ពង្រឹងទំនុកចិត្តនយោបាយ និងការសម្របសម្រួលយុទ្ធសាស្ត្រ
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម និងលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន បានជួបប្រជុំពិភាក្សាគ្នា។ លោក Xi Jinping បានអបអរសាទរយ៉ាងខ្លាំងចំពោះលោក To Lam ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាមដោយរដ្ឋសភានីតិកាលទី ១៦។ លោក Xi Jinping ក៏បានសម្តែងការកោតសរសើរចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់លោក To Lam មកកាន់ប្រទេសចិនបន្ទាប់ពីជោគជ័យរបស់មហាសន្និបាតបក្សលើកទី១៤។ ប្រការនេះបង្ហាញពីការឱ្យតំលៃ និងការផ្តល់អាទិភាពខ្ពស់ដែលបក្ស និងរដ្ឋវៀតណាមជូនចំពោះចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងវៀតណាម ក៏ដូចជាលក្ខណៈយុទ្ធសាស្ត្រ និងកម្រិតខ្ពស់នៃទំនាក់ទំនងទ្វេភាគី។
    |
 |
|
លោក Xi Jinping អគ្គលេខាបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម |
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំថ្មីនៃបក្ស និងរដ្ឋវៀតណាមក្នុងអាណត្តិថ្មី ពិតជាចង់រួមជាមួយថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋចិនបន្តពូនជ្រំទំនាក់ទំនងជាប្រពៃណីមិត្តភាព លើកកម្ពស់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងពង្រីកសហគមន៍វៀតណាម-ចិន ចែករំលែកអនាគតរួមឱ្យកាន់តែអភិវឌ្ឍ។
ភាគីទាំងពីរបានសម្តែងការរីករាយចំពោះការវិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរក្នុងរយៈពេលថ្មីៗនេះ ជាពិសេសការផ្លាស់ប្តូរយុទ្ធសាស្ត្រកម្រិតខ្ពស់យ៉ាងជិតស្និទ្ធ យន្តការសហប្រតិបត្តិការកាន់តែទូលំទូលាយ និងអាចទុកចិត្តបាន កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខមានខ្លឹមសារកាន់តែជាក់ស្តែងជាង ការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការដឹកជញ្ជូន កិច្ចសហប្រតិបត្តិការកាន់តែរស់រវើក និងការសម្របសម្រួលពហុភាគីកាន់តែជិតស្និទ្ធ។ ភាគីទាំងពីរបានបញ្ជាក់ថា នៅក្នុងបរិបទស្មុគស្មាញនៃស្ថានភាពអន្តរជាតិ បក្សទាំងពីរ និងប្រទេសទាំងពីរគប្បីតែរួបរួមគ្នាយ៉ាងជិតស្និទ្ធ ពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ ផ្សារភ្ជាប់គោលនយោបាយ ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល និងបន្តធ្វើឱ្យស៊ីជម្រៅ និងលើកកម្ពស់ទំនាក់ទំនងវៀតណាម-ចិនក្នុងយុគសម័យថ្មី។
ទាក់ទងនឹងទិសដៅនាពេលអនាគតនៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ថា នឹងបន្តដឹកនាំស្ថាប័នគ្រប់ជាន់ថ្នាក់ឱ្យប្រកាន់ខ្ជាប់យ៉ាងជិតស្និទ្ធនូវគោលដៅ "ប្រាំមួយបន្ថែមទៀត" និងរក្សាការផ្លាស់ប្តូរកម្រិតខ្ពស់ជាប្រចាំ លើកកម្ពស់តួនាទីណែនាំដ៏សំខាន់របស់បណ្តាញបក្ស ពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ក្នុងវិស័យផ្សេងៗ ពង្រឹងមូលដ្ឋានគ្រឹះសង្គមសម្រាប់ទំនាក់ទំនងទ្វេភាគី សម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងយន្តការពហុភាគី និងគ្រប់គ្រង ដោះស្រាយរាល់បញ្ហាជាការខ្វែងគំនិតគ្នាដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើង។
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានស្នើឱ្យភាគីទាំងពីរពង្រឹងទំនុកចិត្តខាងនយោបាយ និងការសម្របសម្រួលយុទ្ធសាស្ត្រនៅកម្រិតកម្ពស់ថ្មីមួយ លើកកម្ពស់ទំនាក់ទំនងកម្រិតខ្ពស់ បន្តបង្កើនតួនាទី និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយតាមរយៈបណ្តាញបក្ស រដ្ឋាភិបាល រដ្ឋសភា... ពង្រឹងការផ្លាស់ប្តូរទ្រឹស្តី និងការបណ្តុះបណ្តាលកម្មាភិបាល ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងស្ថាប័នសំខាន់ៗដូចជា ការទូត ការពារជាតិ និងនគរបាល អនុវត្តយន្តការសន្ទនាយុទ្ធសាស្ត្រកម្រិតរដ្ឋមន្ត្រី "៣+៣" ប្រកបដោយប្រសិទ្ធភាព ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ឧស្សាហកម្មការពារជាតិ និងពាណិជ្ជកម្មយោធា និងគាំទ្រគ្នាទៅវិញទៅមកក្នុងការរៀបចំឆ្នាំ APEC ឆ្នាំ ២០២៦ និង ២០២៧ ដោយជោគជ័យនៅក្នុងប្រទេសនីមួយៗ។
ថ្នាក់ដឹកនាំភាគីទាំងពីរបានឯកភាពគ្នាបន្តដោះស្រាយការខ្វែងគំនិតគ្នាឲ្យបានសមស្រប លើកកម្ពស់កិច្ចសហប្រតិបត្តិការស្របតាមកម្រិតថ្មីនៃទំនាក់ទំនងវៀតណាម-ចិន ដោយផ្អែកលើច្បាប់អន្តរជាតិ ប្រកាន់យ៉ាងខ្ជាប់ចំពោះការឯកភាពគ្នារវាងអាស៊ាន និងចិនក្នុងការអនុវត្តសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងលើកកម្ពស់ការសម្រេចឱ្យបានក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានស្នើឱ្យភាគីទាំងពីរគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមកដោយចិត្តស្មោះត្រង់ ដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS ឆ្នាំ១៩៨២។
កំណត់កម្រិតថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍
នៅរសៀលថ្ងៃទី១៥ ខែមេសា នៅមហាសាលប្រជុំប្រជាជនធំនៅទីក្រុងប៉េកាំង លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋបានជួបប្រជុំជាមួយលោក Li Qiang នាយករដ្ឋមន្រ្តីចិន។
    |
 |
|
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ជួបប្រជុំជាមួយលោក Li Qiang នាយករដ្ឋមន្រ្តីចិន |
ក្នុងបរិយាកាសមិត្តភាព បើកចំហរ និងជឿទុកចិត្តគ្នា លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ និងលោក Li Qiang នាយករដ្ឋមន្ត្រីបានពិនិត្យឡើងវិញនូវរាល់សមិទ្ធផលលេចធ្លោក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងរយៈពេលកន្លងមក។ ភាគីទាំងពីរសម្តែងការរីករាយ និងឯកភាពគ្នាថា ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរបានរក្សានូវសន្ទុះអភិវឌ្ឍន៍វិជ្ជមានយ៉ាងខ្លាំង ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការតភ្ជាប់ផ្លូវដែក មានការរីកចម្រើនយ៉ាងខ្លាំង និងសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន។
ភាគីទាំងពីរបានឯកភាពគ្នាថា បក្សទាំងពីរ និងប្រទេសទាំងពីរចែករំលែកផលប្រយោជន៍រួមយ៉ាងទូលំទូលាយ ខឿនសេដ្ឋកិច្ចទាំងពីរមានភាពបំពេញបន្ថែមគ្នាខ្ពស់ ហើយសក្តានុពល និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែមានទំហំធំ។ ភាគីទាំងពីរនឹងពង្រឹងសាមគ្គីភាព លើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ គាំទ្រ និងជួយគ្នាទៅវិញទៅមក និងធ្វើការរួមគ្នាដើម្បីលើកកម្ពស់បន្ថែមទៀតនូវទំនុកចិត្តនយោបាយ និងសេដ្ឋកិច្ច កសាងសហគមន៍អនាគតរួមដ៏សំខាន់ជាយុទ្ធសាស្ត្រ និងធ្វើឱ្យទំនាក់ទំនងទ្វេភាគីឈានទៅកាន់ដំណាក់កាលថ្មីនៃការអភិវឌ្ឍស្របតាមទិសដៅ "ប្រាំមួយបន្ថែមទៀត"។
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានស្នើឱ្យភាគីទាំងពីរខិតខំបង្កើតកម្រិតថ្មីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មដែលមានតុល្យភាព និងប្រកបដោយចីរភាពជាងមុន លើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចប្រកបដោយចីរភាព បង្កើតរបកគំហើញក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ ផ្តល់អាទិភាពខ្ពស់បំផុតដល់កិច្ចសហប្រតិបត្តិការផ្លូវដែក និងជំរុញការតភ្ជាប់ជាមួយបណ្តាប្រទេសអាស៊ីកណ្តាល និងអឺរ៉ុប។ លោកបានស្នើសុំឱ្យប្រទេសចិនផ្តល់ប្រាក់កម្ចី ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្ទេរបច្ចេកវិទ្យា ដើម្បីឱ្យវៀតណាមអាចគ្រប់គ្រងប្រតិបត្តិការ ការថែទាំ និងការជួសជុលផ្លូវដែកអគ្គិសនី។
លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានបញ្ជាក់ថា ប្រទេសចិនលើកទឹកចិត្តដល់ការពង្រីកការវិនិយោគទ្វេភាគី ការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់ផលិតកម្មដែលមានសុវត្ថិភាព ស្ថិរភាពនៅក្នុងតំបន់ និងគាំទ្រការដែលមានធុរកិច្ចចិនធំៗកាន់តែច្រើនពង្រីកការវិនិយោគនៅក្នុងប្រទេសវៀតណាម។ លោកបានស្នើឱ្យភាគីទាំងពីររួមគ្នាស្រាវជ្រាវ និងលើកកម្ពស់វិស័យសហប្រតិបត្តិការជឿនលឿនថ្មីៗ ដោយផ្តោតលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ និងបញ្ញាសិប្បនិម្មិតជាចំណុចលេចធ្លោថ្មីៗ។ ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយវៀតណាម ដើម្បីអនុវត្តកម្មវិធី និងផែនការជាក់លាក់សម្រាប់ឆ្នាំសហប្រតិបត្តិការទេសចរណ៍វៀតណាម-ចិន ឆ្នាំ២០២៦-២០២៧ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់។
ការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិទាំងពីរ
នៅថ្ងៃទី១៥ ខែមេសា នៅទីក្រុងប៉េកាំង លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋបានជួបប្រជុំជាមួយលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។
    |
 |
|
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ជួបប្រជុំជាមួយលោក លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន |
ក្នុងអំឡុងពេលនៃជំនួបភាគីទាំងពីរបានចែករំលែកព័ត៌មានអំពីស្ថានភាពនៃបក្ស និងប្រទេសនីមួយៗ និងសកម្មភាពរបស់ស្ថាប័ននីតិបញ្ញត្តិរៀងៗខ្លួន។ ភាគីទាំងពីរបានសម្តែងការរីករាយចំពោះការអភិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងរវាងបក្ស និងប្រទេសទាំងពីរ និងវឌ្ឍនភាពល្អនៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនជាតិចិន។
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានស្នើឱ្យមានការពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនចិន បន្តអនុវត្តយន្តការនៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាប្រជាជនតំណាងចិនប្រកបដោយប្រសិទ្ធភាព។ លោកក៏បានសម្តែងក្តីសង្ឃឹមថា ស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរនឹងលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការតាក់តែងច្បាប់ និងការត្រួតពិនិត្យ ដោយរួមចំណែកដល់ការពង្រីក និងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាងភាគីទាំងពីរ ជាពិសេសនៅក្នុងវិស័យការទូត ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដោយផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មដែលមានតុល្យភាពជាងមុន ការផ្លាស់ប្តូរយ៉ាងខ្លាំងពីពាណិជ្ជកម្មសាមញ្ញទៅជាការធ្វើសមាហរណកម្មស៊ីជម្រៅក្នុងការតភ្ជាប់សេដ្ឋកិច្ច ខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់ផលិតកម្ម ការពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការបង្កើតយន្តការជាក់លាក់សម្រាប់កិច្ចសហប្រតិបត្តិការផ្លូវដែក ការធានាសន្តិសុខថាមពល និងការធ្វើឱ្យកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្លាយជាចំណុចលេចធ្លោថ្មីមួយ...។
ដោយវាយតម្លៃខ្ពស់ និងយល់ស្របជាមួយនឹងការលើកឡើងសំខាន់ៗរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមនោះ លោក Zhao Leji បានបញ្ជាក់ថា សភាតំណាងប្រជាជនទូទាំងប្រទេសចិន ត្រៀមខ្លួនជាស្រេចធ្វើការជាមួយរដ្ឋសភាវៀតណាម ដើម្បីពង្រឹងការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀត។
បកប្រែដោយ Minh Trung