អ្នកយកព័ត៌មាន៖ សូមគោរពលោករដ្ឋមន្រ្តី ឆ្នាំ ២០២៥ ពិតជាឆ្នាំដ៏សកម្ម និងពោរពេញទៅដោយភាពជោគជ័យនៃផ្នែកកិច្ចការបរទេស។ តើអ្វីជាសមិទ្ធផលលេចធ្លោក្នុងកិច្ចការបរទេសរបស់វៀតណាមក្នុងឆ្នាំ ២០២៥? ហើយតើចំណុចសំខាន់ៗជាយុទ្ធសាស្ត្រនៃកិច្ចការបរទេសរបស់វៀតណាមក្នុងឆ្នាំ ២០២៥ មានអ្វីខ្លះ?
លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេស៖ ពេលក្រឡេកមើលទៅក្រោយ យើងអាចមើលឃើញថា បរិយាកាសអន្តរជាតិក្នុងឆ្នាំ ២០២៥ មានភាពប្រែប្រួល អស្ថិរភាព និងជម្លោះដែលកំពុងផ្ទុះឡើងនៅក្នុងប្រទេស និងតំបន់ជាច្រើន។ អាចនិយាយបានថា ឆ្នាំ២០២៥ ពិតជាឆ្នាំដ៏ច្របូកច្របល់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
នៅក្នុងបរិបទនោះ សមិទ្ធផលដ៏លេចធ្លោបំផុតនៃគោលនយោបាយការបរទេសនៅឆ្នាំ ២០២៥ គឺថាយើងបានចាប់យកឱកាស ជំនះបញ្ហាប្រឈម និងរួមចំណែកក្នុងការបង្កើតជំហរគោលនយោបាយការបរទេសសម្រាប់ប្រទេសវៀតណាម ឱ្យឈានចូលយុគសម័យថ្មី។ អាចនិយាយបានថា ផ្នែកការបរទេសនៅឆ្នាំ២០២៥ បានបង្ហាញពីកម្រិតខ្ពស់បំផុតនៃការទទួលខុសត្រូវក្នុងការបំពេញភារកិច្ចយុទ្ធសាស្ត្រ ដូចដែលលោក To Lam អគ្គលេខាបក្សបានសង្កត់ធ្ងន់ថា៖ "រក្សាបរិយាកាសសន្តិភាព និងស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព លើកកម្ពស់ជីវិតរស់នៅរបស់ប្រជាជន ហើយអ្វីៗទាំងអស់គឺដើម្បីប្រជាជន"។ លទ្ធផលលេចធ្លោគួរឱ្យចាប់អារម្មណ៍ដូចជា៖
ទីមួយ គឺការធ្វើឱ្យប្រសើរឡើង និងការពង្រឹងទំនាក់ទំនង និងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា។ ពេញមួយឆ្នាំកន្លងមក សកម្មភាពទំនាក់ទំនងការបរទេសមានភាពរស់រវើក សកម្ម ជាពិសេសសកម្មភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ៗ។ យើងបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយដៃគូចំនួន ១៧ ដែលនាំឱ្យចំនួនដៃគូសរុបដែលមានទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ឬ ខ្ពស់ជាងនេះឡើងដល់ ៤២ ប្រទេស។ យើងក៏បានពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគណបក្សនយោបាយ ដោយបន្តផ្តល់អាទិភាព និងអភិវឌ្ឍការទូតរវាងប្រជាជន និងប្រជាជនក្នុងទម្រង់ផ្សេងៗ។
ទីពីរ នៅកម្រិតពហុភាគី ថ្វីត្បិតតែខណៈពេលដែលរាល់ស្ថាប័នពហុភាគីប្រឈមមុខនឹងការលំបាកក្តី តែវៀតណាមនៅតែបន្តបង្ហាញពីការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តរបស់ខ្លួន។ យើងបានគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការពហុភាគី ចូលរួមដោយមានការទទួលខុសត្រូវចំពោះការកសាងនូវរាល់ការតម្រង់ទិសនៃការប្រតិបត្តិ និងបទប្បញ្ញត្តិ និងស្តង់ដារនៅក្នុងស្ថាប័នពហុភាគី។ ជាពិសេស ការចូលរួមយ៉ាងសកម្មរបស់វៀតណាមក្នុងប្រតិបត្តិការបេសកកម្មរក្សាសន្តិភាព ការស្វែងរកជួយសង្គ្រោះគ្រោះមហន្តរាយ ការធានាសន្តិសុខថាមពល និងស្បៀងអាហារ និងការចូលរួមរបស់ខ្លួននៅក្នុងយន្តការគ្រប់គ្រងជាច្រើននៅក្នុងក្រុមប្រឹក្សាសិទ្ធមនុស្ស និងយន្តការចំនួនប្រាំមួយក្នុងចំណោមប្រាំពីររបស់អង្គការយូណេស្កូជាដើម ត្រូវបានសហគមន៍អន្តរជាតិកោតសរសើរយ៉ាងខ្លាំង។
ទីបី ការរួមចំណែកដល់គោលដៅកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាង ៨% ការទូតសេដ្ឋកិច្ចបានដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវ ដោយយល់ឃើញច្បាស់ពីនិន្នាការនៃសេដ្ឋកិច្ចពិភពលោក និងវិស័យថ្មីៗដើម្បីបម្រើដល់ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង។ រាល់សកម្មភាពការទូតសេដ្ឋកិច្ចត្រូវបានធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធភាពទៅក្នុងទំនាក់ទំនងការបរទេសកម្រិតខ្ពស់។ ការទូតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានក្លាយជាវិស័យសំខាន់មួយ ដោយផ្តោតលើការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង ដែលរួមចំណែកដល់ការសម្រេចបាននូវវិស័យបច្ចេកវិទ្យាជាយុទ្ធសាស្ត្រចំនួន ១១។
ទីបួន ទំនាក់ទំនងការបរទេសក៏រួមចំណែកដល់ការលើកកម្ពស់អំណាចទន់របស់ប្រទេសវៀតណាមផងដែរ។ ការងារព័ត៌មានបរទេសមានភាពសកម្ម ម្ចាស់ការ មិនត្រឹមតែជួយលើកកម្ពស់រូបភាពជាតិប៉ុណ្ណោះទេ ថែមទាំងការពារគ្រឹះសតិអារម្មណ៍ និងផលប្រយោជន៍ជាតិនៅក្នុងបរិយាកាសព័ត៌មានស្មុគស្មាញផងដែរ។ រីឯការទូតរវាងប្រជាជន និងប្រជាជនក៏បានដើរតួនាទីយ៉ាងសំខាន់ ដោយបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ទំនាក់ទំនងការបរទេសរបស់ប្រទេសផងដែរ។
ទីប្រាំ រួមជាមួយនឹងការអនុវត្តភារកិច្ចការបរទេស ការកសាងផ្នែកនេះត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់។ ផ្នែកការទូតបានធ្វើការរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនឱ្យកាន់តែមានភាពប្រសើរឡើង ដោយកាត់បន្ថយចំនួននាយកដ្ឋានប្រហែល ៤២.៥%។ ឯកសារច្បាប់សំខាន់ៗជាច្រើនត្រូវបានអនុម័ត ដែលបង្កើតជាមូលដ្ឋានសំខាន់ៗសម្រាប់កិច្ចការបរទេស ដូចជាច្បាប់ស្តីពីសន្ធិសញ្ញាអន្តរជាតិដែលបានធ្វើវិសោធនកម្ម ច្បាប់ស្តីពីសញ្ជាតិដែលបានធ្វើវិសោធនកម្ម។ល។ ជាចុងក្រោយ យន្តការសម្របសម្រួលរវាងសសរស្តម្ភទាំងបីនៃកិច្ចការបរទេសបក្ស ការទូតរដ្ឋ និងការទូតប្រជាជន រួមជាមួយនឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាល់ស្ថាប័ន មូលដ្ឋានពាក់ព័ន្ធ។
    |
 |
|
លោក Le Hoai Trung សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំពីសមិទ្ធផលគួរឱ្យចាប់អារម្មណ៍ក្នុងកិច្ចការការបរទេសរបស់វៀតណាម ក្នុងឆ្នាំ២០២៥ |
អ្នកយកព័ត៌មាន៖ នៅមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានកំណត់ថាកិច្ចការបរទេស រួមជាមួយនឹងការពារប្រទេស និងសន្តិសុខ ត្រូវបានកំណត់ជាលើកដំបូងថាជាវិស័យ “សំខាន់ និងប្រចាំ”។ តើគោលនយោបាយនេះកំណត់ “បេសកកម្ម” អ្វីខ្លះសម្រាប់កិច្ចការបរទេស និងការទូតរបស់វៀតណាម ក្នុងបុព្វហេតុកសាង និងការពារជាតិ?
លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេស៖ ដោយមានការយល់ដឹងនេះ យើងខ្ញុំកំណត់យ៉ាងច្បាស់ថា ការលើកកម្ពស់ទំនាក់ទំនងការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ មិនត្រឹមតែជាការងារការបរទេសប៉ុណ្ណោះទេ ហើយពិតជាមិនមែនជាការទទួលខុសត្រូវរបស់ក្រសួងការបរទេសតែម្នាក់ឯងនោះទេ ប៉ុន្តែជាបុព្វហេតុរួមរបស់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល និងជាភារកិច្ចសម្រាប់ប្រព័ន្ធនយោបាយទាំងមូល។
បេសកកម្មដ៏រុងរឿងនេះ និងតម្រូវការបន្ទាន់របស់ប្រទេសនៅក្នុងយុគសម័យថ្មី ទាមទារឱ្យទំនាក់ទំនងការបរទេសបន្តស្ថិតនៅក្រោមការដឹកនាំដោយផ្ទាល់ និងទូលំទូលាយរបស់បក្ស ការគ្រប់គ្រងឯកភាពរបស់រដ្ឋ និងការចូលរួមយ៉ាងសកម្មពីគ្រប់ក្រសួង ស្ថាប័ន មូលដ្ឋាន ប្រជាពលរដ្ឋ និងអាជីវកម្មទាំងអស់។ នៅក្នុងបរិបទនេះ ក្រសួងការបរទេសដើរតួនាទីស្នូលដោយសម្របសម្រួល និងផ្តល់ប្រឹក្សាជូនបក្ស និងរដ្ឋ។ ដើម្បីពន្លឿនការអនុវត្តយុទ្ធសាស្ត្រគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ ដូចដែលបានណែនាំដោយលោក To Lam អគ្គលេខាបក្ស និងដើម្បីអនុវត្តភារកិច្ចសំខាន់ៗ ផ្នែកការបរទេសទាំងមូលនឹងផ្តោតលើទិសដៅសំខាន់ៗចំនួនបីដូចខាងក្រោម៖
ទីមួយ ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវិស័យការពារប្រទេស និងសន្តិសុខ គ្រប់ស្ថាប័ន និងមូលដ្ឋានទូទាំងប្រទេសដើម្បីរក្សាបរិយាកាសសន្តិភាព និងស្ថិរភាព ការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីនៃមាតុភូមិ ការពារមាតុភូមិ។
ទីពីរ ត្រូវប្រើប្រាស់ទាញយកអត្ថប្រយោជន៍ធនធានខាងក្រៅ និងលក្ខខណ្ឌអំណោយផលឲ្យបានច្រើនបំផុត ជាពិសេសកឺការលើកកម្ពស់ការទូតសេដ្ឋកិច្ច ដោយផ្តោតលើការទូតបច្ចេកវិទ្យាដើម្បីចូលរួចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសគោលដៅនៃកំណើនពីរខ្ទង់ចាប់តាំងពីមហាសន្និបាតបក្សលើកទី ១៤ តទៅដោយសម្រេចឱ្យបានគោលដៅនានាដែលកំណត់ដោយបក្ស។
ទី បី រួមចំណែកដល់ការលើកកម្ពស់តួនាទី ឋានៈ និងកិត្យានុភាពលើឆាកអន្តរជាតិរបស់បក្ស និងប្រទេសជាតិ លើកកម្ពស់តួនាទីរបស់វៀតណាមក្នុងខឿននយោបាយពិភពលោក សេដ្ឋកិច្ចពិភពលោក និងអរិយធម៌មនុស្សជាតិ ដោយខិតខំឱ្យប្រទេសយើង “ស្មើមុខស្មើមាត់ជាមួយមហាអំណាចនៃទ្វីបទាំងប្រាំ” ដូចដែលក្តីប្រាថ្នារបស់លោកប្រធានហូជីមិញ។
អ្នកយកព័ត៌មានៈ តើឆ្នាំកន្លងមកការទូតវប្បធម៌បានគាំទ្រដល់គោលដៅនៃការលើកកម្ពស់ “អំណាចទន់” និងកិត្យានុភាពជាតិ?
លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេស៖ ការទូតវៀតណាមតែងតែបង្ហាញពីជម្រៅនៃវប្បធម៌ និងអត្តសញ្ញាណជាតិ។ សូម្បីតែមុនពេលប្រទេសទទួលបានឯករាជ្យ នៅឆ្នាំ ១៩៤៣ បក្សមានគម្រោងវប្បធម៌វៀតណាមរួចទៅហើយ។ លោកប្រធាន ហូ ជីមិញ ស្ថាបត្យករនៃការទូតវៀតណាមសម័យទំនើប រដ្ឋមន្ត្រីក្រសួងការបរទេសដំបូងគេរបស់វៀតណាម និងជាឥស្សរជនល្បីឈ្មោះវប្បធម៌ពិភពលោក។ ឯកសារនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានបញ្ជាក់យ៉ាងច្បាស់អំពីទិសដៅចម្បងសម្រាប់ការកសាង និងអភិវឌ្ឍវប្បធម៌វៀតណាមជឿនលឿន ដែលសម្បូរទៅដោយអត្តសញ្ញាណជាតិ ព្រមទាំងសហការ និងលើកកម្ពស់រូបភាពអំពីប្រទេសជាតិ តម្លៃវប្បធម៌ និងប្រជាជនវៀតណាមយ៉ាងសកម្មទៅកាន់ពិភពលោក។
ក្រឡេកមើលទៅក្រោយលើការទូតវប្បធម៌ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ យើងអាចមើលឃើញថា យើងសម្រេចបាននូវវឌ្ឍនភាពគុណភាពជាច្រើន។ រាល់សកម្មភាពការទូតកម្រិតខ្ពស់ទាំងអស់ត្រូវបានផ្សារភ្ជាប់ទៅនឹងខ្លឹមសារនៃការទូតវប្បធម៌។ ក្នុងរយៈពេលខាងមុខ ដើម្បីចូលរួមចំណែកក្នុងការបង្កើនអំណាចទន់ជាតិ ការទូតវប្បធម៌នឹងផ្តោតលើទិសដៅ និងអាទិភាពសំខាន់ៗដូចខាងក្រោម៖
ទីមួយ ត្រូវផ្លាស់ថ្មីនូវការគិត និងមានការឯកភាពខ្ពស់ក្នុងការយល់ដឹង និងសកម្មភាពទាក់ទងនឹងតួនាទីនៃការទូតវប្បធម៌ ដោយអនុវត្តត្រឹមត្រូវស្មារតីណែនាំរបស់លោក To Lam អគ្គលេខាបក្ស ពោលគឺធ្វើឱ្យសកម្មភាពការបរទេសនីមួយៗមិនត្រឹមតែមានខ្លឹមសារវប្បធម៌ស៊ីជម្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាសកម្មភាពវប្បធម៌ផងដែរ។
ទីពីរត្រូវផ្លាស់ថ្មីខ្លឹមសារ ទម្រង់ និងមានគំនិតផ្តួចផ្តើមដ៏លេចធ្លោដើម្បីអនុវត្តការទូតវប្បធម៌ដោយផ្តោតលើការងារសំខាន់ៗ ដោយបង្កើតការចាប់អារម្មណ៍ និងឥទ្ធិពលយ៉ាងទូលំទូលាយ។ ជាពិសេស បន្តធ្វើសមាហរណកម្មការទូតវប្បធម៌ទៅក្នុងសកម្មភាពការបរទេសកម្រិតខ្ពស់ គាំទ្រដល់តំបន់នានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបេតិកភណ្ឌ និងពង្រឹងការតភ្ជាប់ និងការសម្របសម្រួលរវាងការទូតវប្បធម៌ និងការងារទាក់ទងនឹងប្រជាជនវៀតណាមនៅបរទេស។
ទីបី លើកកម្ពស់ការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ សកម្ម និងមានប្រសិទ្ធភាពនៅក្នុងវេទិកាវប្បធម៌ពហុភាគី និងទ្វេភាគី ដោយរួមចំណែកនាំឱ្យប្រទេសវៀតណាមទៅកាន់ពិភពលោកកាន់តែពេញលេញ លើកកម្ពស់វប្បធម៌ និងអរិយធម៌ជាតិ។
ទីបួន ពង្រឹងកិច្ចខិតខំប្រឹងប្រែងទំនាក់ទំនងដែលភ្ជាប់ទៅនឹងការផ្លាស់ប្តូរឌីជីថល ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពសម្រាប់ការទូតវប្បធម៌។
ទីប្រាំ ពង្រឹងការអភិវឌ្ឍធនធានមនុស្ស ដើម្បីបំពេញតាមតម្រូវការនៃការទូតវប្បធម៌ទាំងនៅកម្រិតមជ្ឈិម និងមូលដ្ឋាន ជាពិសេសនៅការិយាល័យតំណាងវៀតណាមនៅបរទេស។ បង្កើនការផ្សព្វផ្សាយចំណេះដឹងជាមូលដ្ឋានអំពីវប្បធម៌ និងការទូតវប្បធម៌ដល់ប្រជាជនវៀតណាមដែលកំពុងធ្វើការ សិក្សា និងរស់នៅបរទេស... រួមចំណែកដល់ការកសាង និងលើកកម្ពស់រូបភាពរបស់ប្រទេស និងប្រជាជនវៀតណាមនៅក្នុងក្រសែភ្នែករបស់មិត្តភក្តិអន្តរជាតិ។
អ្នកយកព័ត៌មាន៖ សូមអរគុណច្រើនលោក!
បកប្រែដោយ Minh Trung