ក្រុមហ៊ុន AstraZeneca ប្តេជ្ញាចិត្ដរួមដំណើរជាមួយវៀតណាមក្នុងការបង្កើនសមត្ថភាពសម្រាប់ការបង្ការជំងឺមិនឆ្លង
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារទៅកាន់ចក្រភពអង់គ្លេសនាពេលថ្មីៗនេះ គណៈប្រតិភូក្រសួងសុខាភិបាលវៀតណាមដឹកនាំដោយលោក Nguyen Tri Thuc អនុរដ្ឋមន្ត្រី បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (DISC) របស់ក្រុមហ៊ុន AstraZeneca នៅទីក្រុង Cambridge។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើយុទ្ធសាស្ត្រអភិវឌ្ឍន៍ឱសថ ការអនុវត្តបញ្ញាសិប្បនិម្មិត និងការធ្វើបរិវត្ដកម្មឌីជីថលក្នុងសុខាភិបាល ក៏ដូចជាយន្តការទទួលបានថ្នាំ និងហិរញ្ញប្បទានសុខាភិបាលប្រកបដោយចីរភាព និងផែនទីបង្ហាញផ្លូវនាពេលអនាគតរបស់វិស័យវេជ្ជសាស្ដ្រក្នុងការពង្រឹងការការពារកម្មសិទ្ធិបញ្ញាក្នុងវិស័យវេជ្ជសាស្ត្រ និងឱសថ ជាពិសេសការផលិតឱសថ។
    |
 |
|
គណៈប្រតិភូក្រសួងសុខាភិបាលវៀតណាមនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (DISC) របស់ក្រុមហ៊ុន AstraZeneca នៅទីក្រុង Cambridge |
ក្រុមហ៊ុន AstraZeneca មានបំណងចង់ជំរុញការឯកភាពនូវគោលនយោបាយដើម្បីគាំទ្រដល់ការធ្វើនវានុវត្ដន៍ ការពារកម្មសិទ្ធិបញ្ញា (IP) អភិវឌ្ឍយន្តការហិរញ្ញប្បទានថ្មីដើម្បីទទួលបានថ្នាំ និងដំណោះស្រាយសុខាភិបាលទំនើបៗល។
តំណាងក្រុមហ៊ុន AstraZeneca បានសង្កត់ធ្ងន់លើតួនាទីនៃកិច្ចសហប្រតិបត្តិការពហុភាគី ព្រមទាំងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការរួមដំណើរជាមួយវៀតណាមក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល និងបង្កើនសមត្ថភាពសម្រាប់ការបង្ការ រកឃើញឆាប់និងគ្រប់គ្រងជំងឺមិនឆ្លង។
លោក Nguyen Tri Thuc អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ក្រុមហ៊ុន AstraZeneca ចំពោះប្រព័ន្ធសុខាភិបាលវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ជាពិសេសនៅក្នុងកម្មវិធីសហប្រតិបត្តិការលើការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងដូចជា ជំងឺមហារីក ជំងឺសរសៃឈាមបេះដូង ជំងឺតម្រងនោម ជំងឺស្ទះសួតរ៉ាំរ៉ៃជាដើម។
លោក Nguyen Tri Thuc សង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្ទេរបច្ចេកវិទ្យា ដោយហេតុនេះរួមចំណែកលើកកម្ពស់សមត្ថភាពនៃប្រព័ន្ធសុខាភិបាល និងកែលំអគុណភាពនៃការថែទាំសុខភាពសម្រាប់ប្រជាពលរដ្ឋ៕
បកប្រែដោយ Pham Diep