នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅខេត្តខនកែន (ប្រទេសថៃ) អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តខនកែន សហការជាមួយសាកលវិទ្យាល័យខនកែន បានរៀបចំកម្មវិធីសន្ទនាមួយដែលមានចំណងជើងថា “ឆ្ពោះទៅរកអនាគតនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មប្រកបដោយចីរភាពរវាងវៀតណាម និងថៃ”។

ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃសកម្មភាពជាបន្តបន្ទាប់ដែលរំលឹកខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងថៃ (ថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៧៦ – ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦) ដោយទាក់ទាញការចូលរួមពីតំណាងជាច្រើនមកពីអង្គការ អង្គភាពអាជីវកម្ម និងអ្នកស្រាវជ្រាវ នៃប្រទេសទាំងពីរ។

leftcenterrightdel
លោកអគ្គកុងស៊ុល Dinh Hoang Linh ថ្លែងសុន្ទរកថាបើកកម្មវិធី

នៅក្នុងព្រឹត្តិការណ៍នេះ លោក Dinh Hoang Linh អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តខនកែន បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃមហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានបើកយុគសម័យថ្មីនៃការអភិវឌ្ឍសម្រាប់ប្រទេសវៀតណាម ដោយមានចក្ខុវិស័យក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។

ដើម្បីសម្រេចបាននូវគោលដៅកំណើន ១០% ឬច្រើនជាងនេះក្នុងរយៈពេល ២០២៦-២០៣០ វៀតណាមបានកំណត់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាកត្តាជំរុញសំខាន់ៗ។ ខណៈពេលដែលកំពុងលើកកម្ពស់តួនាទីរបស់វិស័យឯកជន ពន្លឿនកំណែទម្រង់ស្ថាប័ន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អគុណភាពធនធានមនុស្ស។

leftcenterrightdel
ប្រតិភូដែលចូលរួមកម្មវិធី

ដោយផ្អែកលើការអភិវឌ្ឍវិជ្ជមានកាន់តែខ្លាំងឡើងនៃទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ជាមួយនឹងការកើនឡើងជាបន្តបន្ទាប់នៃទំហំពាណិជ្ជកម្ម និងការវិនិយោគ អគ្គកុងស៊ុលបានបញ្ជាក់ថា វៀតណាមនៅតែជាគោលដៅដ៏ទាក់ទាញសម្រាប់អង្គភាពអាជីវកម្មថៃ ជាពិសេសនៅក្នុងវិស័យផលិតកម្មឧស្សាហកម្ម ការលក់រាយ កសិកម្មបច្ចេកវិទ្យាខ្ពស់ ថាមពលកកើតឡើងវិញ ភស្តុភារ និងពាណិជ្ជកម្មអេឡិចត្រូនិក។

ចំពោះអង្គភាពអាជីវកម្មថៃ អគ្គកុងស៊ុលបានណែនាំឱ្យស្រាវជ្រាវទីផ្សារវៀតណាមយ៉ាងហ្មត់ចត់ ដោយទាញយកផលប្រយោជន៍ពីការអនុគ្រោះពន្ធ និងផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូចជា CPTPP និង EVFTA ខណៈពេលដែលពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងស្រុក និងកសាងយុទ្ធសាស្ត្រវិនិយោគរយៈពេលវែង។

លោកអគ្គកុងស៊ុល Dinh Hoang Linh ក៏បានបញ្ជាក់ផងដែរថា ការិយាល័យតំណាងវៀតណាមប្រចាំប្រទេសថៃនឹងបន្តរួមដំណើរ និងគាំទ្រអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរតាមរយៈសកម្មភាពការទូតសេដ្ឋកិច្ច ពិព័រណ៍ពាណិជ្ជកម្ម និងវេទិកាធុរកិច្ច។

leftcenterrightdel
អង្គភាពអាជីវកម្មដាក់តាំងបង្ហាញផលិតផលនៅក្នុងព្រឹត្តិការណ៍នេះ

នៅក្នុងក្របខ័ណ្ឌនៃកម្មវិធី លោកអគ្គកុងស៊ុល Dinh Hoang Linh ក៏បានចែករំលែកជាមួយសារព័ត៌មានថៃអំពីចំណុចថ្មីៗនៃមហាសន្និបាតបក្ស លើកទី ១៤ ដោយសង្កត់ធ្ងន់លើផ្នត់គំនិត "ស្វ័យភាពជាយុទ្ធសាស្ត្រ" ជាគោលការណ៍ណែនាំ ដែលបង្ហាញពីវៀតណាមដែលមានភាពសកម្ម មានទំនុកចិត្ត និងការទទួលខុសត្រូវក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ៕

បកប្រែដោយ Duy Hoan