លោក Tran Thanh Man ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់យ៉ាងខ្លាំង ដោយបង្ហាញពីចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅរបស់សភា និងប្រជាជនក្រិកចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ លោក Tran Thanh Man ប្រធានរដ្ឋសភាបានបញ្ជាក់ថា វៀតណាមតែងតែឱ្យតម្លៃ និងមានបំណងចង់ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយក្រិកបន្ថែមទៀត។ លោកបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរនៅតែមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការច្រើនណាស់ក្នុងវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងតម្រូវការបំពេញបន្ថែម ដូចជាសេដ្ឋកិច្ចសមុទ្រ ការដឹកជញ្ជូនលើសមុទ្រ logistics ថាមពលកកើតឡើងវិញ ការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មបៃតង និងនវានុវត្តន៍។ល។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភា ទទួលជួបលោក Ioannis Plakiotakis អនុប្រធានទីមួយនៃសភាក្រិក

ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ លោក Tran Thanh Man ប្រធានរដ្ឋសភាបានស្នើឱ្យភាគីទាំងពីរបន្តពង្រឹងទំនុកចិត្តខាងនយោបាយ និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន តាមរយៈការជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត និងតាមរយៈបណ្តាញផ្សេងៗ ចែករំលែកបទពិសោធន៍នីតិប្បញ្ញត្តិ ត្រួតពិនិត្យ និងសហប្រតិបត្តិការក្នុងវេទិកាពហុភាគី អភិវឌ្ឍបន្ថែមទៀតនូវសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យនាវាចរណ៍ និងកសិកម្ម។ លោក Tran Thanh Man ប្រធានរដ្ឋសភាបានស្នើឱ្យសភាក្រិកគាំទ្រយ៉ាងសកម្មចំពោះការអនុម័តដោយបណ្តាប្រទេសអឺរ៉ុបលើកិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) និងការដកកាតលឿងដោយគណៈកម្មការអឺរ៉ុបស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU) ចំពោះជលផលវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោក Ioannis Plakiotakis អនុប្រធានទីមួយនៃសភាក្រិក បានបញ្ជាក់ថា ក្រិកមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរតាមរយៈបណ្តាញសភា និងអាជ្ញាធរ ក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិក្នុងនាមជា សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។ លោក Ioannis Plakiotakis បានឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូរវាងគណៈកម្មាធិការជំនាញ និងសមាជិកសភាវ័យក្មេងនៃរដ្ឋសភារបស់ប្រទេសទាំងពីរ បង្កើនតួនាទីជាស្ពានតភ្ជាប់របស់ក្រុមសមាជិកសភាមិត្តភាព។ល។

ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគំនិតផ្តួចផ្តើមរបស់គ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី និងអន្តរជាតិ កិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប និងវេទិកាអន្តរសភាតំបន់ និងពិភពលោក គាំទ្រពហុភាគីនិយម និងលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងសង្កត់ធ្ងន់លើការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងសមុទ្រក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Huyen Trang