នៅចុងខែតុលា ឆ្នាំ២០២៥ ទំនាក់ទំនងរវាងវៀតណាមជាមួយចក្រភពអង់គ្លេសត្រូវបានធ្វើឱ្យប្រសើរឡើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ វៀតណាមមានទំនាក់ទំនងកម្រិតខ្ពស់បំផុតជាមួយសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង រុស្ស៊ី និងចិន - ដែលសុទ្ធតែជាប្រទេសដែលមានឥទ្ធិពល និងមានតួនាទីសំខាន់ៗក្នុងការរក្សាសន្តិភាព និងសន្តិសុខពិភពលោក។ ការមានក្របខ័ណ្ឌទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយបែបនេះគឺពិតជាអ្វីៗដែលប្រទេសជាច្រើនមិនងាយអាចសម្រេចបានទេ។

leftcenterrightdel
ប្រធានគណៈប្រតិភូអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (អនុសញ្ញាហាណូយ)

ក្នុងអំឡុងពេលនោះ ទីក្រុងហាណូយបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍សកល - ពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (អនុសញ្ញាហាណូយ)។ ជាលើកដំបូង អនុសញ្ញាពហុភាគីសកលមួយត្រូវបានផ្សារភ្ជាប់ជាមួយទីតាំងមួយរបស់វៀតណាម។ នេះគឺជាការកត់សម្គាល់នូវការផ្លាស់ប្តូររបស់វៀតណាមពីប្រទេសដែលចូលរួមក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិទៅជាប្រទេសកសាង ចូលរួមចំណែក និងដើរតួនាទីនាំមុខគេក្នុងកិច្ចការអន្តរជាតិ។

គួរឱ្យរំលឹកដែរថា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ប្រទេសវៀតណាម និងប្រទេសទូវ៉ាលូ បានបង្កើតទំនាក់ទំនងការទូត។ ជិតកន្លះសតវត្សរ៍បន្ទាប់ពីចូលរួមជាមួយអង្គការសហប្រជាជាតិ ប្រទេសវៀតណាមបានបញ្ចប់ដំណើរការនៃការកសាងទំនាក់ទំនងសហប្រតិបត្តិការជាផ្លូវការជាមួយប្រទេសនានា ដោយក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចនៅលើពិភពលោកដែលមានទំនាក់ទំនងការទូតជាមួយប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំង ១៩៣ ប្រទេស។

ទាំងនេះគឺជាព្រឹត្តិការណ៍សំខាន់ៗនៃផ្នែកការទូត ដែលមានលក្ខណៈជាយុទ្ធសាស្ត្របង្ហាញពីកិត្យានុភាព កិត្តិនាមរបស់ប្រទេសជាតិ ហើយជាលទ្ធផលនៃគោលនយោបាយការបរទេសឯករាជ្យ និងពឹងផ្អែកលើខ្លួនឯងរបស់វៀតណាមក្នុងទំនាក់ទំនងជាមួយប្រទេសដទៃទៀត។ អាចនិយាយបានថា ចាប់តាំងពីការបង្កើតប្រទេសជាតិរហូតមកដល់បច្ចុប្បន្ន សតិអារម្មណ៍នៃឯករាជ្យភាព និងការពឹងផ្អែកលើខ្លួនឯងតែងតែជាគោលការណ៍ណែនាំនៅក្នុងសកម្មភាពគោលនយោបាយការបរទេសទាំងអស់របស់ខ្លួន។ នោះគឺជាគោលការណ៍ណែនាំ ដែលមិនអាចផ្លាស់ប្តូរបានសម្រាប់យើងដើម្បីការពារផលប្រយោជន៍របស់វៀតណាមបានល្អបំផុត។ ឯករាជ្យភាព និងការពឹងផ្អែកលើខ្លួនឯងនៅទីនេះមានន័យថា ជាសមត្ថភាពក្នុងការធ្វើការសម្រេចចិត្តដោយខ្លួនឯងក្នុងការរៀបចំផែនការ និងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ និងសកម្មភាពដោយគ្មានសម្ពាធ ឬរងឥទ្ធិពលពីខាងក្រៅជាដាច់ខាត ហើយក៏ជាសមត្ថភាពក្នុងការឈរយ៉ាងរឹងមាំ និងទប់ទល់នឹងការផ្លាស់ប្តូរទាំងអស់នៃសម័យកាល និងជាស្មារតីខ្លួនទីពឹងខ្លួនឯង។ល។

ឈានចូលដំណាក់កាលនៃការកែទម្រង់ ដោយអនុវត្តនូវគំនិតនៃឯករាជ្យភាព និងការពឹងផ្អែកលើខ្លួនឯងដោយភាពច្នៃប្រឌិតនៅក្នុងបរិបទថ្មី វៀតណាមបានអនុវត្តគោលនយោបាយពហុភាគីនិយម និងធ្វើពិពិធកម្មទំនាក់ទំនងការបរទេសរបស់ខ្លួន ដោយជៀសវាងការពឹងផ្អែកលើមហាអំណាច ឬក្រុមប្រទេសណាមួយ។ យើងបានជ្រើសរើសការចូលរួមយ៉ាងសកម្មនៅក្នុងយន្តការ និងវេទិកាក្នុងតំបន់ និងសកលដើម្បីសម្របខ្លួនទៅនឹងនិន្នាការសកល និងបម្រើផលប្រយោជន៍ជាតិបានល្អបំផុតតាមរយៈរាល់ការសម្រេចចិត្តគោលនយោបាយការបរទេសសំខាន់ៗ។

ពីទឹកដីដែលគ្មានឈ្មោះនៅលើផែនទីពិភពលោក និងត្រូវបានបំផ្លិចបំផ្លាញយ៉ាងខ្លាំងដោយសង្គ្រាម ប្រទេសវៀតណាមបានក្លាយជានិមិត្តរូបនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដោយក្លាយជាសេដ្ឋកិច្ចធំជាងគេទី ៣២ នៅលើពិភពលោក ដោយមានកិត្យានុភាពរបស់ខ្លួនត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ។ ពីប្រទេសដែលត្រូវបានរងការហ៊ុំព័ទ្ធ ឯកោ និងហាមឃាត់ ឥឡូវនេះប្រទេសវៀតណាមមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៩៥ បានបង្កើតក្របខ័ណ្ឌភាពជាដៃគូទូលំទូលាយជាមួយប្រទេសចំនួន ៤០ ក្នុងនោះរួមទាំងប្រទេសជាសមាជិកអចិន្ត្រៃយ៍ទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សមាជិកអាស៊ានទាំងអស់ និង G-7 ជាដើម។

នៅលើឆាកអន្តរជាតិ ប្រទេសវៀតណាមបានក្លាយជាសមាជិកនៃយន្តការសហប្រតិបត្តិការ និងសមាហរណកម្មពហុភាគីភាគច្រើន ចាប់ពីកម្រិតសកលលោករហូតដល់កម្រិតតំបន់ ដែលមានបណ្តាញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មឈានមុខគេភាគច្រើនរបស់ពិភពលោក។ តួនាទី និងកិត្យានុភាពរបស់វៀតណាមត្រូវបានបញ្ជាក់ និងពង្រឹងកាន់តែខ្លាំងឡើង នៅពេលដែលវៀតណាមចូលរួមចំណែកយ៉ាងសំខាន់ចំពោះកិច្ចការរួម និងដំណោះស្រាយបញ្ហាសកល។ ពីការចូលរួម ប្រទេសវៀតណាមបានផ្លាស់ប្តូរទៅជាម្ចាស់ការចូលរួមយ៉ាងសកម្មចូលក្នុងការបង្កើតរចនាសម្ព័ន្ធ និងយន្តការថ្មីតាមរយៈគំនិតផ្តួចផ្តើម គោលនយោបាយ ធនធានមនុស្ស និងហិរញ្ញវត្ថុ។

ពិភពលោកកំពុងស្ថិតនៅចំណុចប្រសព្វនៃការផ្លាស់ប្តូរស្មុគស្មាញ ជាមួយនឹងបញ្ហាប្រឈមជាច្រើន។ ស្ថានភាពសកលកំពុងផ្លាស់ប្តូរក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមក ឆ្ពោះទៅរកប្រព័ន្ធពហុប៉ូល ពហុកណ្តាល ពហុស្រទាប់ បែកបាក់ និងមានភាពលំអៀងខ្លាំង។ មហាអំណាចទាំងអស់កំពុងបង្កើនការកែតម្រូវជាយុទ្ធសាស្ត្រ ខិតខំបង្កើតសម្ព័ន្ធភាព និងបង្រួបបង្រួមកម្លាំង ធ្វើឱ្យការប្រកួតប្រជែងរបស់មហាអំណាចកាន់តែខ្លាំងក្លា និងសូម្បីតែប្រឈមមុខដាក់គ្នា ដោយទាញប្រទេសជាច្រើនចូលទៅក្នុង "រង្វង់" នៃអំណាច។

ក្នុងចំណោមផលប្រយោជន៍ចម្រុះ ស្មុគស្មាញ ការប្រកួតប្រជែង និងការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងក្លារវាងមហាអំណាចធំៗ នាំឱ្យប្រទេសតូច និងមធ្យមប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងក្នុងការ "ជ្រើសរើសភាគី" ក្នុងទំនាក់ទំនងអន្តរជាតិ។ ប្រសិនបើទទួលយកប្រការនេះ មានន័យថា នឹងស្ថិតក្រោមការគ្រប់គ្រង និងពឹងផ្អែក បាត់បង់ឯករាជ្យភាព និងស្វ័យភាព និងក្លាយជាសម្ព័ន្ធមិត្តជាមួយប្រទេសមួយ ខណៈពេលដែលប្រឈមមុខនឹងប្រទេសមួយទៀត។ ទោះជាយ៉ាងណាក៏ដោយ ការពិតគឺថា គ្មានប្រទេសណាមួយលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីផលប្រយោជន៍របស់ប្រទេសមួយផ្សេងទៀតឡើយ។ នៅពេលដែលមហាអំណាចប្រកួតប្រជែង ឬឃុបឃិតគ្នាដោយសម្ងាត់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន សម្ព័ន្ធមិត្តតូចៗងាយនឹងក្លាយជាកូនអុកនៅលើក្តារអុកនយោបាយ ធ្លាក់ចូលទៅក្នុងអស្ថិរភាព ឬសូម្បីតែសង្គ្រាម។ នេះមិនមែនជាការព្រមានទេ ប៉ុន្តែជាសោកនាដកម្មដែលពិភពលោកកំពុងមើលឃើញ។

ជាមួយនឹងគោលនយោបាយការបរទេសចម្រុះ ពហុភាគីនិយម ការធ្វើពិពិធកម្មទំនាក់ទំនង និងការពង្រីកទំនាក់ទំនងការបរទេសជាមួយប្រទេសទាំងអស់នៅលើពិភពលោក ដោយមិនប្រកាន់ពីប្រព័ន្ធនយោបាយ និងសង្គមរបស់ពួកគេ ដើម្បីជៀសវាងការពឹងផ្អែកលើដៃគូមួយចំនួន ឬទីផ្សារមួយចំនួន។ កាន់តែមានមិត្តភ័ក្តិគួរឱ្យទុកចិត្តខាងនយោបាយ កិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ការពារជាតិ និងសន្តិសុខ ហើយទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់យើងកាន់តែត្រូវបានពង្រីក ជួយឱ្យប្រទេសសម្រេចបាននូវបរិយាកាសសន្តិភាព សហប្រតិបត្តិការ និងវិបុលភាព។

លើសពីនេះ ដើម្បីសម្រេចបាននូវឯករាជ្យភាព និងការពឹងផ្អែកលើខ្លួនឯង យើងត្រូវតែមានសក្តានុពលគ្រប់គ្រាន់ដើម្បីទប់ទល់នឹងសម្ពាធ និងឥទ្ធិពលពីខាងក្រៅ មានន័យថាយើងត្រូវតែមានសមត្ថភាពខ្លាំង។ រួមជាមួយនឹងការកសាងសក្តានុពលនយោបាយ និងសង្គម សក្តានុពលសេដ្ឋកិច្ច និងសក្តានុពលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការពង្រឹងសមត្ថភាពការពារជាតិ និងយោធាត្រូវតែជាកិច្ចការដ៏សំខាន់ និងជាប្រចាំ។ នេះគឺជាកត្តាសំខាន់ៗដែលបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ប្រទេសវៀតណាម ដើម្បីរក្សាភាពសកម្មជាយុទ្ធសាស្ត្រ រួមចំណែកដល់ការការពារជាតិក្នុងគ្រប់កាលៈទេសៈ និងអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ស្មារតីខ្លួនទីពឹងខ្លួន ពហុភាគីនិយម និងចម្រុះ ដោយមិនពឹងផ្អែកលើកម្លាំងខាងក្រៅទេ។

ប្រទេសវៀតណាមមិនដែលធ្លាប់មានទំនាក់ទំនងការបរទេសបើកចំហ និងបរិយាកាសអន្តរជាតិអំណោយផលដូចសព្វថ្ងៃនេះទេ ហើយក៏មិនដែលមានកិត្យានុភាពលើឆាកអន្តរជាតិដូចសព្វថ្ងៃនេះទេ។ ថ្វីត្បិតតែ បញ្ហាប្រឈមនៅតែមានច្រើនក្តី ប៉ុន្តែឯករាជ្យភាព និងការពឹងផ្អែកលើខ្លួនឯងនឹងក្លាយជាគោលការណ៍ណែនាំដែលជួយវៀតណាមយកឈ្នះលើ “ព្យុះ” សកល និងឈានចូលដល់យុគសម័យនៃវឌ្ឍនភាពជាតិ៕

បកប្រែដោយ Minh Trung