ពង្រឹងទំនុកចិត្តខាងនយោបាយ និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាម និងចិន
កប.អនឡាញ - ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមទៅកាន់ប្រទេសចិន លោកសាស្ត្រាចារ្យ Qu Qiang មកពីសាកលវិទ្យាល័យជនជាតិមជ្ឈិមចិន បានផ្តល់បទសំភាសន៍ជាមួយអ្នកយកព័ត៌មានអំពីគោលបំណង និងអត្ថន័យនៃដំណើរទស្សនកិច្ច ក៏ដូចជាការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ដោយវាយតម្លៃពីអត្ថន័យនៃដំណើរទស្សនកិច្ចនេះ លោកសាស្ត្រាចារ្យ Qu Qiang បានថ្លែងថា ទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ គឺវៀតណាមនិងចិន ឥឡូវនេះបានចូលដល់ដំណាក់កាលអភិវឌ្ឍថ្មី ជាមួយនឹងការជួបជុំកម្រិតខ្ពស់កាន់តែញឹកញាប់ កិច្ចសហប្រតិបត្តិការ និងគុណភាពនៃការជួបជុំពិភាក្សាត្រូវបានលើកកំពស់។ យោងតាមលោក Qu Qiang ចាប់តាំងពីឆ្នាំ ២០២២ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរបានបំពេញទស្សនកិច្ច និងជួបប្រជុំទ្វេភាគីជាបន្តបន្ទាប់ ដោយបង្កើតជាយន្តការជួបប្រជុំប្រចាំឆ្នាំជាទៀងទាត់រវាងថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងរដ្ឋទាំងពីរ។ នេះឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំនៃ "ភាពជាសមមិត្តផល និងជាបងប្អូនផង" រវាងបក្សកុម្មុយនិស្តទាំងពីរ និងប្រទេសទាំងពីរ ខណៈពេលដែលក៏បើកការបកស្រាយថ្មីនៃទំនាក់ទំនងប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរផងដែរ។
    |
 |
|
លោកសាស្ត្រាចារ្យ Qu Qiang សាកលវិទ្យាល័យជនជាតិមជ្ឈិមចិន (រូបថត៖ vnanet.vn) |
ទាក់ទងនឹងចំណុចសំខាន់នៃដំណើរទស្សនកិច្ចនេះ លោកសាស្ត្រាចារ្យ Qu Qiang បានសង្កត់ធ្ងន់ ជាដំបូងនិងសំខាន់បំផុត គឺការអនុវត្តជាបន្តបន្ទាប់នៃទស្សនៈរួម និងទិសដៅសំខាន់ៗដែលសម្រេចបានដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជាពិសេសតម្រូវការ "ប្រាំមួយជាងមុខ" ក្នុងទំនាក់ទំនងទ្វេភាគី៖ កិច្ចសហប្រតិបត្តិការជាក់ស្តែងជាងមុន សន្តិសុខរឹងមាំជាងមុន ការសម្របសម្រួលកាន់តែជិតស្និទ្ធជាងមុន និងការជឿទុកចិត្តគ្នាខាងនយោបាយកាន់តែខ្ពស់ជាងមុន។ យោងតាមលោក Qu Qiang ការធ្វើឱ្យទិសដៅទាំងនេះកាន់តែច្បាស់លាស់មិនត្រឹមតែកើតឡើងនៅកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវអនុវត្តយ៉ាងទូលំទូលាយនៅកម្រិតក្រសួង ស្ថាប័ន មូលដ្ឋាន គ្រឹះស្ថានសិក្សា សហគ្រាស និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជនផងដែរ។
លើសពីនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតែជាអាទិភាពចម្បង។ លោកសាស្ត្រាចារ្យ Qu Qiang ជឿជាក់ថា គោលដៅកំណើនសេដ្ឋកិច្ចខ្ពស់របស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ រួមទាំងគោលដៅកំណើនផលិតផលក្នុងស្រុកសរុប ១០% ឬច្រើនជាងនេះ និងទិសដៅអភិវឌ្ឍន៍រហូតដល់ឆ្នាំ ២០៣០ ដាក់តម្រូវការយ៉ាងសំខាន់លើការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសចិន។ ភាគីទាំងពីរត្រូវលើកកម្ពស់យ៉ាងខ្លាំងនូវពាណិជ្ជកម្មទ្វេភាគី បង្កើនការផ្លាស់ប្តូរបច្ចេកវិទ្យា និងពន្លឿនគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវរថភ្លើងឡាវកៃ-ហាណូយ-ហៃផុង ដែលតភ្ជាប់ទៅបណ្តាញផ្លូវដែកចិន ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងវិស័យអគ្គិសនី និងថាមពល។
លើសពីនេះ កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើម "ខ្សែក្រវាត់មួយ និងផ្លូវមួយ" និងវេទិកាសហប្រតិបត្តិការចិន-អាស៊ាន ក៏ត្រូវបានចាត់ទុកថាជាកត្តាជំរុញដ៏សំខាន់ដែលរួមចំណែកដល់ការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងខ្សែសង្វាក់ផ្គត់ផ្គង់។ នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួលខ្លាំង វៀតណាមនិងចិនត្រូវបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ពីខាងក្រៅ ខណៈពេលដែលលើកកម្ពស់ការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មអន្តរជាតិឆ្ពោះទៅរកស្ថិរភាព និងនិរន្តរភាពកាន់ជាងមុន។
ទាក់ទងនឹងគោលនយោបាយការបរទេស លោកសាស្ត្រាចារ្យ Qu Qiang បានកត់សម្គាល់ថា វៀតណាមគឺជាប្រទេសមួយដែលរឹងមាំក្នុងមាគ៌ាឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ដោយផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិ។ នៅក្នុងបរិបទដែលអន្តរជាតិដ៏ស្មុគស្មាញមួយ ការពង្រឹងការសម្របសម្រួលរវាងប្រទេសទាំងពីរលើបញ្ហាតំបន់ និងសកលលោកនឹងជួយភាគីនីមួយៗធានាផលប្រយោជន៍ផ្ទាល់ខ្លួន ខណៈពេលដែលរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួម។
ដោយលើកឡើងពីសារៈសំខាន់នៃការរក្សាដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាប្រចាំរវាងមេដឹកនាំនៃបក្សទាំងពីរ និងរដ្ឋទាំងពីរ លោកសាស្ត្រាចារ្យ Qu Qiang បានថ្លែងថា នេះមិនត្រឹមតែជួយតម្រង់ទិសទំនាក់ទំនងទ្វេភាគីជាយុទ្ធសាស្ត្រប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការពង្រឹងទំនុកចិត្តខាងនយោបាយ បង្កើនការគ្រប់គ្រងការខ្វែងគំនិតគ្នា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងផងដែរ។ លោកបានសង្កត់ធ្ងន់ថា វៀតណាម និងចិនបច្ចុប្បន្នមានភាពស្រដៀងគ្នាខាងរបបនយោបាយ និងជាតំណភ្ជាប់សំខាន់ៗនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ចិន-អាស៊ាន ដោយហេតុនេះរួមចំណែកជាវិជ្ជមានដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល។
ដោយលើកឡើងពីតួលេខពាណិជ្ជកម្ម លោកសាស្ត្រាចារ្យ Qu Qiang បានថ្លែងថា ក្នុងរយៈពេលថ្មីៗនេះ ចំណូលនាំចូលនាំចេញរបស់ចិនបានកើនឡើងលើសពីការរំពឹងទុក ដោយមានការនាំចូលកើនឡើងប្រហែល ១៩% និងការនាំចេញកើនឡើងប្រហែល ២០%។ យោងតាមលោក លទ្ធផលនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ចិនប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូអាស៊ាន ជាពិសេសវៀតណាមផងដែរ។ ក្នុងពេលជាមួយគ្នានេះ សេដ្ឋកិច្ចវៀតណាមបានរក្សាសន្ទុះកំណើនវិជ្ជមាន ទោះបីជាបរិបទអន្តរជាតិមិនស្ថិតស្ថេរក៏ដោយ ដែលបង្ហាញពីសក្តានុពលដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។
ក្នុងក្របខ័ណ្ឌតំបន់ លោកសាស្ត្រាចារ្យ Qu Qiang បានកត់សម្គាល់ថា វៀតណាមនិងចិនបានសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការពង្រឹងទំនុកចិត្តខាងនយោបាយ ការគ្រប់គ្រងការខ្វែងគំនិតគ្នានិងការរក្សាស្ថិរភាព។ ដូច្នេះហើយបានជា តំបន់ចិន-អាស៊ានបានក្លាយជាតំបន់មួយក្នុងចំណោមតំបន់មួយចំនួនតូចនៅលើពិភពលោកដែលបានរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ផង និងធានាបាននូវស្ថិរភាពនយោបាយ និងសន្តិសុខផង។
យោងតាមលោកសាស្ត្រាចារ្យ Qu Qiang ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ទៅកាន់ប្រទេសចិននេះ ត្រូវបានគេរំពឹងថានឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន ដោយលើកកម្ពស់ការកសាងសហគមន៍អនាគតរួមមានអត្ថន័យជាយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ។ ជាមួយនឹងមូលដ្ឋានគ្រឹះនៃការជឿទុកចិត្តខាងនយោបាយកាន់តែខ្លាំងឡើង ការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការផ្សាភ្ជាប់ផលប្រយោជន៍កាន់តែជិតស្និទ្ធ ទំនាក់ទំនងទ្វេភាគីត្រូវបានគេព្យាករណ៍ថានឹងបន្តអភិវឌ្ឍឥតឈប់ឈរ និងប្រកបដោយចីរភាព ដោយរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕
បកប្រែដោយ Duy Hoan