ជម្រុញការវិនិយោគរបស់ជប៉ុននៅក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យារបស់ទីក្រុងហូជីមិញ
កប.អនឡាញ - នៅថ្ងៃទី១១ ខែមីនា នៅទីក្រុងហូជីមិញ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងការិយាល័យ JETRO (អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន) នៅទីក្រុងហូជីមិញ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការបង្កើត និងជម្រុញទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និង JETRO ក្នុងវិស័យជំរុញពាណិជ្ជកម្ម និងវិនិយោគ។
យោងតាមអនុស្សរណៈនៃការយោគយល់គ្នា កិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និង JETRO ផ្តោតលើការជម្រុញការវិនិយោគនៅទីក្រុងហូជីមិញរបស់ជប៉ុន ក្នុងវិស័យឧស្សាហកម្មកែច្នៃ និងផលិតកម្ម ឧស្សាហកម្មគាំទ្រ សេវាកម្ម នវានុវត្តន៍ បច្ចេកវិទ្យាឌីជីថល ថាមពលស្អាតជាដើម។
ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ តភ្ជាប់ធុរកិច្ចនៃប្រទេសទាំងពីរ ជម្រុញការវិនិយោគ បង្កើនសកម្មភាពជួយគាំទ្រធុរកិច្ចទីក្រុងហូជីមិញឲ្យចូលរួមកាន់តែស៊ីជម្រៅនៅក្នុងផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល និងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស។
    |
 |
|
ទីក្រុងហូជីមិញ និង JETRO ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ និងភ្ជាប់ធុរកិច្ចនៃប្រទេសទាំងពីរ (រូបថត៖ vnanet.vn) |
ក្នុងកិច្ចពិភាក្សាជាមួយដៃគូជប៉ុន លោក Nguyen Van Duoc ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានវាយតម្លៃខ្ពស់ចំពោះតួនាទីជាស្ពានដែលតភ្ជាប់រដ្ឋាភិបាល និងធុរកិច្ចជប៉ុន ជាមួយអាជ្ញាធរ និងធុរកិច្ចទីក្រុងហូជីមិញ របស់អង្គការ JETRO និងការិយាល័យ JETRO ប្រចាំនៅទីក្រុងហូជីមិញ។
លោក Hirano Kenichi អនុប្រធាន JETRO បានឲ្យដឹងថា ប្រទេសវៀតណាមគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ាន ដែល JETRO មានការិយាល័យតំណាងពីរ (នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ)។ លោកអនុប្រធាន JETRO បានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការរវាង JETRO និងទីក្រុងហូជីមិញ មានគោលបំណងបង្កើតក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការថ្មីរវាងភាគីទាំងពីរ បង្កើតលក្ខណៈងាយស្រួលសម្រាប់ធុរកិច្ចជប៉ុននិងវៀតណាម ក្នុងការវិនិយោគ និងកិច្ចសហប្រតិបត្តិការ រួមចំណែកដល់ការពង្រឹងឲ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងជប៉ុន និងវៀតណាម៕
បកប្រែដោយ Thuy Anh