លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជួបជាមួយសហគមន៍វៀតណាមនៅសហព័ន្ធរុស្ស៊ី
កប.អនឡាញ - ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ នៅសហព័ន្ធរុស្ស៊ី នៅល្ងាចថ្ងៃទី ២២ ខែមីនា (ម៉ោងក្នុងមូលដ្ឋាន) នៅទីក្រុងមូស្គូ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាម និងតំណាងសហគមន៍វៀតណាមនៅសហព័ន្ធរុស្ស៊ី។
ដោយថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រីដែលបានចំណាយពេលវេលាជួបជាមួយសហគមន៍ តំណាងសមាគមន៍វៀតណាមនៅសហព័ន្ធរុស្ស៊ីជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងជម្រុញទំនាក់ទំនងវៀតណាម-រុស្ស៊ី ជម្រុញឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
ដោយបង្ហាញពីមោទនភាពចំពោះការអភិវឌ្ឍគួរឲ្យកត់សម្គាល់របស់ប្រទេស និងតួនាទីកាន់តែកើនឡើងរបស់វៀតណាម បងប្អូនជនវៀតណាមនៅរុស្ស៊ីមានទំនុកចិត្ត និងប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកពូនជ្រំទំនាក់ទំនងវៀតណាម-រុស្ស៊ី និងជម្រុញវៀតណាមអភិវឌ្ឍទៅជាប្រទេសខ្លាំងមាំមួន អរិយធម៌ វិបុលភាព សុភមង្គលក្នុងយុគសម័យថ្មី។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជួបជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូត និងសហគមន៍វៀតណាមនៅសហព័ន្ធរុស្ស៊ី (រូបថត៖ vnanet.vn) |
សហគមន៍ និងនិស្សិតវៀតណាមនៅសហព័ន្ធរុស្ស៊ី មានបំណងបង្កើនជើងហោះហើរថែមទៀត ក៏ដូចជាការតភ្ជាប់រវាងប្រទេសទាំងពីរ និងបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ការបង្រៀនភាសាវៀតណាមឲ្យកុមារដើមកំណើតវៀតណាមនៅក្នុងសហព័ន្ធរុស្ស៊ី បង្កើតឱកាសសម្រាប់និស្សិតឆ្នើមៗ ឲ្យវិលត្រឡប់មកធ្វើការនៅវៀតណាមវិញ។ល។
ដោយបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ចំពោះសហគមន៍វៀតណាមនៅបរទេសនិយាយរួម និងនៅសហព័ន្ធរុស្ស៊ីនិយាយដោយឡែក ក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ និងលោក To Lam អគ្គលេខាបក្ស លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានផ្ញើជូនអាណិកជនទាំងអស់នូវការសួរសុខទុក្ខយ៉ាងកក់ក្តៅ និងជូនពរជ័យមង្គលវិបុលសុខ។
លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា ទំនាក់ទំនងពិសេសរវាងប្រជាជនវៀតណាម និងប្រជាជនរុស្ស៊ី គឺជានិមិត្តរូបដ៏ភ្លឺស្វាងនៃសាមគ្គីភាព និងមិត្តភាពអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងពិភាក្សា និងស្នើឱ្យ ថ្នាក់ដឹកនាំជាន់ខ្ពស់រុស្ស៊ីទទួលស្គាល់សហគមន៍វៀតណាមជាជនជាតិភាគតិចនៅរុស្ស៊ី។
ក្នុងស្មារតី “សាមគ្គីភាពដើម្បីបង្កើតកម្លាំង កិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ ការសន្ទនាដើម្បីបង្កើតទំនុកចិត្ត” លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ប្រជាជនវៀតណាម មិនថារស់នៅ និងធ្វើការនៅទីណា ក្នុងវិស័យណាមួយ ឬនៅកម្រិតណាមួយឡើយ នឹងតែងតែឆ្ពោះទៅមាតុភូមិ តាមដានរាល់ការផ្លាស់ប្តូរនៅក្នុងប្រទេសជាតិ និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិស្រស់ស្អាតរុងរឿង ខ្លាំងមាំមួន និងវិបុលភាព៕
បកប្រែដោយ Thuy Anh