បង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-សហភាពអឺរ៉ុប
កប.អនឡាញ - នៅថ្ងៃទី ២៤ ខែមីនា លោក Le Hoai Trung សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបពិភាក្សាជាមួយលោក Jozef Síkela ឧត្តមស្នងការទទួលបន្ទុកទំនាក់ទំនងភាពជាដៃគូអន្តរជាតិរបស់សហភាពអឺរ៉ុប (EU) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម និងជាសហប្រធានវេទិកាធុរកិច្ច និងវិនិយោគច្រកទ្វារសកលវៀតណាម-សហភាពអឺរ៉ុប (GGBIF)។
ក្នុងកិច្ចពិភាក្សា លោក Le Hoai Trung បានស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជម្រុញកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារសហប្រតិបត្តិការ ជាពិសេសសសរស្តម្ភថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
    |
 |
|
លោក Le Hoai Trung ជួបពិភាក្សាជាមួយលោក Jozef Síkela (រូបថត៖ baoquocte.vn) |
លោករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោកបានអំពាវនាវឲ្យ EU ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ឲ្យបានឆាប់ដក "កាតលឿង" IUU ចំពោះជលផលវៀតណាម។
លោក Jozef Síkela បញ្ជាក់ថា EU នឹងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធរបស់វៀតណាមដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសសរស្តម្ភថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើម "ច្រកទ្វារសកល" - Global Gateway បង្កើនការកៀរគរធនធានហិរញ្ញវត្ថុ ជាពិសេសហិរញ្ញវត្ថុបៃតង ព្រមទាំងបង្កើនការផ្ទេរបច្ចេកវិទ្យា និងឧតប្ថម្ភបច្ចេកទេសដើម្បីជួយវៀតណាមសម្រេចបាននូវគោលដៅអភិវឌ្ឍន៍រយៈពេលវែង និងសហការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ EVFTA។ល។
ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ហើយសហការយ៉ាងជិតស្និទ្ធ និងពង្រីកតួនាទីស្ពានតភ្ជាប់របស់វៀតណាមដើម្បីជម្រុញឲ្យទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុបកាន់តែស៊ីជម្រៅបន្ថែមទៀត។
* នៅថ្ងៃដដែលនោះ លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រី បានជួបជាមួយលោក Jozef Síkela។
ក្នុងជំនួបលោក Ho Duc Phoc បានវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកា GGBIF លើកដំបូងនៅប្រទេសវៀតណាម ដោយចាត់ទុកថា នេះជាជំហានជាក់ស្តែងក្នុងការអនុវត្តក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហភាពអឺរ៉ុប ដែលត្រូវបានបង្កើតឡើងក្នុងខែមករា ឆ្នាំ២០២៦។
    |
 |
|
លោក Ho Duc Phoc លោក Jozef Síkela និងប្រតិភូដែលចូលរួមវេទិកា GGBIF (រូបថត៖ vnanet.vn) |
លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យលោក Jozef Síkela យកចិត្តទុកដាក់ និងសហការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងនានាក្នុងក្របខ័ណ្ឌ Global Gateway នៅប្រទេសវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងការលើកទឹកចិត្តធុរកិច្ច EU វិនិយោគលើគម្រោងធំៗនៅក្នុងប្រទេសវៀតណាម ក្នុងនោះការវិនិយោគនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដែលទើបនឹងបានបង្កើតថ្មីនៅទីក្រុងហូជីមិញ និងទីក្រុង Da Nang។
លោក Jozef Síkela បញ្ជាក់ថា EU ចាត់ទុកវៀតណាមជាដៃគូអាទិភាពកំពូលនៅក្នុងអាស៊ាន។ ភាគីទាំងពីរគប្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរថាមពល និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីបម្រើដល់សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល។ល៕
បកប្រែដោយ Thuy Anh