ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច លោក Nguyen Chi Dung បានជួបសវនាការជាមួយលោក Bodo Ramelow អនុប្រធានសភាសហព័ន្ធអាល្លឺម៉ង់ (Bundestag)។

លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកអនុប្រធានសភាអាល្លឺម៉ង់ អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅវៀតណាម ទិសដៅអភិវឌ្ឍន៍សំខាន់ៗ និងយុទ្ធសាស្ត្ររបស់វៀតណាមក្នុងស្ថានភាពថ្មី ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ច វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វៀតណាមតែងតែវាយតម្លៃខ្ពស់ចំពោះតួនាទី របស់អាល្លឺម៉ង់នៅក្នុងតំបន់ និងពិភពលោក ហើយវាយតម្លៃខ្ពស់ចំពោះសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Nguyen Chi Dung និងលោក Bodo Ramelow (រូបថត៖ vnanet.vn)

លោក Nguyen Chi Dung លើកទឹកចិត្តធុរកិច្ចអាល្លឺម៉ង់ឲ្យពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យដែលអាល្លឺម៉ង់មានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការ ដូចជា៖ ការធ្វើបរិវត្តកម្មបៃតង ការធ្វើបរិវត្តកម្មឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់ (ស្វ័យប្រវត្តិកម្ម ការផលិត/រោងចក្រឆ្លាតវៃ បញ្ញាសិប្បនិម្មិត...)។

លោក Bodo Ramelow បានអះអាងថា អាល្លឺម៉ង់តែងតែវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនៅក្នុងតំបន់ និងពិភពលោក។ លោកបានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍគួរឲ្យកត់សម្គាល់របស់វៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ និងសម្ដែងនូវទំនុកចិត្តលើទិសដៅ យុទ្ធសាស្ត្រអភិវឌ្ឍន៍សំខាន់ៗក្នុងដំណាក់កាលថ្មីដែលបានកំណត់ដោយមហាសន្និបាតរបស់បក្សកុម្មុយនិស្តវៀតណាម។

ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពបន្តជម្រុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅក្នុងវេទិកា និងយន្តការពហុភាគី ក្នុងស្មារតីគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅប្រទេសអាល្លឺម៉ង់ផងដែរ លោក Nguyen Chi Dung បានដឹកនាំគណៈប្រតិភូទៅទស្សនាមជ្ឈមណ្ឌលចាប់ផ្ដើមធ្វើអាជីវកម្ម (CfE) នៅសាកលវិទ្យាល័យបច្ចេកទេសប៊ែរឡាំង (TU Berlin) និងជួបធ្វើការជាមួយសាជីវកម្មធំៗរបស់អាល្លឺម៉ង់ដូចជា ក្រុមហ៊ុន SAP ក្រុមហ៊ុន Siemens Healthineers នៅទីក្រុងប៊ែរឡាំង ព្រមទាំងទៅទស្សនាក្រុមហ៊ុនសាជីវកម្ម Bosch និង Trumpf ដែលជាក្រុមបច្ចេកវិទ្យាឡាស៊ែរឧស្សាហកម្ម នៅទីក្រុង Stuttgart។

leftcenterrightdel
លោក Nguyen Chi Dung ទៅទស្សនាក្រុមហ៊ុនសាជីវកម្ម Trumpf នៅទីក្រុង Stuttgart (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ លោក Nguyen Chi Dung បានផ្តល់ព័ត៌មានអំពីសេដ្ឋកិច្ច និងការវិនិយោគរបស់ប្រទេសវៀតណាម ដោយបញ្ជាក់ថា វៀតណាមក៏បានកំណត់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាមូលដ្ឋានសម្រាប់លើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងប្រសិទ្ធភាពនៃសេដ្ឋកិច្ច រួមចំណែកដល់កំណើន GDP ក្នុងរយៈពេលខាងមុខ។

លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យសាជីវកម្មឈានមុខគេរបស់អាល្លឺម៉ង់បន្តវិនិយោគ ពង្រីកផលិតកម្ម និងអាជីវកម្មនៅក្នុងប្រទេសវៀតណាម និងជាពិសេសពិចារណាលើការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) និងមជ្ឈមណ្ឌលនវានុវត្តន៍នៅក្នុងប្រទេសវៀតណាម៕

បកប្រែដោយ Thuy Anh