ថ្លែងក្នុងពិធីបើក លោក Shalihin Annuar ប្រធានប្តូរវេននៃគណៈកម្មាធិការបណ្ដាប្រទេសអាស៊ានប្រចាំទីក្រុងការ៉ាប៊ីន (ACC) ភារធារីស្ថានទូតម៉ាឡេស៊ី បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលជិតប្រាំមួយទសវត្សរ៍នៃការបង្កើត និងការអភិវឌ្ឍ  អាស៊ានតែងតែលើកកម្ពស់ស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងពង្រីកទំនាក់ទំនងជាមួយដៃគូនានានៅទូទាំងពិភពលោក។

យោងតាមលោក Shalihin Annuar ទន្ទឹមនឹងយន្តការសហប្រតិបត្តិការផ្លូវការ ការផ្លាស់ប្តូរវប្បធម៌ ការប្រកួតកីឡានិងសហគមន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្ត បង្កើនការយល់ដឹង និងជំរុញការតភ្ជាប់រវាងតំបន់នានា។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមព្រឹត្ដិការណ៍ (រូបថត៖ vnanet.vn)

លោក Reinaldo Pulido តំណាងក្រសួងការបរទេសវេណេស៊ុយអេឡា បានវាយតម្លៃខ្ពស់ចំពោះតួនាទីវិជ្ជមានរបស់ស្ថាប័នតំណាងអាស៊ាននៅទីក្រុងការ៉ាកាសក្នុងការរៀបចំសកម្មភាពជាច្រើននាពេលកន្លងមក ព្រមទាំងបញ្ជាក់ថា គំនិតផ្តួចផ្តើមទាំងនេះរួមចំណែកដល់ការពង្រឹងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ជាមួយវេណេស៊ុយអេឡា និងតំបន់អាមេរិកឡាទីន-ការ៉ាប៊ីន។

ថ្លែងនៅខាងក្រៅព្រឹត្តិការណ៍នេះ លោក Vu Trung My ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសវេណេស៊ុយអេឡា បានបញ្ជាក់ថា អាស៊ានដើរតួនាទីជាស្ពានតភ្ជាប់រវាងតំបន់នានាតាមរយៈការទូតពហុភាគី ការទូតវប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជន។

សកម្មភាពជាក់ស្តែងនៅក្នុងប្រទេសវេណេស៊ុយអេឡា​ មិនត្រឹមតែរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពប៉ុណ្ណោះទេ ថែមទាំងបើកបរិយាកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ីអាគ្នេយ៍ ជាមួយអាមេរិកឡាទីន និងការ៉ាប៊ីន ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងរយៈពេលកន្លងមក ស្ថាប័នតំណាងអាស៊ាននៅវេណេស៊ុយអេឡាបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេសវេណេស៊ុយអេឡា និងដៃគូអន្តរជាតិ ដើម្បីរៀបចំសកម្មភាពជាច្រើនដូចជា សប្តាហ៍ភាពយន្តអាស៊ាន ពិធីបុណ្យម្ហូបអាហារអាស៊ាន ទិវាកីឡាអាស៊ាន និងទិវាគ្រួសារអាស៊ាន។

តាមរយៈសកម្មភាពការទូតដោយសម្បូរបែបនិងមានប្រសិទ្ធភាព អាស៊ានបន្តដើរតួនាទីស្នូលក្នុងការបង្កើនកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងតភ្ជាប់រវាងតំបន់នានា រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ននៅទូទាំងពិភពលោក។

បកប្រែដោយ Pham Diep