ការបង្កើតកម្លាំងចលករដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-អង់គ្លេស ក្នុងដំណាក់កាលថ្មី
កប.អនឡាញ - នារសៀលថ្ងៃទី២៤ ខែមីនា នៅទីក្រុងហាណូយ លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធាន SOM អាស៊ានរបស់វៀតណាម បានទទួលជួបលោក Iain Frew ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាម ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអាស៊ាន-អង់គ្លេស និងទំនាក់ទំនងទ្វេភាគីវៀតណាម-អង់គ្លេស។
នៅក្នុងជំនួប លោក Dang Hoang Giang អនុរដ្ឋមន្ត្រី និងលោក Iain Frew ឯកអគ្គរដ្ឋទូត បានពិនិត្យឡើងវិញនូវវឌ្ឍនភាពវិជ្ជមានក្នុងទំនាក់ទំនងអាស៊ាន-អង់គ្លេស ក្នុងរយៈពេលកន្លងមកជាពិសេសអត្រាបញ្ចប់ ៩៨.៩% នៃផែនការសកម្មភាព អាស៊ាន-ចក្រភពអង់គ្លេស សម្រាប់ដំណាក់កាលឆ្នាំ ២០២២-២០២៦។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា នៅឆ្នាំនេះ ភាគីទាំងពីរនឹងប្រារព្ធខួបលើកទី ៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន-អង់គ្លេស (២០២១-២០២៦) ដោយហេតុនោះ បង្កើតកម្លាំងចលករដើម្បីជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន-អង់គ្លេស ក្នុងដំណាក់កាលថ្មី។
    |
 |
|
លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធាន SOM អាស៊ានរបស់វៀតណាម ទទួលជួបលោក Iain Frew ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាម (រូបថត៖ baoquocte.vn) |
លោក Dang Hoang Giang អនុរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនង អាស៊ាន-អង់គ្លេស ដំណាក់កាលឆ្នាំ ២០២៤-២០២៧ វៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអង់គ្លេស ដើម្បីតម្រង់ទិសទំនាក់ទំនងអាស៊ាន-អង់គ្លេស ឆ្ពោះទៅរកការអភិវឌ្ឍដ៏រឹងមាំទូលំទូលាយ យូរអង្វែង និងយុទ្ធសាស្ត្រ ស្របតាមតម្រូវការសហប្រតិបត្តិការរបស់ភាគីទាំងពីរ និងបន្ស៊ាំខ្លួនទៅនឹងការពិតនៃស្ថានភាពថ្មី។ វៀតណាមក៏កំពុងសម្របសម្រួលយ៉ាងសកម្ម និងជំរុញការកសាងផែនការសកម្មភាពអាស៊ាន-អង់គ្លេស ដំណាក់កាលឆ្នាំ២០២៧-២០៣១ ដោយផ្តោតលើវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការដូចជា សេដ្ឋកិច្ច ហិរញ្ញវត្ថុ ការធ្វើបរិវត្តកម្មបៃតង ការអភិវឌ្ឍប្រកបដោយចីរភាព ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការលើសមុទ្រ។ល។
ស្តីពីទំនាក់ទំនងទ្វេភាគី លោក Dang Hoang Giang អនុរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់អង់គ្លេសចំពោះវៀតណាមក្នុងការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ព្រមទាំងស្នើឱ្យអង់គ្លេសចែករំលែកបទពិសោធន៍យ៉ាងសកម្មអំពីការធ្វើបរិវត្តកម្មថាមពលស្អាត។
លោក Iain Frew ឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះតួនាទីសម្របសម្រួលរបស់វៀតណាម ក្នុងទំនាក់ទំនងអាស៊ាន-អង់គ្លេស ក៏ដូចជាតួនាទីសកម្មកាន់តែខ្លាំងឡើងរបស់វៀតណាមនៅក្នុងអាស៊ាន និងនៅលើឆាកអន្តរជាតិ ជាពិសេសក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាក្នុងតំបន់ និងសកលលោក។ លោកឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចរបស់លោកក្នុងការសហការជាមួយវៀតណាមក្នុងការជំរុញការអនុវត្តវិស័យអាទិភាពដែលកំណត់ដោយភាគីទាំងពីរ៕
បកប្រែដោយ Huyen Trang