* ក្នុងកិច្ចពិភាក្សាជាមួយលោក Mikhail Mishustin នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី ភាគីទាំងពីរបានឯកភាពគ្នាបន្តបង្កើនកិច្ចសន្ទនា ពង្រឹងទំនុកចិត្តខាងនយោបាយ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ បង្កើតមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីគ្រប់ជ្រុងជ្រោយ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពល ប្រេង និងឧស្ម័ន កសិកម្ម គមនាគមន៍និងដឹកជញ្ជូន logistics អប់រំ និងបណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Mikhail Mishustin នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី

ភាគីទាំងពីរបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការលើកតម្កើងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីក្លាយជាវិស័យមុខព្រួញ និងត្រួសត្រាយផ្លូវក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលសហព័ន្ធរុស្ស៊ីជាសមាជិក បើកទីផ្សារបន្ថែមទៀតសម្រាប់មុខទំនិញនាំចេញរបស់គ្នាទៅវិញទៅមក និងបង្កើនសកម្មភាពវិនិយោគទ្វេភាគី។ ភាគីទាំងពីរកត់សម្គាល់នូវសមិទ្ធផលដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការ ថាមពល ប្រេង និងឧស្ម័ន រវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ប្រេង និងឧស្ម័ន គឺជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ និងបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់វិស័យសហប្រតិបត្តិការយុទ្ធសាស្ត្រនេះ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូគម្រោងសហប្រតិបត្តិការសំខាន់ៗ។

ទន្ទឹមនឹងនោះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការសិក្សាស្រាវជ្រាវ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលថ្មី ថាមពលស្អាត និងថាមពលកកើតឡើងវិញនាពេលឆាប់ៗនេះ រួមចំណែកដល់ការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។ មេដឹកនាំទាំងពីរបានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ីស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅលើទឹកដីវៀតណាម ដោយចាត់ទុកនេះជាជំហានដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យថាមពលនុយក្លេអ៊ែរដើម្បីគោលបំណងសន្តិភាព ព្រមទាំងជឿជាក់ថា នេះនឹងក្លាយជាគម្រោងនិមិត្តរូបថ្មីសម្រាប់ចំណងមិត្តភាពរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។

ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យថាមពល ប្រេងនិងឧស្ម័ន គមនាគមន៍និងដឹកជញ្ជូនរវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ដោយហេតុនេះអនុវត្តប្រកបដោយប្រសិទ្ធភាពនូវពិធីសារ និងកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលដែលបានចុះហត្ថលេខារួច រួមចំណែកដល់ការធានាសន្តិសុខថាមពលក្នុងបរិបទបច្ចុប្បន្ន។

នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឲ្យក្លាយជាសសរស្តម្ភថ្មីនៃកិច្ចសហប្រតិបត្តិការ។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើការអនុវត្តកិច្ចព្រមព្រៀងក្នុងកិច្ចសហប្រតិបត្តិការមនុស្សធម៌ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

បន្ទាប់ពីកិច្ចពិភាក្សា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម  និងលោក Mikhail Mishustin នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី បានអញ្ជើញជាសក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅលើទឹកដីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

* ក្នុងជំនួបសវនាការ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធ​រុស្ស៊ី  បានឯកភាពគ្នាថា នាពេលខាងមុខ ចាំបាច់ត្រូវបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ រួមទាំងបណ្តាញសភាផងដែរ  អាស្រ័យហេតុនេះ ​​រួមចំណែកដល់ការពង្រឹងទំនុកចិត្តខាងនយោបាយ និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។

ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តលើកកម្ពស់តួនាទីរបស់សភាទាំងពីរ សម្របសម្រួលគ្នា និងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានរវាងរដ្ឋាភិបាលទាំងពីរក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ថាមពល និងប្រេង និងឧស្ម័ន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់ ការពារជាតិ និងសន្តិសុខ ការបណ្តុះបណ្តាលធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងជំរុញកិច្ចសហប្រតិបត្ដិការក្នុងវិស័យវប្បធម៌ ទេសចរណ៍ ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្ដិការរវាងមូលដ្ឋាននានា។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម  និងលោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធ​រុស្ស៊ី

ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងការសម្របសម្រួលនៅក្នុងវេទិកាសភាពហុភាគី រួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យរដ្ឋសភាសហព័ន្ធរុស្ស៊ី គាំទ្រគោលជំហរ និងទស្សនៈរបស់វៀតណាម រួមជាមួយអាស៊ានក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

* នៅយប់ថ្ងៃទី ២៣ ខែមីនា (ម៉ោងក្នុងតំបន់) លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានទទួលជួបជាមួយលោក Gennady Andreyevich Zyuganov ប្រធានគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី ។

លោក Gennady Andreyevich Zyuganov បានសម្តែងនូវបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមក្នុងការលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការរវាងគណបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី សង្ឃឹមថា បក្សកុម្មុយនិស្តទាំងពីរនៃប្រទេសទាំងពីរនឹងបង្កើនការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យកសាង និងកែតម្រូវបក្ស កសាងអង្គការបក្សដែលស្របទៅនឹងស្ថានភាពនៃប្រទេសនីមួយៗ និងកសាងក្រុមជួរកម្មាភិបាលស្របតាមភារកិច្ចប្រវត្តិសាស្ត្រ... ព្រមទាំងបក្សទាំងពីរគួរតែបង្កើនការផ្លាស់ប្តូរទ្រឹស្តី និងចក្ខុវិស័យតាមរយៈវេទិកា ដោយគោលដៅរួមគឺដើម្បីឯករាជ្យ និងសេរីភាពរបស់ប្រទេសនីមួយៗ នាំមកនូវជីវភាពរស់នៅល្អប្រសើរដល់ប្រជាជន  រួមចំណែកដល់ការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

* នាព្រឹកថ្ងៃទី ២៣ ខែមីនា (ម៉ោងក្នុងតំបន់) នៅទីក្រុងមូស្គូ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមិញក្នុងបរិវេណនៃទីលានហូជីមិញ និងដាក់កម្រងផ្កានៅវិមានយុទ្ធជនពលីដែលជាវិមានរំលឹកវិញ្ញាណក្ខន្ធវីរជនពលីដែលពលីជីវិតក្នុងសង្គ្រាមការពារជាតិដ៏មហិមា។

* នៅយប់ថ្ងៃទី ២៣ ខែមីនា (ម៉ោងក្នុងតំបន់) លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានទទួលជួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន TH True Milk ដែលកំពុងវិនិយោគនៅសហព័ន្ធរុស្ស៊ី។

* មុននេះ នៅយប់ថ្ងៃទី ២២ ខែមីនា (ម៉ោងក្នុងតំបន់) លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូត និងសហគមន៍វៀតណាមដែលរស់នៅក្នុងសហព័ន្ធរុស្ស៊ី៕

បកប្រែដោយ Pham Diep