លើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ទូលំទូលាយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី
កប.អនឡាញ - នាថ្ងៃទី ២២ ខែមីនា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញរបស់លោក Mikhail Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងបរិបទពិភពលោកកំពុងប្រឈមមុខនឹងការវិវឌ្ឍយ៉ាងឆាប់រហ័ស និងសំខាន់ៗ ដែលជំរុញទេសភាពពិភពលោកឆ្ពោះទៅរកទិសដៅពហុប៉ូល ពហុមជ្ឈមណ្ឌល និងពហុស្រទាប់។ ជារួម សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតែជានិន្នាការលេចធ្លោ ប៉ុន្តែពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមកាន់តែខ្លាំងឡើង ជាមួយនឹងអស្ថិរភាព ភាពមិនប្រាកដប្រជា និងភាពមិនអាចទាយទុកជាមុនបាន។ល។
ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ១៩៥០ ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាម និងសហភាពសូវៀត ហើយបន្ទាប់មកគឺសហព័ន្ធរុស្ស៊ី បានអភិវឌ្ឍយ៉ាងល្អ។ វៀតណាមតែងតែឱ្យតម្លៃចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃរបស់ប្រជាជនសហភាពសូវៀតកាលពីមុន និងរុស្ស៊ីនាពេលបច្ចុប្បន្ន ដោយចាត់ទុករុស្ស៊ីជាដៃគូដែលអាចទុកចិត្តបានឈានមុខគេរបស់វៀតណាមនៅអឺរ៉ុប។ ភាគីទាំងពីរបានតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០១២។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម (រូបថត៖ tienphong.vn) |
ក្នុងរយៈពេលជាងបីភាគបួននៃសតវត្សរ៍កន្លងមក ទំនាក់ទំនងនយោបាយ-ការទូត ជាមួយទំនុកចិត្តខាងនយោបាយខ្ពស់ ត្រូវបានពង្រឹងដោយឥតឈប់ឈរដោយប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបជុំក្នុងក្របខ័ណ្ឌពហុភាគី។ ភាគីទាំងពីរបានសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងសកម្មនៅក្នុងយន្តការ និងវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិ, APEC, ASEM, អាស៊ាន, EAEU និង BRICS។ល។
ជាពិសេស បន្ទាប់ពីការបញ្ចប់ដោយជោគជ័យនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម លោក To Lam អគ្គលេខាបក្ស បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី។ លោក Le Hoai Trung សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស បេសកជនពិសេសរបស់លោក To Lam អគ្គលេខាបក្ស បានទៅបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី ដើម្បីជម្រាបជូនអំពីលទ្ធផលនៃមហាសន្និបាត និងនាំយកសាររបស់លោក To Lam អគ្គលេខាបក្ស ជូនចំពោះលោក Vladimir Putin ប្រធានាធិបតី។ ប្រទេសទាំងពីរបានប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយលើគ្រប់វិស័យ ដោយផ្អែកលើសសរស្តម្ភទាំងបីដែលបានគូសបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងកម្រិតខ្ពស់ ជាពិសេសនៅក្នុងសាររបស់លោក To Lam អគ្គលេខាបក្ស ជូនចំពោះ លោក Vladimir Putin ប្រធានាធិបតី។
នៅក្នុងវិស័យសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ទោះបីជាជួបការលំបាកមួយចំនួនក៏ដោយ ក៏ប៉ុន្តែនៅបង្ហាញពីនិន្នាការអភិវឌ្ឍន៍វិជ្ជមាន ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៤.៧៧ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ (កើនឡើង ៤% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤)។ បច្ចុប្បន្ន រុស្ស៊ីមានគម្រោងចំនួន ១៩៩ នៅវៀតណាម ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៩៩០ លានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់លេខ ២៦ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៤៧ ដែលវិនិយោគនៅវៀតណាម។ គម្រោងទាំងនេះត្រូវបានអនុវត្តនៅក្នុងឧស្សាហកម្មប្រេង និងឧស្ម័ននៅឯនាយសមុទ្រ សេវាកម្មស្នាក់នៅ ម្ហូបអាហារ ឧស្សាហកម្មកែច្នៃ និងផលិតកម្មជាដើម។ វៀតណាមមានគម្រោងវិនិយោគចំនួន ១៦ នៅរុស្ស៊ី ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ១.៦ ពាន់លានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមប្រទេស និងដែនដីចំនួន ៨១ ដែលវៀតណាមវិនិយោគ។ ទាំងនេះភាគច្រើនជាការវិនិយោគរួមគ្នាក្នុងវិស័យប្រេង និងឧស្ម័ន ការចញ្ចឹមសត្វ និងកសិកម្ម រួមជាមួយនឹងគម្រោងឧស្សាហកម្ម និងអចលនទ្រព្យមួយចំនួន។ល។ វៀតណាម និងបណ្តាប្រទេសនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលរុស្ស៊ីជាសមាជិក បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៥ ដែលចូលជាធរមាននៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៦។
កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខនៅតែបន្តត្រូវបានពង្រឹង ដោយភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ដោយរៀបចំកិច្ចប្រជុំជាប្រចាំនៃយន្តការសហប្រតិបត្តិការ និងការពិគ្រោះយោបល់។ កិច្ចសហប្រតិបត្តិការថាមពល ប្រេង និងឧស្ម័ននៅតែបន្តត្រូវបានជំរុញ និងពង្រីក។ ភាគីទាំងពីរបានចុះហត្ថលេខា អនុម័ត និងកំពុងអនុវត្តពិធីសារ និងកិច្ចព្រមព្រៀងស្តីពីការពន្យារពេល និងពង្រីកប្រតិបត្តិការរបស់ក្រុមហ៊ុន Vietsovpetro និង Rusvietpetro។
ភាគីទាំងពីរបានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសលើវិស័យដែលរុស្ស៊ីមានប្រៀបខ្លាំងដូចជា ជីវបច្ចេកវិទ្យា និងបច្ចេកវិទ្យាព័ត៌មាន ពង្រឹងការស្រាវជ្រាវវិទ្យាសាស្ត្រក្នុងក្របខ័ណ្ឌនៃមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី។ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលកំពុងត្រូវបានជំរុញតាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស។ រុស្ស៊ីបន្តផ្តល់អាហារូបករណ៍ចំនួន ១,០០០ ក្នុងមួយឆ្នាំដល់វៀតណាម។ ភាគីទាំងពីរកំពុងអនុវត្តសកម្មភាពយ៉ាងសកម្មក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងអប់រំឆ្នាំ ២០២៦។ កិច្ចសហប្រតិបត្តិការទេសចរណ៍បានងើបឡើងវិញយ៉ាងខ្លាំង អាស្រ័យដោយការពង្រីកបណ្តាញជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។ ចំនួនភ្ញៀវទេសចររុស្ស៊ីដែលមកទស្សនាវៀតណាមនៅឆ្នាំ ២០២៥ សម្រេចបាន ៦៩០,០០០ នាក់ ដែលកើនឡើងទ្វេដងនៅឆ្នាំ ២០២៤ និងលើសពីកម្រិតមុនជំងឺកូវីដ-១៩។
ដោយឈរលើសមិទ្ធផលដែលសម្រេចបាន ដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី នឹងរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដោយដាក់មូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរក្នុងវិស័យសំខាន់ៗជាច្រើន និងបង្កើតរបកគំហើញនៅក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍ។ ដំណើរទស្សនកិច្ចនេះក៏ជាឱកាសមួយសម្រាប់វៀតណាម បញ្ជាក់ពីគោលនយោបាយការបរទេសឯករាជ្យ ភាពម្ចាស់ការ សន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ការធ្វើពិពិធកម្ម និងពហុភាគីនីយកម្មទំនាក់ទំនងការបរទេស ដោយផ្តោតជាពិសេសលើទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី៕
បកប្រែដោយ Huyen Trang