បញ្ជាក់ពីចក្ខុវិស័យរួម ផលប្រយោជន៍ជាយុទ្ធសាស្ត្រដែលប្រទាក់ក្រឡាគ្នា

លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធារដ្ឋឡាវ បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ ហើយចាត់ទុកថា ដំណើរទស្សនកិច្ចនេះបង្ហាញពីការវាយតំលៃខ្ពស់របស់បក្ស រដ្ឋវៀតណាម និងលោក To Lam អគ្គលេខាបក្សផ្ទាល់ចំពោះចំណងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ។

លោក To Lam អគ្គលេខាបក្ស បានអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធផលដ៏អស្ចារ្យ និងមានអត្ថន័យជាប្រវត្តិសាស្ត្រដែលប្រជាជនឡាវសម្រេចបានក្រោយរយៈពេល ៥០ ឆ្នាំនៃការបង្កើតប្រទេស និងរយៈពេល ៤០ ឆ្នាំនៃការអនុវត្តដំណើរការផ្លាស់ថ្មី។ ប្រការនេះបង្ហាញយ៉ាងច្បាស់អំពីតួនាទីជាអ្នកដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ទាក់ទងនឹងគោលនយោបាយ និងគោលការណ៍ណែនាំ រួមជាមួយនឹងការងារកសាងបក្ស និងការរៀបចំក្បាលម៉ាស៊ីនរដ្ឋបាល។

leftcenterrightdel
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនលោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម

ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ រវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព ដែលជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងទ្វេភាគី ដោយបន្តមានការអភិវឌ្ឍថ្មីៗ មានប្រសិទ្ធភាព និងកសាងព្រំដែនប្រទេសទាំងពីរប្រកបដោយសន្តិភាព និងស្ថិរភាព។ ភាគីទាំងពីរបានឯកភាពគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដោយសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធក្នុងការឆ្លើយតបទៅនឹងរាល់បញ្ហាប្រឈមខាងសន្តិសុខ ផ្សារភ្ជាប់ទំនាក់ទំនងការពារជាតិ និងសន្តិសុខជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងទំនាក់ទំនងយ៉ាងរឹងមាំក្នុងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ធនាគារ-ហិរញ្ញវត្ថុ ទេសចរណ៍រវាងប្រទេសទាំងពីរ ដាក់ចេញវិធានការប្រកបដោយប្រសិទ្ធភាពដើម្បីខិតខំបង្កើនទំហំពាណិជ្ជកម្មដល់ ៥ ពាន់លានដុល្លារអាមេរិក នាពេលអនាគតដ៏ខ្លីខាងមុខ និងឈានដល់ ១០ ពាន់លានដុល្លារអាមេរិកនាពេលឆាប់ៗដោយភ្ជាប់ជាមួយការពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល ភស្តុភារកម្ម បង្កើនការផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ការប្រឆាំងអំពើពុករលួយជាដើម។

ភាគីទាំងពីរឯកភាពគ្នាលើកកម្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ-បច្ចេកទេស និងយល់ព្រមលើកកម្ពស់ការតភ្ជាប់ក្នុងការដឹកជញ្ជូន អគ្គិសនី ទូរគមនាគមន៍ ទេសចរណ៍ បន្តកែលម្អគុណភាពនៃការអប់រំ-បណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស។ ភាគីទាំងពីរឯកភាពលើការលើកកម្ពស់ការជួបប្រាស្រ័យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តំបន់មូលដ្ឋាន និងតំបន់មូលដ្ឋាន ដោយចាត់ទុកនេះជាសសរស្តម្ភយុទ្ធសាស្ត្រដែលរួមចំណែកដល់ការរឹតបន្តឹងចំណងមិត្តភាព ពង្រឹងមូលដ្ឋានគ្រឹះនៃសាមគ្គីភាពប្រកបដោយចីរភាពរយៈពេលវែងរវាងប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ថា ក្នុងបរិបទនៃស្ថានភាពពិភពលោកដែលមានការប្រែប្រួលយ៉ាងជ្រាលជ្រៅ ឆាប់រហ័ស និងស្មុគស្មាញ ជាមួយនឹងទាំងឱកាស ក៏ដូចជាបញ្ហាប្រឈមជាច្រើនបានជះឥទ្ធិពលដល់ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសទាំងពីរ ភាគីទាំងពីរបានរក្សាការផ្តល់ព័ត៌មានប្រកបដោយប្រសិទ្ធភាពអំពីស្ថានភាពអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី តំបន់អាស៊ាន ការពារផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ស្របតាមច្បាប់អន្តរជាតិ រួមទាំងបញ្ហាសមុទ្រខាងកើត ដែលប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៃតំបន់ទាំងមូល និងពិភពលោក។

* នៅរសៀលថ្ងៃដដែល ក្នុងនាមបក្ស និងរដ្ឋឡាវ លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ បានបំពាក់គ្រឿងឥស្សរិយយសមាសថ្នាក់ជាតិ ជូនលោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម។ នេះគឺជាគ្រឿងឥស្សរិយយសខ្ពង់ខ្ពស់បំផុតដែលរដ្ឋឡាវ ជូនលោក To Lam អគ្គលេខាបក្ស ចំពោះការរួមចំណែកដ៏ធំធេងរបស់លោកអគ្គលេខាបក្សក្នុងការលើកកម្ពស់សាមគ្គីភាពពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ជួបសវនាការជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ (រូបថត៖ vnanet.vn)

បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគ្រាសវៀតណាមក្នុងការវិនិយោគនៅប្រទេសឡាវ

នៅរសៀលថ្ងៃទី ១ ខែធ្នូ លោក To Lam អគ្គលេខាបក្ស បានជួបសវនាការជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ។ លោកនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោកអគ្គលេខាបក្សដែលតែងតែយកចិត្តទុកដាក់ និងណែនាំដល់រដ្ឋាភិបាលវៀតណាមយ៉ាងជិតស្និទ្ធក្នុងការសម្របសម្រួលជាមួយភាគីឡាវ ដើម្បីអនុវត្តនូវរាល់កិច្ចព្រមព្រៀងកម្រិតខ្ពស់ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ លោកបានបញ្ជាក់ថា លោកនឹងដឹកនាំរាល់ក្រសួង តំបន់មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ឱ្យដោះស្រាយរាល់ការលំបាករបស់សហគ្រាសវៀតណាមយ៉ាងសកម្ម បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគ្រាសដែលវិនិយោគនៅឡាវ ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនង និងកែលម្អបរិយាកាសវិនិយោគយ៉ាងជាក់ស្តែង លើកទឹកចិត្តសហគ្រាសធំៗរបស់វៀតណាមឱ្យបន្តពង្រីកការវិនិយោគនៅឡាវ។

លោក To Lam អគ្គលេខាបក្ស បានស្នើឱ្យនាយករដ្ឋមន្ត្រីទាំងពីរបន្តដឹកនាំគ្រប់ស្ថាប័នឱ្យសម្របសម្រួល និងអនុវត្តយ៉ាងសកម្មនូវរាល់ការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ លោក To Lam អគ្គលេខាបក្សបានស្នើឱ្យប្រទេសទាំងពីរបន្តពង្រឹងទំនុកចិត្តនយោបាយ រក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងកម្រិតខ្ពស់លើគ្រប់បណ្តាញ និងរៀបចំកិច្ចប្រជុំលើកទី ៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ដោយជោគជ័យ។ ភាគីទាំងពីរគប្បីតែលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន ឱ្យវិស័យទាំងនេះក្លាយជាសសរស្តម្ភពិតប្រាកដនៅក្នុងទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ បន្តអនុវត្តគម្រោងសហប្រតិបត្តិការសំខាន់ៗ ធានាវឌ្ឍនភាព ជំរុញគម្រោងតភ្ជាប់ ជាពិសេសនៅក្នុងវិស័យដឹកជញ្ជូន និងថាមពល។

លោកអគ្គលេខាបក្សបានលើកឡើងទៀតថា ភាគីទាំងពីរគួរតែបង្កើនការចែករំលែកព័ត៌មាន សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាអន្តរជាតិ និងតំបន់ និងយន្តការអនុតំបន់ ព្រមទាំងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់នៃសហគមន៍អាស៊ាន ពង្រឹងសាមគ្គីភាព និងតួនាទីស្នូលរបស់អាស៊ាន និងរក្សាសំឡេងរួមរបស់អាស៊ាននៅក្នុងបញ្ហាយុទ្ធសាស្ត្រក្នុងតំបន់។

leftcenterrightdel
លោក To Lam អគ្គលេខាបក្សជួបសវនាការជាមួយលោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ

សាមគ្គីភាពឡាវ-វៀតណាម ស្ថិតស្ថិរជារៀងរហូត

នៅរសៀលថ្ងៃដដែល លោក To Lam អគ្គលេខាបក្ស បានជួបសវនាការជាមួយលោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ។ ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស បានលើកឡើងវិធានការមួយចំនួនសម្រាប់ពង្រឹងទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ ក្នុងនោះរួមទាំងការបន្តផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក ជាពិសេសក្នុងការកសាង និងកែលម្អស្ថាប័ន ប្រព័ន្ធច្បាប់ ការត្រួតពិនិត្យកំពូល និងការសម្រេចចិត្តលើបញ្ហាជាតិសំខាន់ៗ។ រដ្ឋសភាទាំងពីរក៏គប្បីតែលើកកម្ពស់ការកែលម្អស្ថាប័ន និងគោលនយោបាយដើម្បីសម្រួលដល់ការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ប្រកបដោយប្រសិទ្ធភាព។ រដ្ឋសភាទាំងពីរចាំបាច់សម្របសម្រួល និងត្រួតពិនិត្យរួមគ្នាយ៉ាងជិតស្និទ្ធលើការអនុវត្តរាល់កិច្ចព្រមព្រៀងទ្វេភាគី។ បង្កើនការឃ្លាំមើល និងលើកកម្ពស់គម្រោងសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ លើកឡើងរាល់ដំណោះស្រាយលើការលំបាក និងឧបសគ្គអំពីយន្តការ និងបង្កើតក្របខ័ណ្ឌច្បាប់អំណោយផលសម្រាប់សហគ្រាស និងមូលដ្ឋាននៃប្រទេសទាំងពីរ ដើម្បីសហការប្រកបដោយចីរភាព និងដើម្បីផលប្រយោជន៍ទៅវិញទៅមក។

ភាគីទាំងពីរបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាសភាតំបន់ និងអន្តរជាតិ ពង្រឹងការពិគ្រោះយោបល់ និងការសម្របសម្រួលជំហរលើបញ្ហាអន្តរជាតិ និងតំបន់ ស្របតាមផលប្រយោជន៍ និងកង្វល់របស់ប្រទេសនីមួយៗ ស្របតាមជំហររបស់អាស៊ាន និងភាគីដទៃទៀត ដោយរួមចំណែកដល់ការរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍ...។

ភ្លាមៗបន្ទាប់ពីជំនួបសវនាការ លោកអគ្គលេខាបក្ស និងប្រធានរដ្ឋសភាឡាវ បានចូលរួមពិធីសម្ពោធសៀវភៅអេឡិចត្រូនិក "៥០ ឆ្នាំនៃទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងឡាវ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការអភិវឌ្ឍ"៕

បកប្រែដោយ Minh Trung