វៀតណាម និងព័រទុយហ្គាល់ មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត
កប.អនឡាញ - លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអះអាងថា វៀតណាមឱ្យតម្លៃ និងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយព័រទុយហ្គាល់ ដែលជាសមាជិកសកម្មមួយរបស់សហភាពអឺរ៉ុប។
វៀតណាមឱ្យតម្លៃ និងមានបំណងចង់ពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយព័រទុយហ្គាល់ ដែលជាសមាជិកសកម្មមួយរបស់សហភាពអឺរ៉ុប (EU)។ នេះត្រូវបានលោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានបញ្ជាក់កាលពីថ្ងៃទី ២៧ ខែកុម្ភៈ នៅទីក្រុងហាណូយ ក្នុងអំឡុងពេលជួបជាមួយលោក Paulo Rangel រដ្ឋមន្ត្រីការបរទេស ព័រទុយហ្គាល់ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Paulo Rangel រដ្ឋមន្ត្រីការបរទេស |
ដោយផ្អែកលើទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងសក្តានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបន្តពង្រឹងទំនុកចិត្តនយោបាយ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ជាពិសេសនៅកម្រិតខ្ពស់។ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឆ្ពោះទៅរកភាពជាក់ស្តែង និងមានប្រសិទ្ធភាព ស្របតាមបរិបទថ្មី ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពមួយចំនួនដូចជា៖ ថាមពលកកើតឡើងវិញ កិច្ចការសមុទ្រ កំពង់ផែ ការសាងសង់នាវា ភស្តុភារកម្ម ការធ្វើបរិវត្តកម្មឌីជីថល នវានុវត្តន៍ និងសុខាភិបាល។
ចំពោះលោករដ្ឋមន្ត្រី Paulo Rangel បានបញ្ជាក់ថា ប្រទេសព័រទុយហ្គាល់ចាត់ទុកប្រទេសវៀតណាមជាដៃគូសំខាន់មួយរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ និងបានយល់ស្របជាមួយនឹងការតម្រង់ទិសរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ហើយមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាមបន្ថែមទៀត។
គួររំលឹកថា លោករដ្ឋមន្ត្រីការបរទេស Paulo Rangel បានជួបពិភាក្សាជាមួយលោក Le Hoai Trung រដ្ឋមន្ត្រីការបរទេសវៀតណាម និងបានចូលរួមពិធីបើកស្ថានទូតព័រទុយហ្គាល់ប្រចាំនៅវៀតណាម៕
បកប្រែដោយ Duy Hoan