វៀតណាម និងឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្ត "ការតភ្ជាប់ជាយុទ្ធសាស្ត្រ"
កប.អនឡាញ - នាថ្ងៃទី ២៣ ខែមីនា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ លោក Nguyen Minh Tam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឡាវ និងគណៈប្រតិភូស្ថានទូត បានទៅអបអរសាទរលោក Thongsavanh Phomvihane រដ្ឋមន្ត្រីការបរទេសឡាវ ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
នៅក្នុងជំនួបនេះ លោក Nguyen Minh Tam បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាម គាំទ្រការផ្លាស់ប្ដូរថ្មីរបស់ប្រទេសឡាវ ហើយតែងតែរួមដំណើរ ផ្តល់អាទិភាព និងការគាំទ្រដល់ប្រទេសឡាវ ក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ។
    |
 |
|
លោក Thongsavanh Phomvihane ទទួលជួបលោក Nguyen Minh Tam (រូបថត៖ vnanet.vn) |
លោក Nguyen Minh Tam បញ្ជាក់ថា ស្ថានទូតវៀតណាមប្រចាំឡាវ នឹងបន្តដើរតួនាទីជាស្ពានតភ្ជាប់ និងសម្របសម្រួលការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរ ក៏ដូចជាកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ និងផែនការសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរផងដែរ។
លោក Thongsavanh Phomvihane បានអះអាងថា ក្នុងមុខតំណែងថ្មីរបស់ខ្លួន លោកនឹងបន្តដឹកនាំក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធរបស់ប្រទេសឡាវ ឲ្យអនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព។ លោកសង្ឃឹមថា នាពេលខាងមុខ ក្រសួងការបរទេសវៀតណាម និងស្ថានទូតវៀតណាមប្រចាំនៅឡាវ នឹងបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តកម្មវិធី និងផែនការសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងទាំងពីរប្រកបដោយប្រសិទ្ធភាព និងផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍យ៉ាងសកម្ម ហើយគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីអន្តរជាតិ និងតំបន់៕
បកប្រែដោយ Thuy Anh