គុយបាតែងតែមានឆន្ទៈដោះស្រាយរាល់ការខ្វែងគំនិតគ្នាតាមរយៈការសន្ទនា

អ្នកយកព័ត៌មាន៖ តើលោកឯកអគ្គរដ្ឋទូតអាចសង្ខេបយ៉ាងខ្លីអំពីស្ថានភាពថ្មីៗនៅក្នុងប្រទេសគុយបាបានទេ?

លោក Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូត៖ នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់ពន្ធពាណិជ្ជកម្មលើទំនិញនាំចូលពីរាល់ប្រទេសដែលផ្គត់ផ្គង់ប្រេងទៅឱ្យគុយបា។ ការសម្រេចចិត្តនេះបានធ្វើឱ្យបង្កើនការហ៊ុមព័ទ្ធ និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំពោះគុយបា ឡើងដល់កម្រិតដែលមិនធ្លាប់មានពីមុនមក ដោយបង្កើតការបិទផ្លូវថាមពលមួយលើគ្រប់ជ្រុងជ្រោយក្នុងគោលបំណងច្របាច់កសេដ្ឋកិច្ចគុយបា។ ទន្ទឹមនឹងនោះគឺការគំរាមកំហែងរបស់សហរដ្ឋអាមេរិកក្នុងការប្រើប្រាស់កម្លាំងប្រឆាំងនិងគុយបា។ ស្ថានភាពនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ជីវិតរបស់ប្រជាជនគុយបា ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផលិតអគ្គិសនី ការដឹកជញ្ជូន ការផលិតទំនិញ និងការផ្តល់សេវាកម្ម ជាពិសេសនៅក្នុងវិស័យថែទាំសុខភាព។

អ្នកយកព័ត៌មាន៖ ក្នុងបរិបទបច្ចុប្បន្ន តើបក្ស និងរដ្ឋគុយបាបានអនុវត្តដំណោះស្រាយអ្វីខ្លះដើម្បីជំនះការលំបាកទាំងនេះ លោកឯកអគ្គរដ្ឋទូត?

លោក Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូត៖ ដោយសារស្ថានភាពនេះ បក្ស និងរដ្ឋគុយបា បានអនុវត្តវិធានការជាច្រើនដើម្បីប្រើប្រាស់ប្រេងឥន្ធនៈដោយសមហេតុផល កែសម្រួលរាល់សកម្មភាពការងារ អប់រំ កំណត់ការធ្វើដំណើរ និងលើកកម្ពស់ការបំពេញការងារពីចម្ងាយ ដោយមានគោលដៅធានាបាននូវដំណើរការបន្តរបស់ប្រទេសក្រោមកាលៈទេសៈដ៏លំបាកនេះ។ លើសពីនេះ រាល់អាទិភាពចម្បងត្រូវបានកំណត់ថាជាការបង្កើនផលិតកម្មស្បៀងអាហារក្នុងស្រុក ជាពិសេសនៅថ្នាក់មូលដ្ឋាន ខណៈពេលដែលពន្លឿនការផ្លាស់ប្តូរទៅប្រភពថាមពលកកើតឡើងវិញ។

ម្យ៉ាងវិញទៀត ដំណោះស្រាយក៏កំពុងត្រូវបានអនុវត្តដើម្បីពង្រឹងស្វ័យភាពរបស់អាជីវកម្ម និងអាជ្ញាធរមូលដ្ឋាន។ រៀបចំរចនាសម្ព័ន្ធរដ្ឋ និងរដ្ឋាភិបាលឡើងវិញ បន្តបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស និងទំនាក់ទំនងសេដ្ឋកិច្ចរវាងរដ្ឋ និងវិស័យឯកជន និងលើកទឹកចិត្តសកម្មភាពអាជីវកម្មរបស់ប្រជាជនគុយបាដែលរស់នៅក្រៅប្រទេស។ ក្នុងពេលជាមួយគ្នានេះ កម្រិតនៃការត្រៀមខ្លួនសម្រាប់ការពារជាតិក៏កំពុងត្រូវបានបង្កើនផងដែរ ដើម្បីឆ្លើយតបទៅនឹងហានិភ័យនៃការវាយប្រហារដោយយោធា។

leftcenterrightdel
លោក Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅវៀតណាម

អ្នកយកព័ត៌មាន៖ ថ្មីៗនេះ លោក Miguel Díaz-Canel ប្រធានគុយបា បានប្រកាសថា គុយបាបានធ្វើកិច្ចចរចាជាមួយតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីស្វែងរកដំណោះស្រាយសម្រាប់បង្រួមភាពខុសគ្នារវាងប្រទេសទាំងពីរតាមរយៈការសន្ទនា។ លោក Oscar Pérez Oliva ឧបនាយករដ្ឋមន្ត្រីគុយបា បានថ្លែងថា គុយបាបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើតទំនាក់ទំនងពាណិជ្ជកម្មដ៏រលូនជាមួយអាជីវកម្មអាមេរិក ក៏ដូចជាជាមួយសហគមន៍គុយបា ដែលរស់នៅក្នុងសហរដ្ឋអាមេរិក និងកូនចៅរបស់ពួកគេ។ តើលោកឯកអគ្គរដ្ឋទូតអាចចែករំលែកព័ត៌មានបន្ថែមអំពីរឿងនេះបានទេ?

លោក Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូត៖ រដ្ឋាភិបាលគុយបាតែងតែបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការដោះស្រាយការខ្វែងគំនិតជាមួយសហរដ្ឋអាមេរិកតាមរយៈការសន្ទនា ដោយផ្អែកលើការគោរព សមភាព និងមិនប៉ះពាល់ដល់អធិបតេយ្យភាពជាតិ ដោយមានគោលបំណងស្វែងរកដំណោះស្រាយចំពោះការខ្វែងគំនិតគ្នាតាមរបៀបស៊ីវិល័យទៅវិញទៅមក និងស្របតាមច្បាប់អន្តរជាតិ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្នុងបរិបទផ្សេងៗ ភាគីទាំងពីរអាចធ្វើការផ្លាស់ប្ដូរយោបល់ និងឈានដល់កិច្ចព្រមព្រៀងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោយសម្រួលដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានផលប្រយោជន៍រួម។ ថ្មីៗនេះ លោកប្រធានគុយបាបានប្រកាសថា ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរយោបល់ដំបូងៗដើម្បីកំណត់បញ្ហាទ្វេភាគី ស្វែងរកមូលដ្ឋានរួមដើម្បីកាត់បន្ថយភាពតានតឹង និងការប្រឈមមុខដាក់គ្នា និងប្រសិនបើអាចធ្វើទៅបាន សូមបើកទូលាយវិស័យសហប្រតិបត្តិការ ដើម្បីធានាសន្តិសុខ និងសន្តិភាពសម្រាប់ប្រទេសទាំងពីរ។ ទាំងនេះគឺជាដំណើរការដ៏រសើប សម្ងាត់ និងជារឿយៗវែងឆ្ងាយដែលតម្រូវឱ្យមានការខិតខំប្រឹងប្រែង និងសុច្ឆន្ទៈយ៉ាងសំខាន់ដើម្បីសម្រេចបានលទ្ធផល។

ទាក់ទងនឹងគោលនយោបាយដែលទើបប្រកាសថ្មីៗ ដែលអនុញ្ញាតឱ្យជនជាតិគុយបារស់នៅក្រៅប្រទេស មិនត្រឹមតែនៅសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ចូលរួមដោយផ្ទាល់នៅក្នុងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក វិធានការទាំងនេះមានគោលបំណងពង្រីកលំហូរមូលធន លើកកម្ពស់ថាមវន្តនៃសេដ្ឋកិច្ចជាតិ និងពង្រឹងទំនាក់ទំនងជាមួយជនភៀសខ្លួនគុយបា។ ដូច្នេះ ពួកគេអាចចូលរួមជាដៃគូ ឬជាម្ចាស់អាជីវកម្មឯកជននៅក្នុងប្រទេសគុយបា ទោះបីជាពួកគេមិនរស់នៅជាអចិន្ត្រៃយ៍នៅក្នុងប្រទេសក៏ដោយ។ ពួកគេអាចចូលរួមមិនត្រឹមតែនៅក្នុងអាជីវកម្មខ្នាតតូចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងគម្រោងទ្រង់ទ្រាយធំផងដែរ រួមទាំងគម្រោងដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ។ ដើម្បីធ្វើដូចនេះ ពួកគេអាចសហការជាមួយអាជីវកម្មគុយបាទាំងក្នុងវិស័យរដ្ឋ និងឯកជន។

ការគាំទ្រទាន់ពេលវេលា និងជាក់ស្តែង

អ្នកយកព័ត៌មាន៖ លោកឯកអគ្គរដ្ឋទូត តើលោកអាចចែករំលែកអំពីសាមគ្គីភាពពិសេសរវាងវៀតណាម និងគុយបា ជាពិសេសនៅក្នុងបរិបទបច្ចុប្បន្នបានទេ?

លោក Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូត៖ បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែរក្សាបាននូវសាមគ្គីភាព និងការគាំទ្រដ៏ស្មោះត្រង់ចំពោះបុព្វហេតុរបស់ប្រជាជនគុយបា ក្នុងការប្រយុទ្ធដើម្បីបញ្ចប់ការឡោមព័ទ្ធ និងការដាក់ទណ្ឌកម្ម តាមរយៈរាល់សកម្មភាពនយោបាយ និងការទូត ព្រមទាំងការសម្រេចចិត្តគាំទ្រខាងសម្ភារៈទាន់ពេលវេលា និងជាក់ស្តែង។ ការរួមចំណែកទាំងនេះទទួលបានការវាយតម្លៃខ្ពស់ពីបក្ស រដ្ឋ និងប្រជាជនគុយបាទាំងអស់។

ក្នុងឆ្នាំកន្លងទៅ យុទ្ធនាការផ្តល់ជំនួយដល់ប្រជាជនគុយបា ដែលបង្កើតដោយសមាគមកាកបាទក្រហមវៀតណាមមជ្ឈិម បានប្រមូលថវិកាវិភាគទានបានប្រហែល ២៥លានដុល្លារអាមេរិក។ នេះគឺជាសារលើកទឹកចិត្តដ៏រឹងមាំពីប្រជាជន ក៏ដូចជាប្រភពនៃការគាំទ្រផ្នែកហិរញ្ញវត្ថុជាក់ស្តែងដើម្បីបំពេញតម្រូវការបន្ទាន់របស់ប្រទេសគុយបាក្នុងវិស័យដូចជាម្ហូបអាហារ ការផលិតអគ្គិសនី និងប្រព័ន្ធផ្គត់ផ្គង់ទឹកជាដើម។

អ្នកយកព័ត៌មាន៖ តាមលោកឯកអគ្គរដ្ឋទូត តើកិច្ចសហប្រតិបត្តិការលើវិស័យអ្វីខ្លះដែលវៀតណាម និងគុយបាត្រូវយកចិត្តទុកដាក់នាពេលខាងមុខ ដើម្បីពង្រឹងថែមទៀតនូវចំណងសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរ?

លោក Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូត៖ នាពេលខាងមុខ គុយបា និងវៀតណាមនឹងបន្តពង្រឹងទំនាក់ទំនងមិត្តភាពពិសេស និងសាមគ្គីភាពជាប្រពៃណី សំដៅឆ្ពោះទៅដំណាក់កាលនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងកម្រិតថ្មី ប្រសិទ្ធភាព ជាក់ស្តែង និងនិរន្តរភាពលើគ្រប់វិស័យ។ ដំណើរការនេះត្រូវបានលើកកម្ពស់តាមរយៈយន្តការកិច្ចសហប្រតិបត្តិការចម្រុះ និងប្រកបដោយប្រសិទ្ធភាពដែលត្រូវបានបង្កើតឡើង ដោយទំនាក់ទំនងរវាងភាគីទាំងពីរដើរតួនាទីណែនាំជាយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងទ្វេភាគី។

ធុរកិច្ចវៀតណាមជាច្រើនបន្តវិនិយោគក្នុងសេដ្ឋកិច្ចគុយបា ទោះបីជាមានការលំបាកនាពេលបច្ចុប្បន្នក៏ដោយ។ ជាពិសេស គម្រោងក្នុងវិស័យផលិតកម្មស្រូវមានសារៈសំខាន់ រួមចំណែកជាក់ស្តែងក្នុងការធានាអធិបតេយ្យភាព និងសន្តិសុខស្បៀងរបស់ប្រទេសគុយបា តាមរយៈការអនុវត្តវិធីសាស្រ្តគ្រប់គ្រង និងការផ្ទេរបច្ចេកវិទ្យា។ វៀតណាមក៏កំពុងរួមចំណែកក្នុងការជម្នះការខ្វះខាតអគ្គិសនីនៅក្នុងប្រទេសគុយបា ខណៈពេលដែលជួយដល់ដំណើរការផ្លាស់ប្តូររចនាសម្ព័ន្ធថាមពល តាមរយៈការអនុវត្តគម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យ 80MW នៅខេត្ត Mayabeque។

លើសពីនេះ ការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាគុយបា-វៀតណាម នាពេលថ្មីៗនេះក្នុងវិស័យផលិតកម្ម និងលក់ផលិតផលជីវឱសថគុយបា ដែលមានទីតាំងនៅតំបន់បច្ចេកទេសខ្ពស់ Hoa Lac ទីក្រុងហាណូយ បានបង្កើតកម្លាំងចលករដ៏សំខាន់មួយដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មជីវបច្ចេកវិទ្យាគុយបា ទន្ទឹមនឹងនោះរួមចំណែកលើកកំពស់គុណភាពនៃការថែទាំសុខភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

អ្នកយកព័ត៌មាន៖ បន្ទាប់ពីកាន់តំណែងជាឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាមជាងមួយឆ្នាំមក តើលោកឯកអគ្គរដ្ឋទូតមានចំណាប់អារម្មណ៍យ៉ាងណាអំពីប្រទេស និងប្រជាជនវៀតណាម?

លោក Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូត៖ បន្ទាប់ពីបានមកដល់ទីក្រុងហាណូយ រយៈពេលជាងមួយឆ្នាំ ដើម្បីទទួលការចាត់តាំងដោយមានកិត្តិយសតំណាងឱ្យរដ្ឋាភិបាល និងប្រជាជនគុយបាធ្វើជាឯកអគ្គរដ្ឋទូត ខ្ញុំអាចបញ្ជាក់ដោយមោទនភាពថា ការកោតសរសើរ និងការគោរពរបស់ខ្ញុំចំពោះប្រជាជនវៀតណាមកាន់តែស៊ីជម្រៅ។ ខ្ញុំពិតជារំជួលចិត្តចំពោះទឹកចិត្តស្មោះស្ម័គ្រ និងកក់ក្តៅ ដែលប្រជាជនវៀតណាមមកពីគ្រប់ទិសទី គ្រប់ជំនាន់ និងវណ្ណៈផ្សេងៗគ្នាផ្តល់ជូនប្រជាជនគុយបា។

ក្នុងប៉ុន្មានខែថ្មីៗនេះ ខ្ញុំបានជួបប្រទះដោយផ្ទាល់នូវគុណធម៌ និងតម្លៃមនុស្សធម៌ដ៏ពិសេសដែលប្រជាជនវៀតណាមរក្សាបានតាមរយៈប្រវត្តិវីរភាពដ៏យូរអង្វែងរបស់ប្រទេសជាតិ។ នោះគឺស្មារតីឧស្សាហ៍ព្យាយាម ឆន្ទៈមោះមុត ភាពក្លាហាន ក្តីស្នេហាជាតិដ៏ជ្រាលជ្រៅ ជីវិតខាងវិញ្ញាណដ៏សម្បូរបែប គោរពដូនតា រួមនឹងការប្រកាន់ភ្ជាប់យ៉ាងខ្លាំងចំពោះប្រពៃណី និងអត្តសញ្ញាណវប្បធម៌ជាតិ។ ទន្ទឹមនឹងនោះ ខ្ញុំក៏បានឃើញនូវការខិតខំប្រឹងប្រែងដ៏ធំធេងរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក៏ដូចជាសេចក្តីប្រាថ្នាក្នុងការកសាងប្រទេសប្រកបដោយវិបុលភាព ប្រជាធិបតេយ្យ យុត្តិធម៌ អរិយធម៌ និងសប្បាយរីករាយក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍន៍ប្រទេសជាតិ។

ទន្ទឹមនឹងលទ្ធផលផ្លែផ្កានៃមហាសន្និបាតបក្សលើកទី១៤ និងការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១ ក្នុងឱកាសនេះ ខ្ញុំសូមផ្ញើជូនជនរួមជាតិវៀតណាម និងជូនពរប្រទេសវៀតណាមឱ្យទទួលបានជោគជ័យច្រើនក្នុងឆ្នាំ២០២៦។

អ្នកយកព័ត៌មាន៖ សូមអរគុណលោក!

បកប្រែដោយ Minh Trung