ធុរកិច្ចអូស្ត្រាលីជំរុញការវិនិយោគលើវិស័យកសិកម្មនៅវៀតណាម
កប.អនឡាញ - នៅថ្ងៃទី១៩ ខែមីនា ទីភ្នាក់ងារពាណិជ្ជកម្ម និងវិនិយោគរបស់រដ្ឋាភិបាលអូស្ត្រាលី (Austrade) បានដឹកនាំគណៈប្រតិភូ រួមមានធុរកិច្ចកសិកម្ម និងស្បៀងអាហារអូស្ត្រាលីចំនួន ២៨ បំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ ដើម្បីចូលរួមវេទិកាតភ្ជាប់ពាណិជ្ជកម្ម និងវិនិយោគអូស្ត្រាលី-វៀតណាម។
ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងក្នុងក្របខ័ណ្ឌនៃកម្មវិធីផ្លាស់ប្តូរធុរកិច្ចអូស្ត្រាលី-អាស៊ីអាគ្នេយ៍ (A-SEABX) ដែលប្រព្រឹត្តទៅពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមីនា ដោយបង្ហាញពីចំណាប់អារម្មណ៍របស់ធុរកិច្ចអូស្ត្រាលីក្នុងការធ្វើពិពិធកម្មនូវទំនាក់ទំនងសហប្រតិបត្តិការ ជាពិសេសការបង្កើនការតភ្ជាប់ជាមួយទីផ្សារវៀតណាម។
លោកស្រី Sarah Hooper អគ្គកុងស៊ុលអូស្ត្រាលីប្រចាំទីក្រុងហូជីមិញបានឲ្យដឹងថា ទំនាក់ទំនងទ្វេភាគីរវាងអូស្ត្រាលី និងវៀតណាម បានអភិវឌ្ឍយ៉ាងខ្លាំងចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៧៣។ ជាពិសេស ការដែលប្រទេសទាំងពីរដម្លើងទំនាក់ទំនងក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅខែមីនា ឆ្នាំ២០២៤ ជារបត់សំខាន់ ដោយជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងកម្រិតថ្មីមួយ។ យោងតាមលោកស្រី Sarah Hooper ប្រទេសអូស្ត្រាលីប្តេជ្ញាបន្តកសាងទំនាក់ទំនងវិជ្ជមាន និងប្រកបដោយចីរភាពជាមួយប្រទេសវៀតណាម ព្រមទាំងជម្រុញការតភ្ជាប់សេដ្ឋកិច្ចតាមរយៈយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ដល់ឆ្នាំ ២០៤០។
    |
 |
|
កិច្ចពិភាក្សាអំពីខ្សែសង្វាក់ផ្គត់ផ្គង់កសិកម្មក្នុងក្របខ័ណ្ឌនៃវេទិកាតភ្ជាប់ពាណិជ្ជកម្ម និងវិនិយោគអូស្ត្រាលី-វៀតណាម (រូបថត៖ vnanet.vn) |
នៅក្នុងវិស័យកសិកម្ម លោកស្រី Sarah Hooper បានឲ្យដឹងថា ប្រទេសវៀតណាមគឺជាទីផ្សារធំទីប្រាំពីររបស់ប្រទេសអូស្ត្រាលីសម្រាប់ផលិតផលកសិកម្ម រុក្ខកម្ម និងនេសាទ ដោយមានទំហំពាណិជ្ជកម្ម ២.៦ ពាន់លានដុល្លារអូស្ត្រាលីនៅឆ្នាំ២០២៥។
ស្តីអំពីសក្តានុពលទីផ្សារ ធុរកិច្ចអូស្ត្រាលីចាត់ទុកវៀតណាមជាប្រទេសមួយដែលមានសេដ្ឋកិច្ចស្វាហាប់បំផុតនៅអាស៊ីអាគ្នេយ៍ ជាមួយតម្រូវការចំពោះអាហារដែលមានគុណភាពខ្ពស់ មានសុវត្ថិភាព កំពុងកើនឡើង។ នេះជាឱកាសល្អសម្រាប់ធុរកិច្ចអូស្ត្រាលីក្នុងវិស័យដូចជាសាច់ អាហារសមុទ្រ ផលិតផលទឹកដោះគោ ផ្លែឈើ និងបន្លែ និងអាហារកែច្នៃ។ល។
នៅក្នុងវិស័យផលិតកម្ម ប្រទេសវៀតណាមកំពុងធ្វើទំនើបកម្មនូវវិស័យកសិកម្ម និងម្ហូបអាហារដោយឆ្ពោះទៅរកផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ បំពេញតាមស្តង់ដារ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ហើយបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការផ្ទេរបច្ចេកវិទ្យា នវានុវត្តន៍ និងការវិនិយោគ។
នៅក្នុងក្របខ័ណ្ឌនៃវេទិកានេះ កិច្ចពិភាក្សាលើវិស័យម្ហូបអាហារ និងភេសជ្ជៈ ជលផល និងចំណីសត្វ បានទាក់ទាញចំណាប់អារម្មណ៍នៃធុរកិច្ច សមាគម និងអ្នកជំនាញកសិកម្មជាច្រើន មកពីប្រទេសទាំងពីរ។ វេទិកានេះផ្តល់ព័ត៌មានអំពីច្បាប់ និងទីផ្សារផលិតផលកសិកម្ម និងម្ហូបអាហារនៅក្នុងប្រទេសវៀតណាម គំរូវិនិយោគដែលកំពុងលេចចេញ និងទិសដៅសហប្រតិបត្តិការជាយុទ្ធសាស្ត្រ តាមរយៈនោះរួមចំណែកដល់ការជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី៕
បកប្រែដោយ Thuy Anh