លោក Le Minh Hung នាយករដ្ឋមន្ត្រី ៖ លើកសំណើការតម្រង់ទិសចំនួន ៣ សម្រាប់កិច្ចសហប្រតិបត្តិការនៅកិច្ចប្រជុំ AZEC បូក
កប.អនឡាញ - នៅថ្ងៃទី ១៥ ខែមេសា តបតាមការអញ្ជើញរបស់លោកស្រី Takaichi Sanae នាយករដ្ឋមន្ត្រីជប៉ុន លោក Le Minh Hung នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសហគមន៍អាស៊ីបំភាយឧស្ម័នសូន្យ (AZEC) បូក ស្ដីពីស្វាយភាពថាមពលដោយលោកស្រី Takaichi Sanae នាយករដ្ឋមន្ត្រីជប៉ុនធ្វើជាអធិបតី។
កិច្ចប្រជុំមានការចូលរួមពីមេដឹកនាំមកពី ១៥ ប្រទេស រួមទាំងប្រទេសសមាជិក AZEC ចំនួន ១០៖ ជប៉ុន អូស្ត្រាលី ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ដែលក្នុងនោះ ប្រទេសភ្ញៀវកិត្ដិយសចំនួន ៥៖ កូរ៉េខាងត្បូង បង់ក្លាដែស ឥណ្ឌា ស្រីលង្កា និងទីម័រខាងកើត និងថ្នាក់ដឹកនាំមកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)។
ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ លោកស្រី Takaichi Sanae បានសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដើម្បីដោះស្រាយការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ថាមពល និងធានាសន្តិសុខថាមពលសម្រាប់ប្រទេសអាស៊ីដែលរងផលប៉ះពាល់ដោយការរំខានទាំងនេះ។ លោកស្រី Takaichi Sanae ក៏បានលើកសំណើសម្រាប់ការលើកតម្កើងនូវគំនិតផ្តួចផ្តើម AZEC ទៅ AZEC 2.0 ដើម្បីធានាសន្តិសុខថាមពល និងបង្កើនការភាពធន់របស់ខឿនសេដ្ឋកិច្ចអាស៊ី។
    |
 |
|
លោក Le Minh Hung នាយករដ្ឋមន្ត្រីថ្លែងក្នុងកិច្ចប្រជុំកំពូលសហគមន៍អាស៊ីបំភាយឧស្ម័នសូន្យ (AZEC) បូក ស្ដីពីការស្វាយភាពថាមពល (រូបថត៖ vnanet.vn) |
ថ្លែងក្នុងកិច្ចប្រជុំនេះ លោក Le Minh Hung នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វៀតណាមកំពុងខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅរកគោលដៅបំភាយឧស្ម័នសូន្យនៅឆ្នាំ ២០៥០ និងកំណត់ការអភិវឌ្ឍថាមពលកកើតឡើងវិញ និងការផ្លាស់ប្តូរបៃតងជាអាទិភាពជាយុទ្ធសាស្ត្រ។ លោក Le Minh Hung បានលើកសំណើការតម្រង់ទិសចំនួនបី សម្រាប់កិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយរាល់បញ្ហាថាមពល និងរក្សាខ្សែសង្វាក់ផ្គត់ផ្គង់។
ទីមួយ ក្នុងរយៈពេលខ្លី ប្រទេសនានាគួរតែពង្រឹងកិច្ចសហប្រតិបត្តិការ និងសហការគោលនយោបាយដើម្បីធ្វើពិពិធកម្មប្រភពថាមពល សម្រួលដល់ពាណិជ្ជកម្ម និងរក្សា ស្ថិរភាព និងរលូននូវខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសក្នុងវិស័យថាមពល និងស្បៀងអាហារ។ ទីពីរ ក្នុងរយៈពេលមធ្យមនិងរយៈពេលវែង ចាំបាច់ត្រូវបង្កើនស្វ័យភាពជាយុទ្ធសាស្ត្រ និងភាពធន់នៃខឿនសេដ្ឋកិច្ច ដោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពល និងជំរុញការផ្ទេរបច្ចេកវិទ្យា។ ទីបី ចាំបាច់ត្រូវពន្លឿនការអនុវត្តប្រកបដោយប្រសិទ្ធភាពនូគម្រោងសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ AZEC ស្របតាមសមត្ថភាព និងលក្ខខណ្ឌជាក់ស្តែងរបស់ប្រទេសនីមួយៗ។
លោកនាយករដ្ឋមន្ត្រីវៀតណាមបានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមស្ដីពីការលើកតម្កើង AZEC ទៅជា AZEC 2.0 ហើយនិងបញ្ជាក់ថា វៀតណាមសន្យាថា នឹងបន្តសហការយ៉ាងសកម្ម និងជិតស្និទ្ធជាមួយជប៉ុន និងដៃគូនានាក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគំនិតផ្តួចផ្តើមរបស់ AZEC ដើម្បីរួមគ្នាស្ថាបនាអនាគតមួយប្រកបដោយបៃតង ចីរភាព និងវិបុលភាពសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។
    |
 |
|
លោកស្រី Takaichi Sanae នាយករដ្ឋមន្ត្រីជប៉ុន ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VGP) |
ថ្នាក់ដឹកនាំនៃប្រទេសនានា និងអង្គការអន្តរជាតិបានស្វាគមន៍គំនិតផ្តួចផ្តើមរបស់ជប៉ុនក្នុងការរៀបចំកិច្ចប្រជុំកំពូលសហគមន៍អាស៊ីបំភាយឧស្ម័នសូន្យ (AZEC) បូកស្ដីពីស្វាយភាពថាមពលក្នុងបរិបទបច្ចុប្បន្ននេះ ព្រមទាំងសម្តែងការព្រួយបារម្ភអំពីការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាលំហូរទំនិញដោយសេរីដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ។
ថ្នាក់ដឹកនាំទាំងឡាយបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ប្រទេសជប៉ុនចំពោះបណ្ដាប្រទេសនៅអាស៊ី គាំទ្រគំនិតផ្តួចផ្តើម AZEC 2.0 និងបញ្ជាក់ពីបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយជប៉ុនដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងធានាសន្តិសុខថាមពល៕
បកប្រែដោយ Pham Diep