ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី ត្រូវបានពង្រឹង និងធ្វើឱ្យស៊ីជម្រៅ
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់សហព័ន្ធរុស្ស៊ី នៅរសៀលថ្ងៃទី ២៤ ខែមីនា (ម៉ោងក្នុងស្រុក) លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបសវនាការជាមួយលោក Vyacheslav Volodin ប្រធានសភាឌូម៉ា (សភាជាន់ទាប) នៃសហព័ន្ធរុស្ស៊ី។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សភាឌូម៉ាជាតិរុស្ស៊ី និងលោក Vyacheslav Volodin ប្រធានសភាក្នុងការធ្វើឱ្យក្របខ័ណ្ឌច្បាប់ល្អឥតខ្ចោះ សម្រួលដល់ការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងគាំទ្រការអនុវត្តកម្មវិធី ផែនការ និងគម្រោងសហប្រតិបត្តិការជាក់លាក់នានាដើម្បីជំរុញ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការវៀតណាម-រុស្ស៊ីកាន់តែស៊ីជម្រៅ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ភាគីទាំងពីរបានអះអាងថា ទំនាក់ទំនងរវាងសភាទាំងពីរបានអភិវឌ្ឍយ៉ាងល្អក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ រដ្ឋសភានៃប្រទេសទាំងពីរបានសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយអនុវត្តយន្តការសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព ជាពិសេសសម័យប្រជុំប្តូរវេនគ្នានៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភា។ ភាគីទាំងពីរបានសម្តែងទំនុកចិត្តថា រដ្ឋសភាទាំងពីរនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងបានសម្តែងទំនុកចិត្តថា ស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរនៅក្នុងនីតិកាលថ្មីនេះនឹងតែងតែប្រកៀស្មាគ្នាជានិច្ច ដោយធ្វើការរួមចំណែកជាក់ស្តែងក្នុងការលើកកម្ពស់ទំនាក់ទំនងវៀតណាម-រុស្ស៊ីនៅក្នុងយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការ។
    |
 |
|
លោក Vyacheslav Volodin ប្រធានឌូម៉ាជាតិ (សភាជាន់ទាប) នៃសហព័ន្ធរុស្ស៊ី ទទួលស្វាគមន៍លោក Pham Minh Chinh នាយករដ្ឋមន្ត្រី |
ប្រធានសភាឌូម៉ាជាតិរុស្ស៊ីបានសង្កត់ធ្ងន់ថា ទោះបីជាមានការអភិវឌ្ឍជាបន្តបន្ទាប់នៃទំនាក់ទំនងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ ភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីនៅតែមានឱកាស និងសក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍបន្ថែមទៀត។ ក្នុងស្មារតីនោះ ភាគីទាំងពីរបានពិភាក្សាយ៉ាងទូលំទូលាយអំពីការបង្កើនដំណើរទស្សនកិច្ចនាពេលខាងមុខ កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរជាតិ និងតំបន់ កិច្ចសហប្រតិបត្តិការពង្រឹងការផ្លាស់ប្តូរបទពិសោធន៍នីតិបញ្ញត្តិ ការត្រួតពិនិត្យ និការសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីស្របតាមផលប្រយោជន៍របស់ភាគីទាំងពីរ។ ប្រធានសភាឌូម៉ាជាតិរុស្ស៊ីបានអះអាងពីការគាំទ្រយ៉ាងមុតមាំរបស់លោកចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ Ninh Thuan 1 នៅប្រទេសវៀតណាម ដោយចាត់ទុកថាវាជាគម្រោងសំខាន់មួយសម្រាប់ការអភិវឌ្ឍថាមពលរបស់វៀតណាម ដែលដាក់គ្រឹះសម្រាប់ការអភិវឌ្ឍគួរឱ្យកត់សម្គាល់នៃសេដ្ឋកិច្ចវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕
បកប្រែដោយ Minh Trung