គរដ្ឋទូតប្រទេសថៃប្រចាំនៅវៀតណាម បានបំពេញទស្សនកិច្ចការងារ និងចូលរួមក្នុងសិក្ខាសាលាស្វែងរកឱកាសវិនិយោគនៅក្នុងខេត្ត Phu Tho។
ដោយទទួលស្វាគមន៍លោកស្រីឯកអគ្គរដ្ឋទូត និងក្រុមបេសកកម្ម លោក Tran Duy Dong ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់នៅក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងថៃ ស្របពេលខេត្ត Phu Tho កំពុងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ។
    |
 |
|
ទិដ្ឋភាពនៃវេទិកា (រូបថត៖ baophutho.vn) |
បច្ចុប្បន្ននេះ ខេត្ត Phu Tho កំពុងបន្តធ្វើឲ្យប្រសើឡើងនូវបរិយាកាសវិនិយោគ និងអាជីកម្ម ជម្រុញកំណែទម្រង់រដ្ឋបាល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មឱ្យស៊ីសង្វាក់គ្នា ព្រមទាំងផ្តល់អាទិភាពដល់ការទាក់ទាញការវិនិយោគលើពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៍ កសិកម្មអេកូឡូស៊ី និងកសិកម្មឆ្លាតវៃ ដែលភ្ជាប់ទៅនឹងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ផ្សារទំនើប និងប្រព័ន្ធលក់រាយនៅក្នុងប្រទេសវៀតណាម។ល។
ទន្ទឹមនឹងឧស្សាហកម្ម ខេត្ត Phu Tho ក៏មានសក្តានុពលជាច្រើនក្នុងការអភិវឌ្ឍទេសចរណ៍ជាមួយនឹងប្រព័ន្ធកេរិ៍្តដំណែលប្រវត្តិសាស្ត្រ វប្បធម៌ដ៏ពិសេស មណ្ឌលទេសចរណ៍អេកូឡូស៊ី និងសម្រាកលំហែកាយដ៏សម្បូរបែប។ នេះជាមូលដ្ឋានអំណោយផលសម្រាប់ការជម្រុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការបង្កើនការតភ្ជាប់រវាងបណ្តាមូលដ្ឋាន ជាមួយធុរកិច្ច និងប្រជាជននៃប្រទេសទាំងពីរ។
ដោយវាយតម្លៃខ្ពស់ចំពោះទិសដៅអភិវឌ្ឍន៍របស់ខេត្ត Phu Tho លោកស្រី Urawadee Sriphiromya បានឲ្យដឹងថា នឹងបន្តដើរតួនាទីជាស្ពានដើម្បីជម្រុញធុរកិច្ចថៃឲ្យស្វែងយល់ និងពង្រីកការវិនិយោគនៅខេត្ត Phu Tho។
ក្នុងឱកាសនេះ ស្ថានទូតថៃប្រចាំប្រទេសវៀតណាម បានស្នើឲ្យរៀបចំព្រឹត្តិការណ៍ “Thai Connect - តភ្ជាប់ថៃនៅខេត្ត Phu Tho 2026” ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ និងថ្ងៃ២៨ ខែឧសភាខាងមុខ ក្រោមប្រធានបទ “ទីក្រុងឆ្លាតវៃជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព” ដែលមានស្តង់ពាណិជ្ជកម្ម សកម្មភាពជម្រុញការវិនិយោគ និងសិក្ខាសាលាស្តីពីថាមពលកកើតឡើងវិញ សុខាភិបាល និងការការពារបរិស្ថាន៕
បកប្រែដោយ Thuy Anh