សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូនលោក Tran Thanh Man ប្រធានរដ្ឋសភា ដែលត្រូវបានបោះឆ្នោតជ្រើសតាំងសាជាថ្មីជាប្រធានរដ្ឋសភានីតិកាលទី១៦ ដោយសង្កត់ធ្ងន់ថា ការជ្រើសតាំងនេះបង្ហាញពីការជឿទុកចិត្ត និងទំនុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ចំពោះសមត្ថភាពដឹកនាំ និងការរួមវិភាគទានរបស់លោកប្រធានរដ្ឋសភា ក្នុងការលើកកម្ពស់តួនាទីរបស់រដ្ឋសភា ឆ្ពោះទៅរកការអភិវឌ្ឍដ៏រុងរឿងរបស់ប្រជាជនវៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទំនាក់ទំនងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បាន និងកំពុងរួមចំណែកដ៏សំខាន់ចំពោះការអភិវឌ្ឍរួមនៃទំនាក់ទំនងទ្វេភាគី រួមចំណែកពង្រឹងទំនុកចិត្ត ការយោគយល់គ្នាទៅវិញទៅមក និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីគោលបំណងចង់បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក Tran Thanh Man ប្រធានរដ្ឋសភាដើម្បីជំរុញ និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការសភាឲ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភានីតិកាលទី១៦ ស្បថចូលកាន់តំណែង (រូបថត៖ vnanet.vn)

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរជូនលោក Tran Thanh Man ប្រធានរដ្ឋសភា ដែលត្រូវបានបោះឆ្នោតជ្រើសតាំងសាជាថ្មីជាប្រធានរដ្ឋសភានីតិកាលទី១៦ ដោយសម្តែងនូវទំនុកចិត្តថា ក្រោមការដឹកនាំដ៏ឆ្នើមរបស់លោក Tran Thanh Man ប្រធានរដ្ឋសភា រដ្ឋសភាវៀតណាមនឹងសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន ដោយដាក់គ្រឹះរឹងមាំសម្រាប់គោលដៅធ្វើឱ្យប្រទេសវៀតណាមក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៤៥។

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក៏បានសម្តែងនូវគោលបំណងចង់បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក Tran Thanh Man ប្រធានរដ្ឋសភា ដើម្បីបន្តពូនជ្រំទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែងរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការដែលផ្តោតលើប្រជាជន ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំសភានៃប្រទេសឡាវ និងចិន ក៏បានផ្ញើសារទូរលេខ និងលិខិតអបអរសាទរជូនលោក Tran Thanh Man ប្រធានរដ្ឋសភាផងដែរ៕

បកប្រែដោយ Huyen Trang