នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោកស្រី Takaichi Sanae នាយករដ្ឋមន្ត្រី បានអបអរសាទរជូនចំពោះលោក To Lam អគ្គលេខាបក្ស ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមសម្រាប់អាណត្តិទី១៤  និងជាប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ លោកស្រី Takaichi Sanae នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា  ជប៉ុនមានគោលបំណងចង់ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Takaichi Sanae នាយករដ្ឋមន្ត្រីជប៉ុន (រូបថត៖ vnanet.vn)

លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានអបអរសាទរជូនចំពោះគណបក្ស LDP ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសភាជាន់ទាបកាលពីខែកុម្ភៈ និងអបអរសាទរជូនចំពោះលោកស្រី Takaichi Sanae ដែលត្រូវបានបោះឆ្នោតជ្រើសតាំងសារជាថ្មីឲ្យកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ព្រមទាំងសម្តែងនូវទំនុកចិត្តថា ជប៉ុននឹងបន្តអភិវឌ្ឍ និងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក។

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមាន និងទូលំទូលាយលើគ្រប់វិស័យនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-ជប៉ុន។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរលើវិស័យការពារជាតិ សន្តិសុខ សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មបៃតង សន្តិសុខថាមពល កម្លាំងពលកម្ម សុខាភិបាល ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា។ល។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនាតាមទូរស័ព្ទ (រូបថត៖ vnanet.vn)

នៅក្នុងបរិបទនៃស្ថានភាពពិភពលោកដែលកំពុងមានការវិវឌ្ឍយ៉ាងឆាប់រហ័ស ដែលជះឥទ្ធិពលអវិជ្ជមានដល់សន្តិសុខថាមពល និងខ្សែសង្វាក់ផ្គត់ផ្គង់ លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានសម្តែងនូវគោលបំណងចង់ពង្រឹងការសម្របសម្រួលជាមួយជប៉ុន ចូលរួមចំណែកដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ រួមទាំងការធានាសន្តិសុខថាមពល ព្រមទាំងអះអាងថា នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយជប៉ុនលើបញ្ហាក្នុងតំបន់ និងពិភពលោកនាពេលខាងមុខ។

លោកស្រី Takaichi Sanae នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិត្យានុភាព និងតួនាទីរបស់វៀតណាមក្នុងតំបន់ ព្រមទាំងចែករំលែកថា វៀតណាមគឺជាដៃគូសំខាន់មួយក្នុងការអនុវត្តចក្ខុវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់ជប៉ុន (FOIP)។ លោកស្រី Takaichi Sanae បានអះអាងថា ជប៉ុនឱ្យតម្លៃ និងវាយតម្លៃខ្ពស់ចំពោះគោលនយោបាយឯករាជ្យ ម្ចាស់ការលើខ្លួនឯង និងគាំទ្រវៀតណាមក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ក្នុងយុគសម័យថ្មី៕

បកប្រែដោយ Huyen Trang