គណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Tay Ninh (វៀតណាម) ទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់យោធភូមិភាគពិសេស (កម្ពុជា)
កប.អនឡាញ - នារសៀលថ្ងៃទី ៦ ខែមេសា នៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូនៃគណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Tay Ninh (គណៈកម្មការដឹកនាំការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី) បានទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជួបធ្វើការជាមួយគណៈកម្មការជំនាញយោធភូមិភាគពិសេស (កងយោធពលខេមរភូមិន្ទ) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៦។
លោក Pham Tan Hoa អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh និងជាប្រធានគណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Tay Ninh បានដឹកនាំគណៈប្រតិភូ។
លោកឧត្តមសេនីយ៍ទោ មុំ សុភាព មេបញ្ជាការរង យោធភូមិភាគពិសេសទទួលជួបគណៈប្រតិភូ។
នៅក្នុងជំនួប ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្រ្គាមនៅតំបន់យោធភូមិភាគពិសេសក្នុងរយៈពេលកន្លងមក ព្រមទាំងផ្លាស់ប្តូរ និងឯកភាពលើខ្លឹមសារសហប្រតិបត្តិការនាពេលខាងមុខ។
លោក Pham Tan Hoa បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណី វៀតណាម-កម្ពុជា គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជាតិទាំងពីរ ដែលត្រូវបានពូនជ្រំតាមរយៈសម័យកាលប្រវត្តិសាស្ត្រជាច្រើន។ ជាពិសេស កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ គឺជាសសរស្តម្ភដ៏សំខាន់មួយដែលរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសទាំងពីរ។
    |
 |
|
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍ |
នាពេលខាងមុខ លោក Pham Tan Hoa បានស្នើឱ្យភាគីទាំងពីរបន្តសម្របសម្រួល និងលើកកម្ពស់ការផ្សព្វផ្សាយ លើកទឹកចិត្តប្រជាជនក្នុងការជូនដំណឹងអំពីផ្នូរយុទ្ធជនពលី រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី។
មានប្រសាសន៍នៅក្នុងជំនួប លោកឧត្តមសេនីយ៍ទោ មុំ សុភាព បានបញ្ជាក់ថា ការស្វែងរក ការប្រមូល និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីមកប្រទេសវិញ គឺជាភារកិច្ចដ៏ពិសិដ្ឋមួយ ដែលបង្ហាញពីការទទួលខុសត្រូវ និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ។ លោកឧត្តមសេនីយ៍ទោ មុំ សុភាព ក៏បានអះអាងដែរថា យោធភូមិភាគពិសេសត្រៀមខ្លួនជាស្រេចជួយ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កងកម្លាំងបំពេញភារកិច្ច៕
បកប្រែដោយ Huyen Trang