តបតាមការអញ្ជើញរបស់ លោក Mikhail Mishustin នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ពីរថ្ងៃទី ២២ ខែមីនា ដល់ថ្ងៃទី ២៥ ខែមីនា។

យោងតាម លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីការបរទេសវៀតណាម ដំណើរទស្សនកិច្ចផ្លូវការរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទៅកាន់សហព័ន្ធរុស្ស៊ី គឺជាជំហានជាក់ស្តែងមួយក្នុងការអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ពហុភាគី និងពិពិធកម្មរបស់វៀតណាម៖ «ដំណើរទស្សនកិច្ចនេះមានអត្ថន័យយ៉ាងទូលំទូលាយ រួមចំណែកដល់ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី ដើម្បីបន្តអភិវឌ្ឍយ៉ាងរឹងមាំ ជាក់ស្តែង មានប្រសិទ្ធភាព និងប្រកបដោយចីរភាពនាពេលអនាគត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។

ភាគីទាំងពីរនឹងផ្លាស់ប្តូរទស្សនៈលើទិសដៅសហប្រតិបត្តិការសំខាន់ៗក្នុងរយៈពេលខាងមុខ រួមទាំងការបើក និងដាក់ឱ្យដំណើរការគម្រោងសហប្រតិបត្តិការជាក់លាក់ដែលបម្រើគោលដៅអភិវឌ្ឍន៍បច្ចុប្បន្នរបស់វៀតណាម ដូចជាថាមពលថ្មី ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន បច្ចេកវិទ្យាខ្ពស់ វិទ្យាសាស្ត្រជីវវេជ្ជសាស្ត្រ ការថែទាំសុខភាព និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់។ ទាំងនេះគឺជាវិស័យដែលរុស្ស៊ីមានឧត្តមភាព និងបទពិសោធន៍។

leftcenterrightdel
លោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់វៀតណាមប្រចាំសហព័ន្ធរុស្ស៊ី (រូបថត៖ PV/VOV-មូស្គូ)

ទន្ទឹមនឹងនេះ លោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហព័ន្ធរុស្ស៊ី បានថ្លែងថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទៅកាន់សហព័ន្ធរុស្ស៊ី នឹងពង្រឹងទំនាក់ទំនងទ្វេភាគី លើកកម្ពស់បន្ថែមទៀតនូវឱកាសសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដូចជាកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ី ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់វៀតណាមនាពេលអនាគត។ ដំណើរទស្សនកិច្ចនេះក៏នឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេសការវិនិយោគ ថាមពល និងប្រេង និងឧស្ម័ន។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួនទាក់ទងនឹងគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ កិច្ចសហប្រតិបត្តិការថាមពល និងប្រេង និងឧស្ម័ន៕

បកប្រែដោយ Duy Hoan