លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រី ជួបជាមួយអនុប្រធានរដ្ឋសភាអាល្លឺម៉ង់
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសអាល្លឺម៉ង់ នាថ្ងៃទី២៣ ខែមីនា នៅទីស្នាក់ការរដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រីវៀតណាម បានជួបជាមួយលោក Bodo Ramelow អនុប្រធានរដ្ឋសភាអាល្លឺម៉ង់។
ក្នុងជំនួបនេះ លោក Nguyen Chi Dung និងលោក Bodo Ramelow បានឯកភាពគ្នាលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី និងយន្តការនានា ហើយបន្តគោរពនិងធានាការអនុវត្តធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។
    |
 |
|
លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រី ជួបជាមួយលោកអនុប្រធានរដ្ឋសភាអាល្លឺម៉ង់ (រូបថត៖ baochinhphu.vn) |
អំពីវិស័យពាណិជ្ជកម្ម និងវិនិយោគ លោក Nguyen Chi Dung បានស្នើឲ្យសភាអាល្លឺម៉ង់ឆាប់បញ្ចប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ ដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ លើកទឹកចិត្ដអាជីវកម្មអាល្លឺម៉ង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនៅក្នុងវិស័យដែលអាល្លឺម៉ង់មានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការដូចជា ការផ្លាស់ប្តូរបៃតង ការធ្វើបរិវត្ដកម្មឌីជីថល និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់ (ស្វ័យប្រវត្តិកម្ម ការផលិត រោងចក្រឆ្លាតវៃ បញ្ញាសិប្បនិម្មិត (AI)...)។
អំពីកិច្ចសហប្រតិបត្តិការសភា ភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មាធិការជំនាញ និងក្រុមសភា ដើម្បីចែករំលែកបទពិសោធន៍ក្នុងវិស័យនីតិបញ្ញត្តិ ការត្រួតពិនិត្យ និងផ្លាស់ថ្មីនូវប្រតិបត្តិការសភា សហការគ្នានិងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាសភាពហុភាគី។ វៀតណាមត្រៀមខ្លួនរួចជាស្រេចធ្វើជាស្ពានដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសភាអាល្លឺម៉ង់ និងក្រុមប្រឹក្សាអន្តរសភាអាស៊ាន។
អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងនវានុវត្តន៍ ភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលវៀតណាមមានតម្រូវការ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់អាល្លឺម៉ង់សម្រាប់បច្ចេកវិទ្យាខ្ពស់រហូតដល់ឆ្នាំ ២០២៩ និងការស្រាវជ្រាវវិទ្យាសាស្ត្រ ជាពិសេសក្នុងវិស័យ AI បច្ចេកវិទ្យាឌីជីថល ជីវវិទ្យា និងគមនាគមន៍បៃតង…
លោក Nguyen Chi Dung សង្ឃឹមថា រដ្ឋសភានិងរដ្ឋបាលអាល្លឺម៉ង់ បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមចំនួន ៣០០.០០០ នាក់ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសអាល្លឺម៉ង់បន្តអភិវឌ្ឍ៕
បកប្រែដោយ Pham Diep