មតិអន្តរជាតិអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម៖ វៀតណាមបោះជំហានយ៉ាងរឹងមាំក្នុងពិភពលោកដ៏ច្របូកច្របល់
កប.អនឡាញ - ក្នុងអំឡុងពេលប្រព្រឹត្តទៅមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងវាយតម្លៃវិជ្ជមានជាច្រើនលើព្រឹត្តិការណ៍ដ៏សំខាន់នេះ។
នៅថ្ងៃទី២២ ខែមករា ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ប្រតិភូដែលចូលរួមក្នុងមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី១៤។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានកត់សម្គាល់ថា កាលវិភាគខ្លីនៃមហាសន្និបាតចំនួន ១.៥ ថ្ងៃបើប្រៀបធៀបទៅនឹងផែនការដំបូងបានបង្ហាញពីកម្រិតខ្ពស់នៃឯកភាពនៅក្នុងបក្សកុម្មុយនិស្តវៀតណាម។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មានឡាវ Pasaxon បានធ្វើអត្ថាធិប្បាយថា ការរៀបចំមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានបង្ហាញយ៉ាងច្បាស់នូវសេចក្តីប្រាថ្នាអភិវឌ្ឍដែលត្រូវបានកំណត់ ហើយសេចក្តីប្រាថ្នានេះមិនត្រឹមតែអភិវឌ្ឍនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ជាប់ទៅនឹងតម្រូវការនៃការលើកកម្ពស់តួនាទី និងកិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិផងដែរ។
យោងតាមសារព័ត៌មាននេះ ការរៀបចំឯកសារសម្រាប់មហាសន្និបាតនេះគឺហ្មត់ចត់ ជាប្រព័ន្ធ និងមានលក្ខណៈវិទ្យាសាស្ត្រ ដោយប្រកាន់ខ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការពិតជាក់ស្តែង ដោយរួមបញ្ចូលគ្នានូវការពិនិត្យឡើងវិញ និងការវាយតម្លៃរយៈពេល ៤០ ឆ្នាំនៃកំណែទម្រង់ផ្លាស់ថ្មីជាមួយនឹងការព្យាករណ៍និន្នាការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។
    |
 |
|
ទិដ្ឋភាពនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម |
សារព័ត៌មាន Pasaxon ក៏បានចង្អុលបង្ហាញផងដែរថា ការសុំយោបល់យ៉ាងទូលំទូលាយពីគ្រប់ស្រទាប់ប្រជាជនបានទាក់ទាញអ្នកចូលរួមជិត ១៤ លាននាក់ មិនត្រឹមតែឆ្លុះបញ្ចាំងពីតម្លៃនៃលទ្ធិប្រជាធិបតេយ្យ និងកម្រិតខ្ពស់នៃការឯកភាពគ្នាក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការកែលម្អបន្ថែមទៀតនូវទិសដៅសំខាន់ៗលើការអភិវឌ្ឍប្រកបដោយចីរភាព ការធ្វើបរិវត្តកម្មឌីជីថល ការធានាសន្តិសុខសេដ្ឋកិច្ច សន្តិសុខថាមពល និងការចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមសកល។
កាសែត Juventud Rebelde នៃសម្ព័ន្ធយុវជនកុម្មុយនិស្តគុយបា បានបោះពុម្ពផ្សាយអត្ថបទមួយដោយអ្នកកាសែត Luis Manuel Arce Isaac ដែលមានចំណងជើងថា "បក្សមួយ និងប្រជាជាតិមួយដែលផ្តល់កម្លាំងចិត្ត" ដោយបញ្ជាក់ថា មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ដែលជាចំណុចរបត់មួយក្នុងការអភិវឌ្ឍ និងវឌ្ឍនភាពនៃដំណើរការកែទម្រង់ប្រជាជនវៀតណាម បន្ទាប់ពីជាងកន្លះសតវត្សរ៍ចាប់តាំងពីការបង្រួបបង្រួមជាតិ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនក៏បានតាមដានយ៉ាងដិតដល់ និងផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយអំពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ខាងនយោបាយនៃព្រឹត្តិការណ៍នេះ ក៏ដូចជាគោលដៅកំណើនសេដ្ឋកិច្ចដ៏មហិច្ឆតារបស់ប្រទេសវៀតណាមសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ ទូរទស្សន៍ NHK បានដកស្រង់សម្តីលោក To Lam អគ្គលេខាបក្សបាននិយាយថា ប្រទេសវៀតណាមខិតខំសម្រេចបានអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ជាមធ្យមប្រចាំឆ្នាំចំនួន ១០% ឬច្រើនជាងនេះក្នុងអំឡុងពេលឆ្នាំ ២០២៦-២០៣០។ NHK ក៏បានគូសបញ្ជាក់ពីគោលដៅរបស់ប្រទេសវៀតណាមក្នុងការធ្វើកំណែទម្រង់នីតិវិធីរដ្ឋបាលឱ្យងាយស្រួលជាង ធ្វើឱ្យល្អប្រសើរឡើងនូវបរិយាកាសវិនិយោគ ការធ្វើអាជីវកម្ម និងការលើកកម្ពស់ផ្នែកសេដ្ឋកិច្ចឯកជន ខណៈពេលដែលកត់សម្គាល់ពីកំណើន GDP ប៉ាន់ស្មានរបស់វៀតណាមចំនួន ៨.០២% ក្នុងឆ្នាំ ២០២៥។
China Daily បានដកស្រង់សម្តីអ្នកជំនាញដែលបាននិយាយថា មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាចំណុចរបត់ប្រវត្តិសាស្ត្រ ដែលបង្ហាញពីការឈានចូលទៅកាន់យុគសម័យថ្មីនៃកម្លាំងជាតិ និងស្មារតីពឹងផ្អែកលើខ្លួនឯង។
អត្ថបទមួយទៀតនៅលើ The Jakarta Post បានដកស្រង់សម្តីអ្នកវិភាគដែលនិយាយថា មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានសម្គាល់ចំណុចរបត់យុទ្ធសាស្ត្រដ៏សំខាន់មួយនៅក្នុងការអភិវឌ្ឍរបស់ប្រទេសវៀតណាម។ អត្ថបទដែលមានចំណងជើងថា "យុគសម័យឈានឡើងរបស់វៀតណាមនៅក្នុងពិភពលោកដ៏ច្របូកច្របល់មួយ" បានបញ្ជាក់ថា ប្រទេសវៀតណាមបានលេចចេញជាសេដ្ឋកិច្ចដែលមានការរីកចម្រើនលឿនបំផុតមួយនៅក្នុងតំបន់ស្របពេលដែលសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួល។ ពាណិជ្ជកម្មរបស់ប្រទេសវៀតណាមនៅតែបន្តកើនឡើង ទោះបីជាមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ក៏ដោយ។ នេះឆ្លុះបញ្ចាំងពីភាពធន់របស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅរបស់វៀតណាមទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។
អត្ថបទនេះអះអាងថា ភាពជោគជ័យទាំងនេះបង្ហាញថា វៀតណាមលែងជាប្រទេសបន្ទាប់បន្សំទៀតហើយ ប៉ុន្តែជាកត្តាដ៏សំខាន់មួយនៅក្នុងលំហូពាណិជ្ជកម្មអន្តរជាតិ។ អត្ថបទនេះសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលការទូតរបស់វៀតណាម ជាពិសេសការបង្កើតក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយជាមួយសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងរយៈពេលខ្លី។ អត្ថបទនេះបានបង្ហាញថា នេះមិនត្រឹមតែមានសារៈសំខាន់ខាងការទូតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាលទ្ធផលនៃយុទ្ធសាស្ត្ររយៈពេលវែងដើម្បីរក្សាស្វ័យភាពយុទ្ធសាស្ត្រនៅក្នុងពិភពលោកដែលមានភាពប្រែប្រួលខ្លាំងផងដែរ៕
បកប្រែដោយ Minh Trung