លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីនៃកិច្ចសន្ទនាជាមួយអង្គភាពអាជីវកម្មជប៉ុន
កប.អនឡាញ - នារសៀលថ្ងៃទី ២១ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានជួបសន្ទនាជាមួយអង្គភាពអាជីវកម្មជប៉ុន។
នេះគឺជាកិច្ចសន្ទនាលើកដំបូងជាមួយអង្គភាពអាជីវកម្មបរទេសរបស់លោកនាយករដ្ឋមន្ត្រីក្នុងឆ្នាំ ២០២៦ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគ ក្នុងស្មារតីដោះស្រាយឧបសគ្គ និងបង្កើនប្រសិទ្ធភាពនៃគម្រោងសហប្រតិបត្តិការ។
នៅក្នុងកិច្ចសន្ទនា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានសម្តែងក្តីសង្ឃឹមថា អង្គភាពអាជីវកម្មជប៉ុន នឹងគាំទ្រវៀតណាមក្នុងការទទួលបានប្រភពវិនិយោគផ្លាស់ប្តូរ ប្រភពហិរញ្ញវត្ថុបៃតង និងប្រកបដោយចីរភាព ដូចជា "សហគមន៍បំភាយឧស្ម័នអាស៊ីសូន្យ" (AZEC) ការវិនិយោគលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅវៀតណាម។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងកិច្ចសន្ទនាជាមួយអង្គភាពអាជីវកម្មជប៉ុន (រូបថត៖ vnanet.vn) |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ “វៀតណាមផ្តល់អាទិភាពដល់ការទាក់ទាញគម្រោងវិនិយោគដែលផ្តោតលើគុណភាព ប្រសិទ្ធភាព បច្ចេកវិទ្យា និងការការពារបរិស្ថានក្នុងវិស័យដូចជា៖ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចំណេះដឹង ជាពិសេសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ គ្រឿងបន្លាស់អេឡិចត្រូនិច យានយន្តអគ្គិសនី... ការផលិតឧបករណ៍អេឡិចត្រូនិក ថាមពលថ្មី (ដូចជាអ៊ីដ្រូសែន) ថាមពលកកើតឡើងវិញ មជ្ឈមណ្ឌលហិរញ្ញវត្ថុ ហិរញ្ញវត្ថុបៃតង ជីវបច្ចេកវិទ្យា សុខាភិបាល កសិកម្មបច្ចេកវិទ្យាខ្ពស់... ទាំងនេះគឺជាវិស័យដែលវិនិយោគិនជប៉ុនមានប្រៀបខ្លាំង។ ខ្ញុំស្នើឱ្យភាគីទាំងពីរបន្តបង្កើនកិច្ចសហប្រតិបត្តិការដើម្បី “ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ អភិវឌ្ឍឧស្សាហកម្មគាំទ្រ និងកសាងកម្លាំងពលករដែលមានជំនាញខ្ពស់” ដោយធានាបាននូវផលិតកម្មដែលមានស្ថេរភាពសម្រាប់ផលប្រយោជន៍របស់ភាគីទាំងពីរក្នុងលក្ខណៈចម្រុះ មានតម្លាភាព និងប្រកបដោយចីរភាព”។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យរដ្ឋាភិបាល និងអង្គភាពអាជីវកម្មជប៉ុនបន្តយកចិត្តទុកដាក់ និងជំរុញការអនុវត្តយ៉ាងឆាប់រហ័សនូវគម្រោងសហប្រតិបត្តិការសំខាន់ៗ ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់។ លោកនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យវិនិយោគិនជប៉ុនបន្តគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀតណាមឱ្យចូលរួមកាន់តែស៊ីជម្រៅ និងជាក់ស្តែងនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ លោកនាយករដ្ឋមន្ត្រីបានសន្យាថានឹងរួមដំណើរជាមួយសហគមន៍ធុរកិច្ច និងវិនិយោគិនជប៉ុន ធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន និងគោលនយោបាយទាក់ទាញការវិនិយោគ។ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវដល់អង្គភាពអាជីវកម្មជប៉ុនឱ្យបន្តជឿទុកចិត្ត និងតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍របស់ខ្លួន និងបន្តចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយវិបុលភាពរបស់ប្រទេសទាំងពីរ៕
បកប្រែដោយ Huyen Trang