ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីក្រសួងការបរទេស បានចូលជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងជួបធ្វើការជាមួយលោក សួស យ៉ារ៉ា អនុប្រធានទី១ គណៈទាក់ទងការបរទេស និងលោក អ៊ឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា។

leftcenterrightdel
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា (ខាងស្តាំដៃ) ទទួលជួបលោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម (រូបថត៖ vnanet.vn)

នៅក្នុងជំនួបទាំងឡាយ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រវត្តិសាស្ត្រនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម មកកាន់ប្រទេសកម្ពុជា (ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៦) ក៏ដូចជាការឯកភាពគ្នាដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់រវាងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងកិច្ចប្រជុំថ្មីៗនេះរវាងប្រមុខគណបក្សទាំងបីគឺវៀតណាម កម្ពុជា និងឡាវ។ ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ប្រកបដោយប្រសិទ្ធភាព ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងខ្សែសង្វាក់ផ្គត់ផ្គង់។

ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតតាមរយៈបណ្តាញបក្ស ត្រៀមរៀបចំយ៉ាងហ្មត់ចត់សម្រាប់ដំណើរទស្សនកិច្ចកម្រិតខ្ពស់ដោយថ្នាក់ដឹកនាំបក្ស និងរដ្ឋនាពេលខាងមុខ ព្រមទាំងជំរុញការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងគណៈកម្មាធិការបក្ស។ ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើតផែនការជាក់លាក់ ដើម្បីរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-កម្ពុជា ក្នុងឆ្នាំ ២០២៧ ដោយហេតុនោះ លើកតម្កើងតម្លៃប្រវត្តិសាស្ត្រដ៏ធំធេងនៃទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពជិតស្និទ្ធ និងជំនួយទៅវិញទៅមករវាងប្រទេសទាំងពីរ និងថែរក្សាតម្លៃទាំងនេះជាទ្រព្យដែលមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជំនាន់ក្រោយ៕

បកប្រែដោយ Huyen Trang