ដោយទទួលស្គាល់តម្លៃនេះខេត្ត Dien Bien បានអនុវត្តដំណោះស្រាយជាក់ស្តែងជាច្រើនដើម្បីរក្សា ខណៈពេលដែលក៏រៀបចំរាល់ការតាំងពិព័រណ៍ដ៏រស់រវើកដើម្បីលើកកម្ពស់អត្ថន័យបេតិកភណ្ឌដ៏មានតម្លៃនេះ។ ដោយទទួលស្គាល់ពីសារៈសំខាន់នៃសារព័ត៌មានចំពោះយុទ្ធនាការ Dien Bien Phu ជាប្រវត្តិសាស្ត្រ ដោយមានចក្ខុវិស័យវែងឆ្ងាយ ការគិតរហ័ស និងប្រាជ្ញា គណៈកម្មាធិការបក្សយោធាមជ្ឈិមបានដឹកនាំការបង្កើតភ្នាក់ងារជួរមុខរបស់កាសែតកងទ័ពប្រជាជន ដែលមានទីតាំងនៅជិតលេណដ្ឋានរបស់អគ្គមេបញ្ជាការ និងប្រធានស្នងការនយោបាយនៃសមរភូមិ។

leftcenterrightdel
ប្រជាជនទស្សនាកាសែតកងទ័ពប្រជាជនចំនួន ៣៣ លេខ ដែលបានបោះពុម្ពផ្សាយនៅសមរភូមិ Dien Bien Phu ដែលដាក់តាំងបង្ហាញនៅសារមន្ទីរជ័យជំនះ Dien Bien Phu

ថ្វីត្បិតតែក្រោមលក្ខខណ្ឌសង្គ្រាមដ៏លំបាកបំផុតនោះ ហើយមានតែយុទ្ធជនជាអ្នកកាសែត ៥ នាក់ប៉ុណ្ណោះដែលប្រចាំការនៅភ្នាក់ងារនេះក្តី ប៉ុន្តែក៏អាចបង្កើតឡើងស្នាដៃដ៏អស្ចារ្យនៃសារព័ត៌មានក្នុងសម័យសង្គ្រាម។ កាសែតកងទ័ពប្រជាជនបានរៀបចំភ្នាក់ងារជួរមុខ ដោយសរសេរ កែសម្រួល បោះពុម្ព និងចែកចាយកាសែតដោយផ្ទាល់នៅកណ្តាលភ្នំ និងព្រៃឈើ នៅក្នុងសមរភូមិដ៏ក្តៅគគុក។ ការបោះពុម្ពផ្សាយជាប្រចាំនៃកាសែតមួយនៅសមរភូមិតែម្តងបានបង្ហាញពីភាពក្លាហាន ភាពវៃឆ្លាត និងការហ៊ានលះបង់គ្រប់យ៉ាងរបស់យុទ្ធជនជាអ្នកកាសែតទាំងនេះ និងបានបញ្ជាក់ពីភាពរឹងមាំនៃសារព័ត៌មានបដិវត្តន៍វៀតណាម។

អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្របានធ្វើការស្រាវជ្រាវស៊ីជម្រៅ ហើយសន្និដ្ឋានថា កាសែតចំនួន ៣៣ លេខដែលបានបោះពុម្ពផ្សាយនៅសមរភូមិ Dien Bien Phu មានតម្លៃដ៏ធំធេង និងប្លែកៗដែលត្រូវបានចាត់ទុកថាជាបេតិកភណ្ឌអនុស្សាវរីយ៍ឯកសាររបស់វៀតណាម និងជាអព្ភូតហេតុមួយក្នុងប្រវត្តិសាស្ត្រសារព័ត៌មានបដិវត្តន៍នៅវៀតណាម និងពិភពលោក។

សំខាន់ជាងនេះទៅទៀត នៅពេលពិនិត្យមើលខ្លឹមសារ និងទម្រង់នៃការសែតទាំង ៣៣ លេខនេះ កូនចៅជំនាន់ក្រោយៗពិតជាគោរព និងរំភើបចិត្តយ៉ាងខ្លាំងចំពោះវិជ្ជាជីវៈ ភាពច្នៃប្រឌិត និងកិច្ចខិតខំប្រឹងប្រែងដើម្បីយកឈ្នះលើការលំបាក និងបញ្ហាប្រឈមរបស់អ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជនជំនាន់មុនៗ។

កាសែតទាំង ៣៣ លេខនេះ ត្រូវបានបោះពុម្ពផ្សាយជាបន្តបន្ទាប់ចាប់ពីការរៀបចំយុទ្ធនាការរហូតដល់ជ័យជម្នះនៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ១៩៥៤ ដែលឆ្លុះបញ្ចាំងពីការវិវឌ្ឍទាន់ពេលវេលា និងពិតប្រាកដនៅលើសមរភូមិ។ ដោយហេតុនេះលើកទឹកចិត្តឱ្យកងទ័ព និងប្រជាជនរបស់យើងលះបង់កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់ពួកគេដើម្បីសម្រេចបាននូវជ័យជម្នះនៅក្នុងសមរភូមិប្រវត្តិសាស្ត្រនេះ ដែលជាជ័យជម្នះដែលត្រូវបានឆ្លាក់ចូលទៅក្នុងសតវត្សន៍។ ក្រៅពីការផ្សព្វផ្សាយអំពីព័ត៌មានប្រយុទ្ធ កាសែតកងទ័ពប្រជាជនចំនួន ៣៣ លេខនេះ ក៏បានដើរតួនាទីជាឯកសារប្រវត្តិសាស្ត្រផងដែរ ដោយសង្ខេបបទពិសោធន៍ដ៏មានតម្លៃក្នុងការងារបក្ស ការងារនយោបាយក្នុងកងទ័ព ការចលនាមហាជន និងការគាំទ្រផ្នែកភស្តុភារ។

ទោះបីជាត្រូវបានផលិតដោយដៃក្រោមលក្ខខណ្ឌនៃឧបករណ៍មានកំណត់ក៏ដោយ ប៉ុន្តែកាសែតនៅតែមានឥទ្ធិពលឃោសនាដ៏មានប្រសិទ្ធភាព ទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង។ របៀងរចនារបស់កាសែតនេះមានលក្ខណៈងាយស្រួលក្នុងការអានដែលសមស្របសម្រាប់អ្នកអានជាកងទ័ព។

យើងអាចបញ្ជាក់បានថា កាសែតកងទ័ពប្រជាជនចំនួន ៣៣ លេខ ដែលបានបោះពុម្ពផ្សាយនៅសមរភូមិ Dien Bien Phu មិនត្រឹមតែជាស្នាដៃបានបោះពុម្ពផ្សាយក្នុងសម័យសង្គ្រាមប៉ុណ្ណោះទេ ថែមទាំងជាផលិតផលដែលមានតម្លៃពិសេសខាងនយោបាយ យោធា និងវប្បធម៌ ដែលរួមចំណែកដល់ការជំរុញស្មារតីប្រយុទ្ធ រក្សាជំនឿដ៏រឹងមាំលើជ័យជម្នះ និងលើកកម្ពស់ការតាំងចិត្តក្នុងការប្រយុទ្ធ និងឈ្នះរបស់កងទ័ពទាំងមូល។ កាសែតពិតជាសាក្សីរស់នៃប្រវត្តិសាស្ត្រ ដោយបានរក្សានូវការចងចាំរួមអំពីសម័យកាលវីរភាពក្នុងប្រវត្តិសាស្ត្រវៀតណាម។

ទោះជាយ៉ាងណាក៏ដោយ ការអភិរក្ស និងលើកកម្ពស់តម្លៃនៃកាសែតចំនួន ៣៣ លេខបច្ចុប្បន្ននៅតែប្រឈមមុខនឹងបញ្ហាជាច្រើន។ ការតាំងបង្ហាញភាគច្រើនមានលក្ខណៈខ្វះភាពរស់រវើក ទាក់ទាញសម្រាប់អ្នកទស្សនា ជាពិសេសយុវជនជំនាន់ក្រោយ។ ខ្លឹមសារដែលបង្ហាញនៅទីកន្លែងដាក់ភ្នាក់ងារជួរមុខ និងសារមន្ទីរជ័យជំនះ Dien Bien Phu មានលក្ខណៈរាយប៉ាយ មិនទាន់មានភាពស៊ីសង្វាក់គ្នា នាំឱ្យខ្វះការទាក់ទាញចំណាប់អារម្មណ៍។

ដើម្បីបង្កើនប្រសិទ្ធភាពបន្ថែមទៀត ខេត្ត Dien Bien កំពុងអនុវត្តផែនទីបង្ហាញផ្លូវកំណែទម្រង់ដ៏ទូលំទូលាយ។ ក្នុងនោះរួមបញ្ចូលទាំងការសម្របសម្រួលជាមួយកាសែតកងទ័ពប្រជាជន នាយកដ្ឋានបណ្ណសារ និងកំណត់ត្រារដ្ឋ (ក្រសួងមហាផ្ទៃ) និងទីភ្នាក់ងារស្រាវជ្រាវប្រវត្តិសាស្ត្រយោធា ដើម្បីធ្វើឌីជីថលមាតិកា និងរូបភាពកាសែតទាំងអស់ដើម្បីបង្កើតមូលដ្ឋានទិន្នន័យអេឡិចត្រូនិកសម្រាប់គោលបំណងស្រាវជ្រាវ។ ផ្នែកវប្បធម៌ខេត្ត Dien Bien ក៏នឹងបង្កើនកម្មវិធីស្វែងយល់ និងកម្មវិធីសន្ទនាអំពីប្រពៃណីនៃកាសែតចំនួន ៣៣ លេខសម្រាប់កូនសិស្ស និងយុទ្ធជនវ័យក្មេងនៅក្នុងតំបន់ផងដែរ។

ការអភិរក្ស និងលើកកម្ពស់តម្លៃនៃកាសែតកងទ័ពប្រជាជនចំនួន ៣៣ លេខមិនត្រឹមតែជាការការពារការចងចាំដ៏រុងរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការតភ្ជាប់អតីតកាលជាមួយបច្ចុប្បន្នផងដែរ។ តាមរយៈនេះ បេតិកភណ្ឌនេះនៅតែបន្តអមដំណើរជាមួយជំនាន់នេះ ដោយជម្រុញសេចក្តីប្រាថ្នាសម្រាប់ការចូលរួមចំណែក និងបញ្ជាក់ពីតួនាទីដែលមិនអាចជំនួសបាននៃសារព័ត៌មានបដិវត្តន៍ក្នុងបុព្វហេតុនៃការកសាង និងការពារមាតុភូមិ៕

បកប្រែដោយ Minh Trung