លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី
កប.អនឡាញ - នារសៀលថ្ងៃទី ២២ ខែមីនា (ម៉ោងក្នុងតំបន់) យន្តហោះពិសេសដែលដឹកលោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែមីនា តបតាមការអញ្ជើញរបស់លោក Mikhail Mishustin នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី។
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ទៅកាន់សហព័ន្ធរុស្ស៊ី ក្នុងឆ្នាំ ២០២៦ ដែលជាការចាប់ផ្តើមនៃព្រឹត្តិការណ៍សំខាន់ៗ និងការជួបជុំកម្រិតខ្ពស់ជាបន្តបន្ទាប់។
ចំណុចសំខាន់នៃដំណើរទស្សនកិច្ចលើកនេះគឺដើម្បីពង្រឹងទំនាក់ទំនងរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី ជាពិសេសក្នុងទំនាក់ទំនងនយោបាយ និងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាពិសេសក្នុងការវិនិយោគ ថាមពល ប្រេង និងឧស្ម័ន។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី |
ដោយប្រព្រឹត្តទៅក្នុងបរិបទសន្តិសុខថាមពលពិភពលោកកំពុងប្រឈមមុខនឹងការលំបាកដោយសារជម្លោះនៅមជ្ឈិមបូព៌ា ដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី រួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដោយដាក់គ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗជាច្រើន និងបង្កើតរបកគំហើញក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍ។ ភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗ។ ក្នុងនោះ ភាគីទាំងពីរនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យថាមពល ជាពិសេសថាមពលនុយក្លេអ៊ែរ ប្រេង និងឧស្ម័ន។
ដំណើរទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៊ីរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ប្រទេសទាំងពីរចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក៕
បកប្រែដោយ Huyen Trang